ជាតិ
សេដ្ឋកិច្ច
កម្ពុជា-វៀតណាមមានទំហំពាណិជ្ជកម្ម៤,៧ពាន់លានដុល្លារឆ្នាំ២០១៨ និងប្រឹងឲ្យសម្រេច ៥ពាន់លាន
× ភ្នំពេញ៖ បើតាមសេចក្ដីថ្លែងការណ៍រួមនៃលទ្ធផលដំណើទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមនៅកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម បានឈានដល់ ៤,៧ពាន់លានដុល្លារនៅឆ្នាំ២០១៨ ហើយភាគីទាំងពីរនឹងប្រឹងប្រែងពង្រីកទំហំនេះឲ្យសម្រេចបាន ៥ពាន់លានដុល្លារ ដូចដែលទិសដៅបានដាក់ចេញក្នុងពេលកន្លងមក។
ចំណុចទី៥នៃសេចក្ដីថ្លែងការណ៍រួមនេះ បានគូសបញ្ជាក់ដូច្នេះថា៖«ភាគីទាំងពីរបានឯកភាពចាត់វិធានការនានាដើម្បីកែលម្អបរិយាកាសវិនិយោគ ខិតខំជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបាន ៥ពាន់លានដុល្លារក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៨ សម្រេចបាន ៤,៧ពាន់លានដុល្លារ និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់គុណភាពអប់រំ បណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស»។
សេចក្ដីថ្លែងការណ៍បន្ថែមថា ភាគីទាំងពីរនឹងសម្រួលដល់ការបង្កើតក្របខ័ណ្ឌច្បាប់ សម្រាបកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្ដល់អាទិភាពដល់ការតភ្ជាប់សេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាពល ទូរគមនាគមន៍ ទេសចរណ៍នៃប្រទេសទាំងពីរ។
កន្លងមករដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានដាក់ទិសដៅទំហំដោះដូរពាណិជ្ជកម្មចំនួន ៥ពាន់លានដុល្លារនៅឆ្នាំ២០២០ ។ តែទំហំពាណិជ្ជកម្មដែលធ្វើបានកន្លងមក គឺវៀតណាមក្ដោបក្ដាប់ចំណែកធំជាងកម្ពុជា។ សេចក្ដីថ្លែងការណ៍ខាងលើមិនបានលម្អិតពីទឹកប្រាក់នាំចេញ-ចូលរបស់ភាគីម្ខាងៗនោះទេ។
តែបើតាមទិន្នន័យរយៈពេល ១០ខែនៃឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធដារវៀតណាម បានបង្ហាញថា វៀតណាមនាំចូលកម្ពុជាស្មើនឹង ៧៣ភាគរយនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុប។
អំឡុងពេល ១០ខែនោះ ទំហំពាណិជ្ជកម្មនេះមានចំនួនត្រឹម ៣,០៦ ពាន់លានដុល្លារ ដែលកើន ៣៦ភាគរយ។ កាសែតភ្នំពេញប៉ុស្ដិ៍ដែលបានផ្សាយតួលេខនេះបានលម្អិតបន្ថែមថា វៀតណាមបាននាំចូលផលិតផលដែលសំខាន់ៗរួមមាន ដែកថែប ប្រេង ផលិតផលវាយនភណ្ឌ ស្បែកជើង សម្លៀកបំពាក់។
កម្ពុជានាំចេញទៅវៀតណាមវិញភាគច្រើនជាផលិតផលកសិកម្មមិនទាន់កែច្នៃ ដែលរួមមានស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ។
Tag:
ពាណិជ្ជកម្មកម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com