ONE Championship
កីឡាជាតិ
ជាតិ
រិន សារ័ត្ន ទៅសម្រួចខ្នាយនៅថៃមុនការប្រកួតនៅមីយ៉ាន់ម៉ា
28, Feb 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
អត្ថបទ​៖ Matias Andres
 
​សិស្ស​គុន​ក្លិប Cambodian Top Team (CTT) រិ​ន សា​រ័ត្ន មានការ​លះបង់​ខ្ពស់​ចំពោះ​ជំនាញ​របស់គេ​និង​ហ៊ាន​ធ្វើដំណើរ​ឆ្ងាយ​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន ទោះបីជា​ត្រូវ​ឃ្លាត​ពី​គ្រួសារ ដើម្បី​ត្រៀមខ្លួន​មុន​ការប្រកួត​បន្ទាប់​នៅ ONE Championship​។​

 
​កីឡាករ​ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ វ័យ​២៥​ឆ្នាំ​នឹង​ប្រកួត​ទល់នឹង​សិស្ស​ប្អូន​របស់​ម្ចាស់​ជើងឯក ONE Middleweight & Lightweight Heavyweight World Champion: Aung La N Sang គឺ​កីឡាករ​ជំនោរ​ថ្មី Tial “The Dragon Leg” Thang នៅ ONE: REIGN OF VALOR នា​ថ្ងៃ​សុក្រ​ទី​៨ ខែមីនា ឆ្នាំ​២០១៩​។​
 
​ការប្រកួត​ទម្ងន់​៦៨​គីឡូក្រាម​នេះ​នឹង​បញ្ជាក់​ឲ្យ​ឃើញថា​តើ Thang មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​តតាំង​ជាមួយ​អ្នក​ប្រយុទ្ធ​ដ៏​មាន​បទពិសោធ​ម្នាក់​ឬទេ​។ សម្រាប់ សា​រ័ត្ន​វិញ វា​នឹង​ជា​រង្វាស់រង្វាល់​ល្អឥតខ្ចោះ​មួយ​ដើម្បី​បង្ហាញថា​តើ​គេ​រីកចម្រើន​សមត្ថភាព​បា​ន​កម្រិតណា​តាំងពី​ឡើង​ប្រកួត​លើកចុងក្រោយ​បង្អស់​មក​។​


 
​តាំងពី​ពាក់កណ្ដាល​ខែកុម្ភៈ​មក សា​រ័ត្ន បាន​ស្ថិតក្នុង​ជំរំ​ហ្វឹកហាត់​ពេញៗ​ម៉ោង​នៅ Yorky Mixed Martial Arts ក្នុង​ក្រុង​បាងកក ដែល​ដឹកនាំ​ដោយ​អតីត​អត្ត​ព​លិ​ករ​បស់ ONE Championship លោក Nicholas “JJ” Lee ។​
 
Lee ពន្យល់ថា​៖ «​ពួកយើង​បាន​ជួបគ្នា​លើកដំបូង​នៅពេល​សា​រ័ត្ន​ប្រកួត​លើកចុងក្រោយ​នៅ​បាងកក​។ ខ្ញុំ​បាន​ចំណាយពេល​ពីរ​បី​ថ្ងៃ​ធ្វើការ​ជាមួយ​គាត់​មុន​ការប្រកួត រួចហើយ​ពួកយើង​មាន​ទំនាក់ទំនង​អស្ចារ្យ​ជាមួយគ្នា​យ៉ាង​ឆាប់រហ័ស​»​។​
 
Lee ធ្វើការ​ប្រចាំថ្ងៃ​ជាមួយ​អត្ត​ព​លិ​ក​លំដាប់​កំពូលៗ​ដូចជា​តារា ONE Warrior Series: Rockie Bactol និង​មើលឃើញ សា​រ័ត្ន ជា​អត្ត​ព​លិ​កមាន​លក្ខណៈពិសេស​ដែល​កំពុង​ឆ្ពោះទៅរក​ភាព​អស្ចារ្យ​ក្នុង​វិស័យ​ក្បាច់គុន​។​
 
«​គាត់​មាន​ទេពកោសល្យ​ធំធេង​ក្រៃលែង គាត់​ដាក់ខ្លួន​ណាស់ គាត់​ហ៊ាន​លះបង់ និង​ខំប្រឹង​ហ្វឹកហាត់​យ៉ាងខ្លាំង​។ គាត់​ឆាប់​ចាប់បាន​មែនទែន​។ លើសពីនេះ គាត់​ថែមទាំង​មាន​កម្លាំង​ខ្លាំង​និង​រឹងមាំ​ណាស់​។ ខ្ញុំ​រក​ពាក្យ​ល្អៗ​មក​បរិយាយ​ពី​គាត់​មិន​អស់​ទេ​។ វា​ពិបាក​ពន្យល់ ប៉ុន្តែ​ខ្ញុំ​មើលឃើញ​កត្តា​ដ៏​ពិសេស​ក្នុង​ខ្លួន​គាត់​»​។​
 
​នៅពេល​ត្រូវបាន​សួរ​អំពី​ឆ្នាំ​២០១៩ អ្នកដឹកនាំ​ក្លិប Yorky Mixed Martial Arts ទម្លាយ​ថា​លោក​គ្រោង​វិនិយោគ​ពេលវេលា​បន្ថែមទៀត​នៅ​កម្ពុជា បន្ទាប់ពី​បាន​ចំណាយពេល​ពីរ​ខែ​នៅ​ទីនោះ​រួចមក​។​
 
Lee និយាយថា​លោក​មើលឃើញ​សក្ដានុពល​ធំ​ក្នុង​ភាព​រីកចម្រើន​នៃ​គុន​ចម្រុះ​កម្ពុជា ជា​អ្វីដែល​កូនសិស្ស​របស់លោក​ម្នាក់​ទៀត​បានបង្ហាញ​សមត្ថភាព​យ៉ាង​ពិសេស​ថ្មីៗ​នេះ​។​
​ទាំង Lee និង សា​រ័ត្ន បានបង្ហាញ​វត្ត​មាននៅ ONE: CLASH OF LEGENDS នៅពេល នៅ ស្រី​ពៅ ផ្ដួល​តារា​សំណព្វចិត្ត​របស់​ម្ចាស់ផ្ទះ Rika Ishige​។​
 
​ក្នុងពេល​អនាគត  “JJ” សង្ឃឹមថា​អត្ត​ព​លិ​ក​ជនជាតិ​កម្ពុជា​របស់​លោក​នឹងមិន​ចាំបាច់​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ទៀតឡើយ​។​
 
«​នៅទីនេះ សា​រ័ត្ន មាន​ដៃគូ​ហ្វឹកហាត់​ជា​អត្ត​ព​លិ​ក​អាជីព​ពេញ​ម៉ោង​នានា​ដែល​ប្រកួត​ក្នុង ONE Championship ដែរ​និង​នៅ​ស្ថាប័ន​ធំៗ​ផ្សេងទៀត​។ នៅ​ភ្នំពេញ វា​ពិបាក​ជាង ព្រោះ MMA កំពុង​រីកចម្រើន​បន្តិច​ម្ដងៗ ដូច្នេះ​សា​រ័ត្ន​មិនអាច​ទទួលបាន​ដៃគូ​ហ្វឹកហាត់​ដែលមាន​កម្រិត​ខ្ពស់​នៅ​ទីនោះ​ឡើយ​»​។​
 
«​គុន​ចម្រុះ​កម្ពុជា​កំពុង​រីកចម្រើន ប៉ុន្តែ​វា​មិនទាន់​ទៅដល់​ចំណុច​មួយ​នោះ​នៅឡើយ​ទេ​»​។​
 
​ពាក់ព័ន្ធ​នឹង​គូប្រកួត​បន្ទាប់​របស់​សា​រ័ត្ន​វិញ Lee មាន​អារម្មណ៍​ថា សា​រ័ត្ន មានប្រៀប​ច្រើន​ចំណុច​ណាស់​។ «​មានប្រៀប​ជាង​ទាំង​ចង្វាក់បេះដូង ភាព​ស្ទាត់ជំនាញ ល្បឿន និង កែង​»​។ Lee បញ្ជាក់​ដូច្នេះ​។​
 
«​នរណា​ក៏​ដឹង​ដែរ​ថា Tial Thang នឹង​ព្យាយាម​ចាប់​ផ្ដួល​សា​រ័ត្ន ហើយ​គាត់​ក៏បាន​ដឹង​ដែរ​ថា​ពួកយើង​បាននិងកំពុង​ហាត់​របៀប​ការពារ​ខ្លួន​ពី​ការចាប់​ផ្ដួល​នោះ​។ វា​នឹង​ជាការ​ប្រកួត​កម្រិត​ខ្ពស់​មួយទៀត​រវាង​កីឡាករ​ពូកែ​វាយ​ចេញ​ទល់នឹង​កីឡាករ​ពូកែ​ចាប់​ក្លេ​»​។​
 
Lee មាន​ទំនុកចិត្ត​ក្នុងការ​ត្រៀមលក្ខណៈ​រប​ស់​សា​រ័ត្ន ហើយ​លោក​នឹង​នៅ​ឲ្យ​ទឹក​សា​រ័ត្ន​ជាមួយ​អ្នកដឹកនាំ​ក្លិប CTT ហ៊ុន ចាន់​រាជ្យ នៅ ONE: REIGN OF VALOR នា​ថ្ងៃទី​៨​ខែមីនា​។​
 
Lee បញ្ជាក់​ចុងក្រោយ​ថា​៖ «​ពួកយើង​ជិត​មានរឿង​ល្អ​មួយ​ហើយ​»៕
 

Tag:
 ONE Championship
  រិ​ន សា​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com