ជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទ ប្រាប់ឲ្យមន្ត្រីជំនាញចុះពិនិត្យមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់
× ភ្នំពេញ៖ ដើម្បីកាត់បន្ថយការខ្វះខាតទឹកប្រើប្រាស់ ដោយសារគ្រោះរាំងស្ងួត ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញវិធានការណែនាំសំខាន់ចំនួន ៤ចំណុច ដល់ស្ថាប័នពាក់ព័ន្ធក្នុងរាជធានី-ខេត្តទាំងអស់ ឲ្យអប់រំ និងផ្សព្វផ្សាយដល់ពលរដ្ឋ ពីបញ្ហាខ្វះខាតទឹកប្រើប្រាស់។ នេះបើតាមក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឆ្នាំ២០១៩នេះ កម្ពុជា នឹងទទួលរងដោយប្រយោលនូវឥទ្ធិពលនៃបាតុភូត El Nino ដែលបង្កឲ្យសីតុណ្ហភាពកម្ពុជា ហក់ឡើងដល់៤០អង្សាសេ។ ដើម្បីដោះស្រាយបញ្ហាគ្រោះរាំងស្ងួតនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ប្រធាននាយកដ្ឋានជំនាញ និងប្រធានមន្ទីររាជធានីខេត្ត ត្រូវចុះពិនិត្យមើលអណ្ដូង, ស្រះទឹក និងរកវិធីដោះស្រាយបញ្ហានៅពេលដែលអណ្ដូងខូច និងស្រះរីងស្ងួត។
បន្ថែមពីនេះប្រធាននាយកដ្ឋានជំនាញ និងប្រធានមន្ទីររាជធានី-ខេត្ត ត្រូវណែនាំ និងអប់រំផ្សព្វផ្សាយដល់ពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយរងគ្រោះ ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការថែរក្សាទឹក និងប្រើប្រាស់ដោយសន្សំសំចៃ។
ជាមួយគ្នានេះ មន្ត្រីជំនាញត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍ ដើម្បីឆ្លើយតបនៅបញ្ហាដែលពលរដ្ឋកំពុងខ្វះខាតទឹកប្រើប្រាស់។ បន្ថែមលើនេះ ប្រធាននាយកដ្ឋានជំនាញ និងប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ ត្រូវធ្វើរបាយការណ៍ និងរាយការណ៍មកក្រសួងជាប្រចាំ ដើម្បីចេញវិធានការជាបន្ទាន់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៧ មករាកន្លងទៅ រដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ ស្ដីពីការចាត់វិធានការថែរក្សាទឹកទុកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com