ONE Championship
កីឡាជាតិ
ជាតិ
Onyedikachi ចង់​លើក​មុខមាត់​កម្ពុជា​តាម​រយៈ​ការ​ផ្ដួល Morris ឲ្យ​សន្លប់​នៅ ONE Warrior Series ស្អែក​នេះ​
27, Feb 2019 , 10:59 pm        
រូបភាព
ដោយ​៖ Matias Andres
 
​អ្នក​ប្រយុទ្ធ​ក្នុង​ទ្រុង​នី​ហ្សេ​រី​យ៉ា Emmanuel "The Biafran Warrior" Onyedikachi បាន​ត្រៀមខ្លួន​រួចស្រេច​សម្រាប់​ការប្រកួត​ថ្មី​មួយទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែកុម្ភៈ នៅ ONE Warrior Series 4 (OWS 4) នៅ​សិង្ហ​បុរី​។​

 
​កីឡាករ​មិនដែល​ចាញ់​មកពី​ក្លិប​សិល្បៈ​រូបនេះ​បាន​សាង​កេរ្តិ៍ឈ្មោះ​យ៉ាង​រហ័ស​ក្នុងនាម​ជា​អ្នកលេង​គុន​ចម្រុះ​ដ៏​ល្អ​មួយរូប​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​សង្ឃឹមថានឹង​នាំ​ជ័យជម្នះ​ម្ដងទៀត​នៅ​សង្វៀន​លំដាប់​ពិភពលោក​របស់ ONE Championship​។​
 
​កីឡាករ​វ័យ​៣២​ឆ្នាំ ដែល​សព្វថ្ងៃ​រស់នៅ​ភ្នំពេញ នឹងត្រូវ​តទល់​ជាមួយ​កីឡាករ Devon "Bam Bam" Morris របស់​ក្លិប Phuket Top Team​។ ជំនួប​ក្នុង​ទម្ងន់ welterweight រវាង​ពួកគេ​ទាំងពីរ​ជា​គូ​ឯកនៃ​ព្រឹត្តិការណ៍​ដែល​នឹង​នាំមក​នូវ​ចំណាប់អារម្មណ៍​កាន់តែខ្លាំង​ថែមទៀត​ចំពោះ Onyedikachi​។​
 
Emmanuel Onyedikachi បញ្ជាក់ថា​៖ «​ខ្ញុំ​គ្មាន​អារម្មណ៍​ភ័យព្រួយ​អ្វី​ឡើយ​។ ខ្ញុំ​រឹងមាំ​ទាំង​កាយ​ទាំង​ចិត្ត​។ ខ្ញុំ​មិនត្រូវ​ការត្រៀមខ្លួន​អ្វី​ឡើយ​ទៀតឡើយ ព្រោះ​ខ្ញុំ​រួចរាល់​ស្រាប់​ទៅហើយ​។ នៅ ONE Warrior Series ខ្ញុំ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​បានឈ្នះ​៣​ប្រកួត​ជាប់​គ្នា​។ គ្មាន​អ្នកណា​ធ្វើបាន​បែបនេះ​ឡើយ​ពីមុនមក​»​។​
 
Emmanuel បន្ត​ដោយ​សំណើច​ថា​៖ «​គាត់​ដឹងថា​ខ្ញុំ​អាច​វាយ​គាត់​សន្លប់ ប៉ុន្តែ​គាត់​បាន​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​វាយ​គាត់​សន្លប់​លឿន​ពេក​។ វា​នឹង​ជាការ​ប្រកួត​ដ៏​ជក់ចិត្ត​មួយ​។ វា​នឹង​ល្អមើល​»​។​
 
​ទាំង Morris និង Onyedikachi បាន​សាង​កេរ​ឈ្មោះ​ជា​អ្នក​ប្រយុទ្ធ​ដ៏​សាហាវ​តាមរយៈ​កម្លាំង​ដ៏​មហិមា​របស់​ពួកគេ​ក្នុងការ​ផ្ដួល​គូប្រកួត​។ អ្នក​ទាំងពីរ​មាន​ស្ថិតិ​ប្រកួត​សរុប​បញ្ចូល​គ្នា​ចំនួន​១០​ប្រកួត​។​
 
​ការឡើង​ប្រកួត​ដ៏​ទាក់ទាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​អាច​រុញច្រាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​ចូលក្នុង​លី​គ​ធំ​។ ប៉ុន្តែ​ទោះបី​គេ​អាច​ទទួលបាន​ភាពល្បីល្បាញ​ក៏ដោយ ក៏​កីឡាករ​រហស្សនាម "The Biafran Warrior" នៅតែ​ឆ្លៀត​យក​ពេល​ថ្លែងអំណរគុណ​ដល់​អ្នក​ដែល​បាន​ជួយ​ជ្រោមជ្រែង​គេ​ឱ្យមាន​ថ្ងៃនេះ​។​
 
«​ខ្ញុំ​ចង់បង្ហាញ​ការដឹងគុណ​ដល់​គ្រប់គ្នា​ដែល​បានរួម​ចំណែក​ជួយ​ខ្ញុំ​ឲ្យ​មាន​ថ្ងៃនេះ ហើយ​ខ្ញុំ​មិន​ភ្លេច​លើក​ឈ្មោះ​លោកគ្រូ ហ៊ុន ចាន់​រាជ្យ ដែលជា​អ្នកដឹកនាំ​ក្លិប Cambodian Top Team ឡើយ​។ គាត់​ជា​អ្នក​ដែល​បាន​នាំ​ខ្ញុំ​មក ONE Warrior Series​។ ខ្ញុំ​មាន​អ្វីដែល​ខ្ញុំ​មាន​បច្ចុប្បន្ននេះ​គឺ​ដោយសារ​គាត់ ខ្ញុំ​នៅ​ជំពាក់​គុណ​គាត់​ច្រើនណាស់​»​។​
 
Onyedikachi ដែល​ទើប​រៀបការ​ថ្មីថ្មោង​និង​រំពឹង​ទទួលបាន​ចំណងដៃ​កូន​ដំបូង​ឆាប់ៗ​នេះ សារភាពថា​គ្រប់យ៉ាង​កំពុង​កើតឡើង​លឿន​មែនទែន​ចំពោះ​រូបគេ​។​
 
​ទោះយ៉ាងណា​ក៏ដោយ Onyedikachi មាន​អារម្មណ៍​ថា​វា​កាន់តែ​ជួយ​បង្កើន​ថាមពល​ដល់​ខ្លួន​ហើយ​ថា​គេ​នឹង​ប្រើ​ថាមពល​នេះ​ដើម្បី​ទទួល​ជ័យជម្នះ​ដ៏​កក្រើក​ម្ដងទៀត ដើម្បី​ទទួលបាន​កៅអី​ក្នុងចំណោម​អ្នកលេង​ក្បាច់គុន​ឆ្នើមៗ​បំផុត​ក្នុង​ពិភពលោក​។​
 
«​ពួកយើង​ចង់​ផ្ដួល​គេ​ឲ្យ​សន្លប់​។ ខ្ញុំ​ចង់​ឈ្នះ​ដោយ​ផ្ដួល​ដៃគូ​សន្លប់​យ៉ាងហោច​២​ដង​ក្នុង​អាជីព​របស់ខ្ញុំ​នៅ ONE Warrior Series មុនពេល​ខ្ញុំ​ឈានចូល ONE Championship»​។​
 
«​ខ្ញុំ​មាន​ទំនុកចិត្ត​ថា​ខ្ញុំ​នឹង​ស្ថិតក្នុង​ចំណោម​អត្ត​ព​លិ​ក​លំដាប់​កំពូល​ហើយ​នាំ​ទង់ជាតិ​កម្ពុជា​មកកាន់​កម្រិត​កំពូល​ជាថ្មី​»៕
 

Tag:
 ONE Championship
  Emmanuel Onyedikachi
© រក្សាសិទ្ធិដោយ thmeythmey.com