ONE Championship
កីឡាជាតិ
ជាតិ
Onyedikachi នៅតែ​រឹងមាំ​និង​ចង់​សងសឹក​ក្រោយ​ចាញ់ Morris នៅ OWS 4
01, Mar 2019 , 6:39 pm        
រូបភាព
Emmanuel Onyedikachi និង Devon Morris
Emmanuel Onyedikachi និង Devon Morris
ដោយ: ថ្មីៗ
 
​អត្ថបទ​៖ Matias Andres
 
​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Emmanuel “The Biafran Warrior” Onyedikachi ទទួល​ត្រឹម​ការខកចិត្ត​ដោយ​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ Devon Morris នា​ការប្រកួត ONE Warrior Series  នៅ​សិង្ហ​បុរី ថ្ងៃទី​២៨ ខែកុម្ភៈ​។​

 
​អ្នកលេង​គុន​ជម្រុះ​មហា​កម្លាំង​រូបនេះ​បាន​តតាំង​ជាមួយ Morris មកពី​ក្លិប​ថៃ Phuket Top Team ក្នុងការ​ប្រកួត MMA ទម្ងន់ welterweight ដ៏​កក្រើក ដែលជា​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍ OWS 4​។​
 
Onyedikachi បានចាប់ផ្ដើម​ការប្រកួត​យ៉ាង​ល្អ​ដោយបាន​ទាត់​ជើង​ក្រោម​យ៉ាង​ធ្ងន់​ឡើង​ប៉ើង Morris ក្រោយ​ដំណើរការបាន​៣០​វិនាទី​។ បន្ទាប់ពី “The Biafran Warrior” គ្រប់គ្រង​ស្ថានការណ៍​បាន​បន្តិច អ្នក​ទាំងពីរ​ផ្ដើម​ប្ដូរ​អាវុធ​គ្នា​ទៅវិញទៅមក ដោយ Morris ពឹង​លើ​កណ្ដាប់ដៃ​ជា​ចម្បង ខណៈ Onyedikachi ព្យាយាម​ខាវ​ផង​និង​ទាត់​ក្រោម​ធ្ងន់ៗ​ផង​។​
 
 នៅ​ទឹក​ទី​២ Onyedikachi រក្សា​ការ​វាយ​សំដៅ​ចង្ការ​របស់ Morris តាមរយៈ​កណ្ដាប់ដៃ​ឆ្វេង​របស់គេ និង​បន្ត​ទាត់​លើ​ជើង​របស់​កីឡាករ​អាមេរិក​។​
 
​តែ​កីឡាករ​របស់​ក្លិប Phuket Top Team ផ្លាស់ប្ដូរ​ស្ថានការណ៍​បាន ហើយ​ផ្ដើម​តបត​វិញ​ច្បាស់ៗ​និង​ចំៗ​គោលដៅ​។​
 
​ក្រោយ​ទឹក​ទី​២​ដំណើរការបាន​២:៤៥​វិនាទី Morris ខាវ​ចំ Onyedikachi ពេញ​មួយ​ដៃ ដែល Onyedikachi បាន​តវ៉ា​ថា​ជាការ​វាយ​ខុស​បច្ចេកទេស​ចំ​ផ្នែក​ខាងក្រោយ​នៃ​ក្បាល​។​
 
​អាជ្ញាកណ្ដាល Olivier Coste បាន​ប្រាប់​ឲ្យ​ពួកគេ​ទាំងពីរ​បន្ត​ប្រកួត ហើយ Morris បាន​បោះ​ចេញ​កណ្ដាប់ដៃ​ញាប់​ស្មេញ​ធ្វើ​ឲ្យ Onyedikachi ស្រឡាំងកាំង​។​
 
​ទីបំផុត កណ្ដាប់​ដៃស្ដាំ​មហា​ទម្ងន់​របស់ Morris បាន​បណ្ដាល​ឲ្យ “The Biafran Warrior” ដួល​ភីង​លើស​ង្វៀន ហើយ​អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​ការប្រកួត​តែម្តង​។​
 
​ទោះបី​ខកចិត្ត​នឹង​លទ្ធផល ប៉ុន្តែ Onyedikachi នៅតែមាន​ទឹកចិត្ត​រឹង​មាំ​និង​សរសើរ Morris ដែល​បាន​ជួយ​គេ​ក្នុងការ​ផ្ដល់​ចំណី​ចក្ខុ​រំភើប​ដល់​ទស្សនិកជន​។​
 
Onyedikachi ពេលនេះ​កំពុង​សម្លឹង​ឆ្ពោះទៅមុខ​ហើយ​សង្ឃឹមថា​គេ​នឹង​មានឱកាស​ប្រកួត​សងសឹក​ជាមួយ Morris ក្នុងការ​ប្រកួត​បន្ទាប់​នៅលើ​ឆាក​ពិភពលោក ONE Championship តែម្ដង​។​
 
Onyedikachi និយាយ​ក្រោយ​ការប្រកួត​ថា​៖ «Morris ប្រេះ​ឆ្អឹង​ស្មងជើង ហើយ​ប្រហែលជា​មិនអាច​ហាត់​ឬ​ប្រកួត​ក្នុង​រយៈពេល​៣​ខែ​។ គាត់​បាន​និយាយថា​គាត់​នឹង​ប្រាប់​ខ្ញុំ​នៅពេល​គាត់​ជាសះស្បើយ​។ ក្ដី​ប្រាថ្នា​របស់ខ្ញុំ​គឺ​ចង់វាយ​ជាមួយ Morris នៅ ONE Championship ក្នុងការ​ប្រកួត​លើក​ក្រោយ​»​។​
 
​បរាជ័យ​នេះ​បានបញ្ចប់​ជ័យជម្នះ​៣​ប្រកួត​ជាប់ៗ​គ្នា​របស់ Onyedikachi និង​ជាការ​ចាញ់​លើក​ទី​១​ក្នុងការ​ប្រកួត​គុន​ចម្រុះ​អាជីព​របស់គេ​។​
 
​ក្រោយ​ពិនិត្យ​សុខភាព​រួចរាល់ Onyedikachi នឹង​ត្រលប់​ចូល​ហ្វឹកហាត់​វិញ​និង​វិល​ចូល​ចង្កោម​អ្នកលេង​គុន​ចម្រុះ​ដែលមាន​អនាគត​ល្អ​បំផុត​ម្នាក់​របស់​អាស៊ីអាគ្នេយ៍​ជាថ្មី​។​
 
Onyedikachi ពន្យល់ថា​៖ «​ខ្ញុំ​នឹង​ទៅ​ជួប​វេជ្ជបណ្ឌិត​ពេល​ខ្ញុំ​ទៅដល់​ភ្នំពេញ​។ ការ​វាយ​ចំក្បាល​ពីក្រោយ​ធ្វើឱ្យមាន​ការប៉ះពាល់​មួយចំនួន​ដល់​កណ្ដាស​ត្រចៀក​ខាងឆ្វេង​របស់ខ្ញុំ ដែល​អាច​បណ្ដាលឱ្យមាន​បញ្ហា​មួយចំនួន​នៅពេល​អនាគត​»​។​
 
​ទាំង Onyedikachi និង Morris បានបង្ហាញ​ការគោរព​ចំពោះ​គ្នា​ទៅវិញទៅមក​នៅក្រោយ​ការប្រកួត ហើយ​កីឡាករ​មហា​កម្លាំង​ទាំង​ទ្វេ​ក៏មាន​ឱកាស​ជជែក​គ្នា​ផងដែរ​។​
 
Onyedikachi បន្តថា​៖ «​ខ្ញុំ​មិន​អី​ទេ​ហើយ​ខ្ញុំ​រីករាយ​ណាស់​។ ខ្ញុំ​ស្រលាញ់​ក្រុមការងារ ONE Championship និង ONE Warrior Series ចំពោះ​វិជ្ជាជីវៈ​របស់​ពួកគេ​»​។​
 
​បំណង​ចុងក្រោយ​របស់ Onyedikachi គឺ​គេ​ចង់​ប៉ះ​ជាមួយ Morris ម្ដងទៀត​នៅលើ​ឆាក ONE Championship តែម្ដង​។​
 
Onyedikachi បញ្ជាក់ថា​៖ «​នោះ​ជា​អ្វីដែល​គ្រប់គ្នា​ចង់ឃើញ​»៕
 
 

Tag:
 ONE Championship
  Emmanuel Onyedikachi
© រក្សាសិទ្ធិដោយ thmeythmey.com