អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ មកដល់ហាណូយ ត្រៀមជួបចរចាជាមួយលោក គីម ស្អែក
26, Feb 2019 , 9:31 pm        
រូបភាព
រូបភាព៖ Global Times
រូបភាព៖ Global Times
ដោយ: ថ្មីៗ
 ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ អញ្ជើញ​មកដល់​ក្រុង​ហាណូយ ប្រទេស​វៀតណាម​ហើយ​នៅ​យប់​ថ្ងៃ ២៦ ខែកុម្ភៈ​ដើម្បី​ត្រៀម​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​ ជាថ្មី​នៅ​ថ្ងៃស្អែក​។ ជំនួប​ពិសេសជាលើកទីពីរនេះ​នឹង​ផ្តោត​សំខាន់​លើ​កិច្ចការ​បន្ទាប់​ដើម្បី​ឈានទៅ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។ 


យន្តហោះ Air Force One របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះចតនៅព្រលានយន្តហោះ​ក្រុងហាណូយនៅយប់ថ្ងៃអង្គារ ដើម្បីមកចូលរួម​ប្រជុំពិសេសជាលើកទីពីរ​ជាមួយមេដឹកនាំកំពូល​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ក្នុងគោលដៅចម្បង​ដើម្បីរំសាយ​អាវុធនុយក្លេអ៊ែរកូរ៉េ។ 

តាមពិតទៅ លោក ត្រាំ អញ្ជើញមកដល់ក្រុងហាណូយ ប្រហែលជាង ១០ ម៉ោងក្រោយមេដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម  ជុងអ៊ុន មកដល់វៀតណាមតាមរយៈរថភ្លើង​ពាសដែក​ដែលធ្វើដំណើរពីព្យុងយ៉ាង​ អស់​រយៈពេលប្រហែលបីយប់។ 

ថ្វី​បើជំនួបមិនទាន់ចាប់​ផ្តើមជាផ្លូវការក្តី មេដឹកនាំអាមេរិកបានបង្ហាញសុទិដ្ឋនិយមខ្ពស់ចំពោះការជួបពិភាក្សាគ្នាជា​ថ្មី​ជាមួយមេដឹកនាំ​កូរ៉េខាងជើង។ មុនចាក​ចេញពីសហរដ្ឋអាមេរិក លោក ត្រាំ បានសរសេរបង្ហោះតាម​គណនី Twitter ផ្លូវការរបស់ខ្លួនថា លោក រំពឹងរង់ចាំជំនួបកំពូលប្រកបដោយផ្លែផ្កាផងដែរ។

ជុំវិញ​ដំណើរការនៃកិច្ចប្រជុំនេះដែរ មានការព្យាករជាមុន​ថា មេដឹកនាំអាមេរិក និងកូរ៉េខាងជើងនឹងអាចឈានដល់ការឯកភាពគ្នាផងដែរដើ​ម្បី​ប្រកាសបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ និងបើកផ្លូវសម្រាប់ការស្តារចំណងការទូតថែមទៀត។ ជាថ្នូរមកវិញ ក្រុង​វ៉ាស៊ីនតោនក៏ប្រហែលជានឹងឈានទៅ​ជំរុញឲ្យអង្គការសហប្រជាជាតិ​លើកលែងទណ្ឌកម្មមួយចំនួន​ប្រឆាំងក្រុង​ព្យុងយ៉ាង​ដែរ​ ដែលវាអាចអនុញ្ញាតឲ្យរបបដឹកនាំលោក គីម អាចចាប់ផ្តើមគម្រោងសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូង​ឡើងវិញផង។ 

យ៉ាងណាក៏ដោយ​ ​មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិក រួមទាំងលោក ត្រាំ ផង បានប្រកាស​ពេញៗមាត់ថា គ្មានឡើយការបន្ធូរបន្ថយ​ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។ ការបន្ធូរបន្ថយ ឬដកទណ្ឌកម្មអាចធ្វើ​ទៅបានដរាបណា​ កូរ៉េខាងជើងរំសាយអាវុធ​នុយក្លេអ៊ែរទាំងស្រុង និងជាអចិន្ត្រៃយ៍សិន។ ប៉ុន្តែអ្វីដែលគួរឲ្យ​កត់សម្គាល់ថ្មីៗនេះ លោក ត្រាំ ស្រាប់តែប្រកាសថា លោក មិនប្រញាប់ឲ្យកូរ៉េខាងជើង​រំសាយអាវុធពេកទេ ដរាបណាគ្មានការ​សាកល្បងអាវុធជាថ្មីទៀត។

ទុករឿងចរចាមួយឡែកសិន ហើយងាកទៅមើលការរៀបចំកិច្ចប្រជុំនេះវិញម្តង។ មានរឿងរញ៉េរញ៉ៃកើតឡើង​ខ្លះដែរ ជុំវិញការរៀបចំនេះ ដ្បិតថា វៀតណាមមានពេលវេលា​ត្រឹម ១០ថ្ងៃប៉ុណ្ណោះក្នុងការរៀបចំគ្រប់យ៉ាងសម្រាប់កិច្ចប្រជុំពិសេសនេះ។ ទីភ្នាក់ងារព័ត៌មាន AP ផ្សាយថា បញ្ហាដែលកើតឡើងមានដូចជា អ្នកកាសែតសេតវិមានត្រូវប្តូរសណ្ឋាគារស្នាក់នៅបន្ទាន់បង្ខំ​បន្ទាប់ពីលោក គីម ជុងអ៊ុន អញ្ជើញមកដល់ ហាណូយ រួមជាមួយដំណើរស្សនា​ទីក្រុងហាណូយ របស់លោក គីម ដោយមាន​វត្តមានប្រជាជនវៀតណាមឈរណែនណាន់តាមដងផ្លូវ​ដើម្បីចាំមើល និងស្វាគមន៍ផង៕ 


© រក្សាសិទ្ធិដោយ thmeythmey.com