អន្តរជាតិ
នយោបាយអន្តរជាតិ
លោក គីម ជុងអ៊ុន ទៅដល់វៀតណាមហើយ ក្រោយធ្វើដំណើរអស់បីយប់
× ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅដល់ទឹកដីវៀតណាមហើយនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នេះ ដើម្បីចូលរូមជំនួបកំពូលលើកទីពីរជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈ នៅរដ្ឋធានីហាណូយ។ លោក គីម បានចាកចេញពីរដ្ឋធានីព្យុងយ៉ាងនៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ហើយធ្វើដំណើរតាមរថភ្លើងឆ្លងកាត់ទឹកដីចិនផងដែរ។
រថភ្លើងពិសេសពាសដែកការពារគ្រាប់ដែលដឹកលោក គីម ជុងអ៊ុន ប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង បានទៅដល់ស្ថានីយ៍រថភ្លើង Dong Dang នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ បន្ទាប់ពីធ្វើដំណើរទាំងយប់ទាំងថ្ងៃជាង៥០ម៉ោង។ វៀតណាមដែលជាម្ចាស់ផ្ទះ បានពង្រឹងសន្តិសុខយ៉ាងតឹងរ៉ឹងបំផុតទាំងកន្លែងរថភ្លើងលោក គីម ទៅដល់ និងតាមផ្លូវឆ្ពោះទៅកាន់រដ្ឋធានីហាណូយ។
ក្រោយចុះពីរថភ្លើងភ្លាម មេដឹកនាំកូរ៉េខាងជើងក៏បន្តឡើងជិះរថយន្តពិសេសរបស់ខ្លួនក្នុងដំណើរជាងមួយរយគីឡូម៉ែត្រទៀតទៅកាន់ហាណូយ ជាទីដែលលោកត្រូវជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំនួនពីរថ្ងៃ ដើម្បីចរចារឿងរំសាយនុយក្លេអ៊ែរ។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង លោក គីម យ៉ុងឈុល មនុស្សជំនិត និងលោកស្រី គីម យ៉ូចុង ជាប្អូនស្រីរបស់លោក គីម ក៏ធ្វើដំណើរជាមួយដែរ។
ចំណែកលោក ត្រាំ វិញ ក៏កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅកាន់វៀតណាមដែរ។ ប្រធានាធិបតីអាមេរិកបានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២៥ ខែកុម្ភៈ ហើយរំពឹងថា ទៅដល់ហាណូយនៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ។ រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ ទៅដល់ទឹកដីវៀតណាមរួចហើយ។
ជំនួបលើកទីពីររវាងលោក ត្រាំ និងលោក គីម នឹងចាប់ផ្ដើមនៅថ្ងៃទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ មុននឹងទទួលទានអាហារពេលល្ងាចរួមគ្នា។ នៅថ្ងៃទី២៨ ខែកុម្ភៈ មេដឹកនាំទាំងពីរនឹងមានជំនួបចរចាទ្រង់ទ្រាយធំដើម្បីស្វែងរកដំណោះស្រាយលើសំណុំរឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលជាប់គាំង៕
Tag:
កូរ៉េខាងជើង
វៀតណាម
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com