ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ហាមអាជ្ញាធរខេត្តព្រះសីហនុ កេងយកផលប្រយោជន៍ពីពលរដ្ឋរងគ្រោះដីធ្លី ប្រភពរូបថត៖ វិទ្យុជាតិកម្ពុជា
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ហាមអាជ្ញាធរខេត្តព្រះសីហនុ កេងយកផលប្រយោជន៍ពីពលរដ្ឋរងគ្រោះដីធ្លី។ ការហាមរបស់សម្ដេចបែបនេះ ធ្វើឡើងក្រោយពីសម្ដេច បានបញ្ជាឲ្យដកហូតដីសម្បទានសេដ្ឋកិច្ច ដែលមានទំនាស់ជាមួយពលរដ្ឋនោះ យកមកបែងចែកជូនពលរដ្ឋដែលរងគ្រោះវិញ។
ក្រោយពីចំណាយពេលប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ អស់មួយព្រឹកនោះ សម្ដេច ហ៊ុន សែន ក៏បានចេញចំណាត់ចុងក្រោយ ដោយសម្រេចយកដីសម្បទានសេដ្ឋកិច្ច មករៀបចំជាដីសម្បទានសង្គមកិច្ច ចែកជូនពលរដ្ឋដែលរស់នៅអាស្រ័យផលទីនោះវិញ។ តាមរយៈការបែងចែកនេះ សម្ដេច ហ៊ុន សែន ក៏បានហាមអាជ្ញាធរមានអំណាច លូកដៃចូលកិច្ចការនេះ និងកេងចំណេញផលប្រយោជន៍ពីពលរដ្ឋរងគ្រោះ តាមរយៈការបន្លំខ្លួនធ្វើជាជនរងគ្រោះ ដើម្បីទទួលបានដីសម្បទានសង្គមកិច្ចនេះឡើយ។ ទាំងនេះ គឺជាបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ដែលត្រូវបានលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្រង់យកមកធ្វើសន្និសីទកាសែត ក្រោយកិច្ចប្រជុំនៅថ្ងៃទី២៨ កុម្ភៈ។
បើតាមលោក ឈឹម ផលវរុណ សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកដោះស្រាយបញ្ហានេះ។ រដ្ឋមន្ត្រីទាំងពីរ ត្រូវសិក្សាបែបបទមូលដ្ឋាន និងធ្វើចំណាត់ការជាលក្ខណៈគតិយុត្តស្នើទៅតុលាការ ដើម្បីពិនិត្យមើលលើការកាត់សេចក្តីនេះឡើងវិញ៕
Tag:
ហ៊ុន សែន
ដីធ្លី
ខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com