ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ស្នើ​ឲ្យ​អាស៊ាន​រួមគ្នា​លុបបំបាត់​របាំង​មិនមែន​ពន្ធគយ​
26, Feb 2019 , 7:19 pm        
រូបភាព
លោក ប៉ាន សូរស័ក្ដិ រដ្ឋន្រ្តីក្រសួងពាណិជ្ជកម្ម
លោក ប៉ាន សូរស័ក្ដិ រដ្ឋន្រ្តីក្រសួងពាណិជ្ជកម្ម
ដោយ:
​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន ត្រូវ​សហការគ្នា​កាត់បន្ថយ ឬ​លុបបំបាត់​របាំង​មិនមែន​ពន្ធគយ ដើម្បី​ជំរុញ​កំណើន​ដោះដូរ​ពាណិជ្ជកម្ម​របស់​តំបន់​បន្ថែមទៀត​។ ការ​ថ្លែង​របស់លោក ប៉ាន សូរ​ស័ក្ដិ ធ្វើឡើង​ក្នុង​វេទិកា​ពិភាក្សា​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​លើក​ទី​៤ ដែល​ប្រព្រឹត្តទៅ​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣​ខែកុម្ភៈ​នៅ​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា​។​


 
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​កម្ពុជា បាន​ថ្លែង​ដូច្នេះ​ថា​«​បើទោះបីជា​មានការ​កាត់បន្ថយ​របាំង​មិនមែន​ពន្ធគយ​កន្លងមក​ក្ដី  តែ​ក៏​នៅមាន​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ត្រូវបាន​សង្កេតឃើញថា​បាន​បន្ត​ដាក់​របាំង​មិនមែន​ពន្ធគយ​ដូចជា  ភូតគាម​អនាម័យ និង​របាំង​បច្ចេកទេស (TBT) ដែល​ទាំងនេះ​រារាំង​ការធ្វើ​ពាណិជ្ជកម្ម ជាពិសេស​សម្រាប់​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​ដូចជា កម្ពុជា ឡាវ និង​មី​យ៉ាន​ម៉ា​»​។​
 
​ដើម្បី​ពង្រីក​កំណើន​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ដៃគូ​របស់​អាស៊ាន ឲ្យ​កាន់​តែមាន​ទំហំ​ធំ លោក ប៉ាន សូរ​ស័ក្ដិ បាន​គូសបញ្ជាក់ថា គ្រប់​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ គួរ​យកចិត្តទុកដាក់​ពង្រឹង​កិច្ចសហការ​កាត់បន្ថយ ឬ​លប់បំបាត់​របាំង​មិនមែន​ពន្ធគយ ក៏ដូចជា​កិច្ច​សម្រួល​ពាណិជ្ជកម្ម លំហូរ​ព័ត៌មាន សុខដុម​នីយកម្ម និង​ការទទួលស្គាល់​កម្រិតស្ដង់ដា​រ​គ្នា​ទៅវិញទៅមក​។ 
 
​ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ខាងលើនេះ គឺ​ស្របគ្នា​នឹង​កង្វល់​របស់​វិស័យ​ឯកជន ដែរ​។ ផ្នែក​ឯកជន កន្លងមក ត្អូញត្អែរ​ពី​ផល​លំបាក​ពេល​នាំចេញ ពិសេស​ផលិត​កសិកម្ម​ទៅកាន់​ប្រទេសជិតខាង មាន​ជាអាទិ៍​ប្រទេស ក្នុង​រដូវ​ដែល​ប្រទេស​គេ​ផលិត​បានដែរ​។ អាជ្ញាធរ​របស់​ប្រទេស​ថៃ លើក​ហេតុផល​បច្ចេកទេស​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ខ្មែរ​មិនអាច​នាំចេញ​ផលិតផល​ខ្លួន​ទៅ​ថៃ​បាន​។​
 
​ជាមួយគ្នានេះ​លោក ប៉ាន សូរ​ស័ក្ដិ អះអាងថា​កម្ពុជា​បានធ្វើ​កំណែទម្រង់​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​សំខាន់ៗ​ជាច្រើន​ដូចជា យន្តការ​សម្រួល​ច្រកចេញចូល​តែមួយ ការចុះបញ្ជី​ពាណិជ្ជកម្ម និង​ម៉ាក​សញ្ញា​តាម​អន​ឡាញ ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ CO តាម​អន​ឡាញ ព្រមទាំង​ការសម្រួល​នីតិវិធី​បញ្ចេញ​ទំនិញ និង​កាប់​បន្ថយថ្លៃ​ចំណាយ​ផ្សេងៗ​នៅ​ច្រកព្រំដែន ជាដើម​៕

Tag:
 របាំង​មិនមែន​ពន្ធគយ​
  លោក ប៉ាន សូរ​ស័ក្ដិ​
© រក្សាសិទ្ធិដោយ thmeythmey.com