រថយន្ត
អន្តរជាតិ
ស្ត្រី​ឥណ្ឌាម្នាក់​សាក​រថយន្ត​ដែល​ខ្លួន​ចង់​ទិញ តែ​ជ្រុល​ចង្កូត​បុក​កញ្ចក់​ហើយ​ធ្លាយ​ទៅ​ក្រៅ​
25, Feb 2019 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ម្នាក់​បាន​ទៅ​ទីតាំង​លក់​រថយន្ត​មួយកន្លែង​នៅ​ក្រុង Mandi រដ្ឋ Himachal Pradesh ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​។ ស្ត្រី​នោះ ចាប់អារម្មណ៍​ចង់​ទិញ​រថយន្ត​មួយ ប៉ុន្តែ​គាត់​បែរជា​ត្រូវ​ទូទាត់​លុយ​លើ​តម្លៃ​កញ្ចក់​ដែល​គាត់​បាន​បើក​បុក​ទៅវិញ​។​

 
​ការផ្សាយ​របស់ Gaadi Waadi ដោយ​តាម​រូបភាព​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញថា ស្ត្រី​រូបនេះ ចាប់អារម្មណ៍​រថយន្ត​មួយគ្រឿង ហើយ​គាត់​បាន​ចូល​អង្គុយ និង​បញ្ឆេះ​ម៉ាស៊ីន​សាកល្បង​។ ពេលនោះ ស្រាប់តែ​គាត់​ច្រឡំ​ជាន់​ហ្គ្រែ​រ បណ្តាល​ឲ្យ​រថយន្ត​ជ្រុល​ទៅបុក​កញ្ចក់​ធ្លាយ​ទៅខាង​ក្រៅ ហើយ​បន្ត​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​នៅ​ចត​ខាងក្រៅ​។​

 
 
​តាម​រូបភាព​វីដេអូ មនុស្ស​ជាច្រើន​នាក់ បានគេច​ផុតពី​គ្រោះថ្នាក់​ដ៏​មិន​នឹកស្មាន​ដល់​នេះ​។ សារព័ត៌មាន​ឥណ្ឌា បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ស្ត្រី​រូបនោះ ត្រូវ​ចំណាយលុយ​សងកា​រ​ខូចខាត​អស់​ជិត​៧០០០​ដុល្លារ​អាមេរិក ដោយ​ជិត​ស្មើ​ពាក់កណ្តាល​នឹង​តម្លៃ​រថយន្ត​ដែល​ខ្លួន​ចង់​ទិញ​។​
 
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​បានលើកឡើង​ថា ការលើកកម្ពស់​ស្ត្រី​ក្នុង​ការបើក​បរជា​រឿង​សំខាន់ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងនេះទៀត ម្ចាស់​ហាង​រថយន្ត​គួរតែ​សួរ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទៅកាន់​អតិថិជន​របស់ខ្លួន​ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការបើកបរ​របស់​ពួកគេ ដើម្បី​ជៀសវាង​រឿងរ៉ាវ​បែបនេះ​កើតឡើង​៕

© រក្សាសិទ្ធិដោយ thmeythmey.com