ជាតិ
CMAC​ទទួលបាន​ថវិកា​ជាង​៣១​ម៉ឺន​ដុល្លារ និង​គ្រឿងចក្រ​ពី​អង្គការ​JMAS សម្រាប់​ដោះមីន​នៅ​ខេត្តកំពង់ធំ​
28, Feb 2019 , 8:59 am        
រូបភាព
រូបភាពបានពីCMAC
រូបភាពបានពីCMAC
​ភ្នំពេញ​៖  មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា​(CMAC) ទទួលបាន​ការគាំទ្រ​កម្លាំង​គ្រឿងចក្រ និង​ថវិកា​ជាង​៣១​ម៉ឺន​ដុល្លារ ពី​អង្គការ​JMAS នៃ​ប្រទេស​ជប៉ុន លើ​គម្រោង​បោសសម្អាត​មីន និង​គ្រាប់បែក​ចង្កោម នៅក្នុង​ស្រុក​សន្ទុក ខេត្តកំពង់ធំ​។  គម្រោង​នេះ មាន​រយៈពេល​មួយឆ្នាំ ដែល​នឹង​អនុវត្ត​ឡើង​ចាប់ពី​ថ្ងៃទី​១ មីនា ឆ្នាំ​២០១៩ ដល់ ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ​២០២០​។

 
​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ លោក ហេង រតនា អគ្គនាយក​CMAC ក្រៅពី​គម្រោង​បោសសម្អាត​មីន ក៏​ផ្តោត​សំខាន់​ទៅលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ផងដែរ ដូចជា ការជួសជុល​ផ្លូវ ជីក​ស្រះ ធ្វើ​អណ្តូងទឹក និង​ប្រព័ន្ធ​ប្រឡាយទឹក​ជាដើម​។ លោក​បាន​បញ្ជាក់ថា កម្លាំង​CMAC និង​JMAS បាន​សហការគ្នា​តាំងពី​ឆ្នាំ​២០០២​មក​ម្លេះ​។​


 
​កាលពី​ថ្ងៃទី​២៤ កុម្ភៈ ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​ត្រូវការ​ថវិកា​ជាង​៤០០​លាន​ដុល្លារ​ទៀត សម្រាប់​ការ​បោសសម្អាត​មីន សំណល់​ជាតិ​ផ្ទុះ និង​គ្រាប់បែក ឱ្យអស់​នៅក្នុង​ឆ្នាំ​២០២៥ នៅលើ​ផ្ទៃដី​ប្រមាណ​១៩៧០​គីឡូម៉ែត្រ​ក្រឡា​។​
 
​គិត​មកដល់ពេលនេះ កម្ពុជា បាន​រកឃើញ​និង​កម្ទេចចោល​គ្រប់​មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រាប់​, គ្រាប់មីន​ប្រឆាំង​រថ​គ្រោះ​ជាង​២,៤​ម៉ឺន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ជាង​២,៧​លាន​គ្រាប់​។ ចំនួន​ប្រជាជន​ដែល​រងគ្រោះ បាន​ធា្ល​ក់​ចុះ​ពី​២៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​នៅត្រឹម​៥៨​នាក់ ក្នុង​ឆ្នាំ​២០១៨៕ 
 

Tag:
 ថវិកា​
  គ្រឿងចក្រ​
  មីន​
  កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com