អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ប្រាយុទ្ធ ប្រកែកមិនចូលរួមវេទិកាតស៊ូមតិជាមួយអ្នកនយោបាយថៃដទៃទៀត នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
× នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានបដិសេធចំពោះការកោះហៅរបស់អ្នកនយោបាយផ្សេងទៀតឲ្យលោកចូលរួម ក្នុងវេទិកាជជែកតស៊ូមតិស្តីពីគោលនយោបាយរបស់គណបក្សដែលរួមការបោះឆ្នោតខែក្រោយ។ លោកលើកហេតុផលថា មានការងារវល់ច្រើននិងមិនចង់ខ្ជះខ្ជាយពេលវេលា។ យ៉ាងណាមិញ អ្នកនយោបាយមួយចំនួន និយាយថា ពួកគេហាក់មិនភ្ញាក់ផ្អើលចំពោះរឿងនេះឡើយ ដ្បិតលោកប្រាយុទ្ធមិនហ៊ានប្រឈមមុខនឹងសំណួររបស់ពួកគេ។
ថ្លែងនៅក្រោយជំនួបគណៈរដ្ឋមន្ត្រីថៃនៅថ្ងៃអង្គារទី២៦ ខែកុម្ភៈ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចានិយាយថា លោកពុំមើលឃើញថា វាជារឿងចាំបាច់ដែលលោកត្រូវចូលរួមក្នុងវេទិកាតស៊ូមតិនោះទេ។ នាយករដ្ឋមន្ត្រីរូបនេះ អះអាងថា លោកមិនខ្លាចញញើតចំពោះការប្រឈមមុខជាមួយការសួរដេញដោលពីសំណាក់អ្នកនយោបាយដ៏ទៃទៀតនោះដែរ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post មេដឹកនាំរបបសឹករូបនេះ គូសបញ្ជាក់ថា អ អ្នកនយោបាយភាគច្រើនប្រើប្រាស់វេទិកាសួរដេញដោលនេះ ដើម្បីសួរបំបាក់គូប្រជែងរបស់ខ្លួន ដោយមិនព្រមលើកបញ្ហាប្រឈមចម្បងរបស់ជាតិមកពិភាក្សាឡើយ។ លោកមិនខឹងហើយក៏មិនខ្លាចអ្នកណាដែលចង់ផ្ចាញ់ផ្ចាលលោកឡើយ ដ្បិតលោកមានកិច្ចការជាច្រើនដែលត្រូវបំពេញ។
«ប្រសិនបើអ្នកចង់ដឹងពីទស្សនវិស័យខ្ញុំ ខ្ញុំមានរួចហើយ។ នោះគឺ ស្ថិរភាព ភាពរីកចម្រើន និងភាពរឹងមាំ ក្រោមគោលការណ៍សេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពរបស់ស្តេចរាមាទី៩។ ហើយនេះគឺជាទស្សនវិស័យខ្ញុំ»។ លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធអះអាងបែបនេះ។
ទន្ទឹមនឹងគ្នានេះ ប្រធាននៃក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ថៃ (NCPO) រូបនេះ លើកឡើងថា អំឡុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានអនុវត្តកំណែទម្រង់លើវិស័យសំខាន់ៗមួយចំនួន រួមបញ្ចូលទាំងរឿងសំខាន់ៗក្នុងរបៀបវារៈជាតិផងដែរ។ តួយ៉ាងរដ្ឋាភិបាលបានបង្កើតយុទ្ធសាស្ត្រជាតិរយៈពេល២០ឆ្នាំ និងផែនការមេសំខាន់ៗដ៏ទៃទៀតផងដែរ។ «តើនេះមិនមែនជាទស្សនវិស័យរបស់ខ្ញុំទេឬ»។ លោកប្រាយុទ្ធចោទសួរបែបនេះ។
ជាការឆ្លើយតបទៅនឹងការបដិសេធមិនចូលរួមក្នុងវេទិកាតស៊ូមតិ ប្រធានទទួលបន្ទុកផ្នែកយុទ្ធសាស្ត្ររបស់គណបក្សរក្សាជាតិថៃ លោក Chaturon Chaisang និយាយថា លោកមិនភ្ញាក់ផ្អើលចំពោះរឿងនេះឡើយ។ អ្នកនយោបាយរូបនេះអះអាងថា ឧត្តមសេនីយ៍ ប្រាយុទ្ធ មិនមានភាពក្លាហានតទល់នឹងសំណួររបស់អ្នកនយោបាយដ៏ទៃទៀត ខណៈដែលលោកចង់កេងចំណេញប្រយោជន៍ពីគណបក្សផ្សេង ដោយវាយប្រហារគោលនយោបាយរបស់ពួកគេតែម្ខាងប៉ុណ្ណោះ។
បើតាម Bangkok Post ដដែល លោកស្រី Ladawan Wongsriwong អ្នកនាំពាក្យនៃគណបក្សភឿនិយាយថា ប្រជាជននឹងបាត់បង់ឱកាសស្តាប់ការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រីទាក់ទិននឹងទស្សនវិស័យលោកសម្រាប់អនាគតរបស់ប្រទេសជាតិ។ លោកស្រីថា លោក ប្រាយុទ្ធ គួរហ៊ានចេញមុខរៀបរាប់ពីអ្វីដែលលោកសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ព្រមទាំងពន្យល់វាទៅកាន់ប្រជាពលរដ្ឋថៃផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com