អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ចុះកិច្ចសន្យា​ទិញ​យន្តហោះ​១០០​គ្រឿង​តម្លៃ​សរុប ១២.៧​ពាន់​លាន​ដុល្លារ ពី​ក្រុមហ៊ុន Boeing
28, Feb 2019 , 11:45 am        
រូបភាព
​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩៖ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet  និង​ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​អាមេរិក Boeing បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ថ្មី​ប្រភេទ 737 MAX ចំនួន​១០០​គ្រឿង ដែលមាន​តម្លៃ​សរុប​១២​ពាន់ ៧០០​លាន​ដុល្លារ​អាមេរិក ដែលនាំឱ្យ​ចំនួន​យន្ដហោះ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​ទិញ​ពី​ក្រុមហ៊ុន Boeing កើន​ដល់​ចំនួន​សរុប ២00 គ្រឿង​។ ពិធី​ចុះហត្ថលេខា​នេះ បានធ្វើ​ឡើង​នៅឯ​វិមាន​ប្រធានាធិបតី (Presidential Palace) នាទី​ក្រុង​ហាណូយ នៅក្នុង​ថ្ងៃ​តែមួយ ដែល​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​លើ​សេវា​ថែទាំ​ម៉ាស៊ីន ជាមួយ​ក្រុមហ៊ុន​អាមេរិក General Electric ក្នុង​ទំហំ​ទឹកប្រាក់​៥​ពាន់ ៣០០​លាន​ដុល្លារ​អាមេរិក​ផងដែរ​។​
 
​ការចុះហត្ថលេខា​នេះ ប្រព្រឹត្តទៅ​អំឡុងពេល​នៃ​ការបើក​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង ក្នុង​ទីក្រុង​ហាណូយ​។ លោកស្រី Nguyen Thi Phuong Thao ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet និង​លោក Kevin McAllister ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Boeing Commercial Airplanes បាន​ចុះហត្ថលេខា​រួមគ្នា លើ​កិច្ចសន្យា​ទិញ​យន្តហោះ​នេះ ក្រោម​វត្តមាន​លោក Nguyen Phu Trong ប្រធាន និង​ជា​អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​វៀតណាម  និង​លោក Donald Trump ប្រធានាធិបតី​អាមេរិក ។​


 
​លោក Kevin McAllister ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Boeing Commercial Airplanes បាន​បញ្ជាក់ថា ខ្លួន​ពិតជា​រីករាយ​ណាស់​ក្នុងការ​ពង្រីក​ភាពជា​ដៃគូ​ជាមួយ Vietjet ដែល​នឹង​បន្ត​គាំទ្រ​ការអភិវឌ្ឍ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ជាមួយ​យន្តហោះ​ថ្មី និង​ទំនើប​ដូចជា 737 MAX​។ លោក Kevin McAllister ជឿជាក់ថា យន្តហោះ​ប្រភេទ MAX នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន Vietjet រីកចម្រើន​យ៉ាង​មាន​ប្រសិទ្ធភាព និង​ផ្តល់នូវ​បទពិសោធ​ធ្វើដំណើរ​ដ៏​អស្ចារ្យ សម្រាប់​អ្នកដំណើរ​របស់​ក្រុមហ៊ុន​នេះ​។​
 
​លោក Kevin McAllister បញ្ជាក់​៖« ការពង្រីក​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​នេះ​ក្នុង​ទីក្រុង​ហាណូយ និង​ទូទាំងប្រទេស​វៀតណាម ពិតជា​ស្ថិតក្នុង​កម្រិត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ក្រុមហ៊ុន Vietjet និង​វិស័យ​អាកាសចរណ៍ ដែល​កំពុងតែ​រីកចម្រើន​ឥតឈប់ឈរ​របស់​ប្រទេស​នេះ ពិត​ជាមាន​សមត្ថភាព​យ៉ាងពិត​ប្រាកដ ក្នុង​ការជួយ​សម្រួលកា​រ​ធ្វើដំណើរ​ប្រកបដោយ​ភាព​រំភើប ក្នុងប្រទេស​វៀតណាម និង​ភ្ជាប់​វៀតណាម ជាមួយនឹង​ប្រទេស​ផ្សេងទៀត​នៅ​អាស៊ី​។ យើង​ពិត​ជាមាន​មោទកភាព​ណាស់ ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មួយ​នេះ ដែល​នឹង​ជួយ​គាំទ្រ​ដល់​ការងារ​ផ្នែក​ផលិត និង​វិ​ស្វរ​កម្ម​នៅ​សហរដ្ឋអាមេរិក ត្រឡប់​ទៅវិញ​»​។ 
 
​បើតាម លោក Kevin McAllister កាលពីដើមឆ្នាំ​២០១៦ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ក៏បាន​ចុះហត្ថលេខា លើ​កិច្ចសន្យា​បញ្ជា​ទិញ​យន្ត B737 MAX ចំនួន​១០០​គ្រឿង​ដែរ ដើម្បី​បង្កើត​ជំហាន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ សម្រាប់​ទិញ​យន្តហោះ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​នេះ ក្នុង​វិស័យ​អាកាសចរណ៍​របស់​វៀត​ណា​ម ក្នុងពេលនោះ និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ក្លាយជា​ក្រុមហ៊ុន​ដែល​បញ្ជា​ទិញ​គំរូ នៃ​ប្រភេទ​យន្តហោះ B737 MAX ច្រើនជាងគេ​បំផុត នាពេល​បច្ចុប្បន្ន ប្រចាំ​ទ្វីបអាស៊ី​។ 
 
​លោក Nguyen Thi Phuong Thao ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vietjet បាន​ថ្លែងថា​៖«​កិច្ចព្រមព្រៀង​សម្រាប់​ការបញ្ជាទិញ​យន្ត​ថ្មី​ចំនួន​១០០​គ្រឿង​មួយ​នេះ និង​កិច្ចព្រមព្រៀង​ផ្សេងទៀត សម្រាប់​ការទិញ​យន្តហោះ B737 MAX ២០០​គ្រឿង នៅថ្ងៃនេះ​ពិតជា​ការបោះ​ជំហាន​ទៅមុខ​ដ៏​សំខាន់​សម្រាប់​យើង ក្នុងការ​ឆ្លើយតប​ទៅនឹង​គម្រោង​ពង្រីក​ខ្សែបណ្តាញ​ហោះហើរ​អន្តរជាតិ​របស់​យើង​។  ជាមួយនឹង​ការដឹក​អ្នកដំណើរ​បាន​កាន់តែច្រើន ក៏ដូចជា​ផ្តល់​ឲ្យ​អ្នកដំណើរ​របស់​យើង​នូវ​បទពិសោធ​ដ៏​រំភើប​បន្ថែមទៀត ក្នុងពេលដែល​អាចមាន​សមត្ថភាព​ហោះហើរ​ទៅកាន់​គោលដៅ​អន្តរជាតិ​ថ្មី​បន្ថែមទៀត​។ ពិធី​ចុះហត្ថលេខា​នេះ ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​មេដឹកនាំ​ជាន់ខ្ពស់​របស់​វៀតណាម និង​អាមេរិក អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​រវាង​អាមេរិក និង​កូរ៉េខាងជើង នៅ​ទីក្រុង​ណា​ណូយ នឹង​ក្លាយ​ជាការ​បោះជំហាន​ដ៏​ធំ​មួយ​សម្រាប់​ការរីករាយ​ចម្រើន​របស់​ក្រុមហ៊ុន​ទាំង​២»​។ 
 
​បន្ថែម​ទៅលើ​កិច្ចព្រមព្រៀង នៃ​ការទិញ​យន្តហោះ​នេះ ក្រុមហ៊ុន Boeing នឹង​សហការ​ជាមួយនឹង​ក្រុម​អាកាសចរណ៍ Vietjet ក្នុងការ​ពង្រឹង​ជំនាញ​វិស្វកម្ម និង​បច្ចេកទេស បង្វឹក​អ្នកបើកបរ​យន្ត និង​យន្តការី និង​ធ្វើ​ឲ្យ​សមត្ថភាព​ផ្នែក​ចាត់ការ​ទូទៅ កាន់តែ​ល្អប្រសើរ​ឡើង​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ និង​ក្នុងប្រទេស​វៀតណាម​។ 
 
​នៅ​ថ្ងៃ​ដដែល ក្រុមហ៊ុន Vietjet និង​ក្រុមហ៊ុន General Electric ក៏បាន​ចុះកិច្ចសន្យា​លើ​កិច្ចព្រមព្រៀង​លើ​ផ្គត់ផ្គង់​ម៉ាស៊ីន (Engine Support Agreement) រយៈពេល​ដ៏​វែង​មួយ​ផងដែរ​ដើម្បី​បំពាក់​យន្តហោះ​ជាមួយ​ម៉ាស៊ីន LEAP-1B ដោយមាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​៥,៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ កិច្ចព្រមព្រៀង​គ្នា​នេះ ក៏​រាប់បញ្ចូល​ទាំង​កញ្ចប់​ផ្តល់​គ្រឿងបន្លាស់​ម៉ាស៊ីន និង​ការផ្គត់ផ្គង់​នានា ដើម្បី​ជួយ​សម្រួល​ដល់​យន្តហោះ​ដែល​ត្រូវបាន​បញ្ជា​ទិញ​រួចជាស្រេច​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​។ តម្លៃ​ជា​ទឹកប្រាក់​សរុប​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ទាំងនេះ រវាង​ក្រុមហ៊ុន Vietjet និង​ក្រុមហ៊ុន​របស់​អាមេរិក កាលពី ថ្ងៃ​ពុធ មាន​ចំនួន​១៨​ពាន់​លាន​ដុល្លារ​អាមេរិក និង​ជួយ​ពង្រឹង​បន្ថែម​ទីតាំង​របស់ Vietjet ក្នុងនាម​ជា​ក្រុមហ៊ុន​មានការ​ច្នៃប្រឌិត​ថ្មី​មួយ​សម្រាប់​កិច្ចការបរទេស​អន្តរជាតិ និង​ផ្នែក​ការទូត​សេដ្ឋកិច្ច​តាមរយៈ​ការផ្សព្វផ្សាយ​កេ​រិ៍្ត​ឈ្មោះ​នៃ​របកគំហើញ​ថ្មី​មួយ​របស់​វៀតណាម ទៅកាន់​ពិភពលោក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com