អន្តរជាតិ
នយោបាយអន្តរជាតិ
សេតវិមាន៖ ជំនួបរវាងលោក ត្រាំ និងលោក គីម បញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង រូបភាព stuff.co.nz
× ជំនួបលើកទីពីររវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ចប់ហើយដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ នេះបើតាមការប្រកាសសេតវិមានៅថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃចុងក្រោយនៃជំនួបលើកទីពីរ។
«គ្មានកិច្ចព្រមព្រៀងឡើយនៅខណៈនេះ។ ប៉ុន្តែក្រុមការងារអាមេរិក និងកូរ៉េខាងជើង រំពឹងជួបគ្នានៅថ្ងៃខាងមុខ។» នេះជាសេចក្ដីប្រកាសរបស់លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមាននៅថ្ងៃទី២៨ ខែកុម្ភៈ។ មន្ត្រីអាមេរិករូបនេះមិនបានផ្ដល់មូលហេតុអ្វីឡើយជុំវិញបញ្ហានេះ ខណៈអំឡុងពេលជួបគ្នា ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបង្ហាញជំហរសុទិដ្ឋិនិយមសម្រាប់ជំនួបលើកទីពីរនេះ។
សេចក្ដីប្រកាសរបស់អ្នកនាំពាក្យសេតវិមានបន្ថែមថា មេដឹកនាំទាំងពីរមានជំនួបដ៏ល្អ និងបានជជែកគ្នាពីមធ្យោបាយនានាក្នុងជំរុញដំណើរការរំសាយនុយក្លេអ៊ែរ និងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។
ការប្រកាសរបស់លោកស្រី Sanders កើតឡើងក្រោយកម្មវិធីអាហារថ្ងៃរវាងលោក ត្រាំ និងលោក គីម ត្រូវបានលុបចោលភ្លាមៗដែរ។ សន្និសីទសារព័ត៌មានរបស់លោក ត្រាំ នៅម៉ោងបួនក៏លើកពេលវិញទៀតផង៕
Tag:
អាមេរិក
កូរ៉េខាងជើង
ដូណាល់ ត្រាំ
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com