ជាតិ
World Bank នឹងអនុវត្តគម្រោងបង្កើនភាពធន់នឹងអាកាសធាតុ នៅខេត្តព្រៃវែង ស្វាយរៀង និងតាកែវ លោកស្រី Anjali Acharya មន្ត្រីជាន់ខ្ពស់របស់ធនាគារពិភពលោក ទទួលបន្ទុកបរិស្ថាន ជួបពិភាក្សាការងារជាមួយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង
× ភ្នំពេញ៖ ធានាគារពិភពលោក(World Bank) នឹងអនុវត្តគម្រោងស្ដីពីការបង្កើននូវភាពធន់នឹងអាកាសធាតុនៅខេត្តចំនួន៣ ក្នុងប្រទេសកម្ពុជា ដែលជាប់ព្រំដែនប្រទេសវៀតណាម ដើម្បីធានានូវនិរន្តរភាពលើតំបន់អាងទន្លេមេគង្គក្រោម។ គម្រោងអនុវត្តនេះ បានបង្ហាញឡើងក្នុងជំនួបរវាងលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជាមួយលោកស្រី Anjali Acharya មន្ត្រីជាន់ខ្ពស់របស់ធនាគារពិភពលោកទទួលបន្ទុកបរិស្ថាន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកស្រី Acharya បាននិយាយថា World Bank បានចាប់ផ្តើមអនុវត្តមួយជំហានហើយ នៅបណ្តាខេត្តមួយចំនួនក្នុងប្រទេសវៀតណាម ដែលជាប់ជាមួយព្រំដែនកម្ពុជា ក្នុងទំហំទឹកប្រាក់ ៤០លានដុល្លារ ។ ស្របពេលដែលគម្រោងស្ដីពីការបង្កើននូវភាពធននិងអាកាសធាតុ នឹងត្រូវអនុវត្តក្នុងប្រទេសកម្ពុជាដែរនោះ World Bank ត្រៀមផ្ដល់ថវិកាដល់កម្ពុជា ដូចនឹងប្រទេសវៀតណាមដែរ ដោយបូកបន្ថែមនឹងតម្រូវការជាក់ស្ដែងមួយចំនួនទៀត ក្នុងពេលអនុវត្តគម្រោង តាមរូបមន្ត Demand Driven ។
មន្ត្រីជាន់ខ្ពស់ធនាគារពិភពលោករូបនេះ បានបញ្ជាក់ថា ការអនុវត្តគម្រោងខាងលើ គឺក្នុងបំណងចាប់យកទឹកពីអាងទន្លេមេគង្គក្រោម មកប្រើប្រាស់ឲ្យបានសមស្របប្រកបដោយចីរភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់ ក្នុងពេលដែលភពផែនដី កំពុងឡើងកម្ដៅកាន់តែខ្លាំងឡើងៗ ក្រោមបាតុភូត Elnio ហើយវាជាការផ្ដល់អាទិភាពមួយ សម្រាប់បណ្តាខេត្តដែលនៅជាប់នឹងព្រំដែនកម្ពុជា-វៀតណាមទៀតផង។ បើតាមលោកស្រី Acharya គម្រោងបង្កើននូវភាពធន់និងអាកាសធាតុ នឹងអនុវត្តនៅខេត្តព្រៃវែង ស្វាយរៀង និងខេត្តតាកែវ ដែលជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម។
បច្ចុប្បន្នកម្ពុជា អាចមានលទ្ធភាពទាញយកទឹកមកប្រើប្រាស់ក្នុងខេត្តព្រៃវែង ស្វាយរៀង និងតាកែវ តាមរយៈប្រព័ន្ធធារាសាស្ត្រ ដូចជាប្រព័ន្ធធារាសាស្ត្រកីចក ,ប្រព័ន្ធធារាសាស្ត្រវៃកូ ,ប្រព័ន្ធធារាសាស្ត្រតាដុកព្រៃញាតិ និងប្រព័ន្ធធារាសាស្ត្រប្រឡាយលេខ៩៨ ដែលជាប្រព័ន្ធធារាសាស្ត្រខ្នាតធំ ក្នុងប្រទេស។ នេះបើតាមលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម៕
Tag:
អាកាសធាតុ
World Bank
© រក្សាសិទ្ធិដោយ thmeythmey.com