ជាតិ
សង្គមជាតិ
ADB ផ្ដល់ជំនួយ៨៧លានដុល្លារ ដល់ក្រសួងការងារ សម្រាប់អនុវត្តគម្រោង«ជំនាញដើម្បីប្រកួតប្រជែង»
× ក្រសួងការងារ និងបណ្ដុះបណ្ដលវិជ្ជាជីវៈ ទទួលបានថវិកា៨៧លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់អនុវត្តគម្រោងមួយដែលមានឈ្នោះថា«ជំនាញដើម្បីប្រកួតប្រជែង»(S4C) ។គម្រោងនេះមានរយៈពេល៥ឆ្នាំ។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងការងារ។
លោកស្រី Ayoko Inagaki នាយកផ្នែកអភិវឌ្ឍន៍ និងមនុស្សនៃធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយថាគម្រោងថ្មីក្នុងការជួយអភិវឌ្ឍជំនាញវិជ្ជាជីវៈ មានរយៈពេល៥ឆ្នាំ (២០១៩ដល់ ២០២៣) នឹងត្រូវចាប់ផ្តើមអនុវត្តនាខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។
ថ្លែងក្នុងជំនួបពិភាក្សាឈ្វេងយល់អំពីគម្រោងជាមួយ លោកស្រី Ayoko Inagaki នៅថ្ងៃទី១ ខែ មីនានេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ចាត់ទុកជំនួយរបស់ADB គឺជាការរួមចំណែកដល់វិស័យសេដ្ឋកិច្ច-សង្គម តាមរយៈការគាំទ្រផ្នែកអភិវឌ្ឍជំនាញវិជ្ជាជីវៈនេះ ដែលវាជាផ្នែកមួយជួយឲ្យកម្ពុជា ទទួលបានវឌ្ឍនភាពកំណើនសេដ្ឋកិច្ច ។ ជាពិសេសវានឹងជួយឲ្យកម្ពុជា អាចសម្រេចតាមគោលដៅរបស់ខ្លួន ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ក្រៅពីនេះ ADB ក៏កំពុងសិក្សាក្នុងការរៀបចំជាផែនការយុទ្ធសាស្ត្រ៥ឆ្នាំបន្ទាប់របស់ខ្លួន ដើម្បីផ្តល់ការជួយគាំទ្រដល់វិស័យការងារ ដែលស្របតាមអទិភាពទាំង៥នៃផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជា បន្តពង្រឹងវិស័យបណ្តុះបណ្តាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស , ប្រាក់ឈ្នួលអប្បបរមា, សុវត្ថិភាព, សុខភាពការងារ ,ទីភ្នាក់ងារជាតិមុខរបរ និងការងារ, ទេសន្តរប្រវេសន៍ការងារ, បេឡាជាតិរបបសន្តិសុខសង្គម និងការធ្វើប្រព័ន្ធទំនើបកម្មនៃសេវាសាធារណៈ ,ស្វែងរកមូលនិធិជួយធានាដល់និរន្តភាព និងឯករាជ្យភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ នេះបើតាមការឲ្យដឹងរបស់នាយកផ្នែកអភិវឌ្ឍន៍ និងមនុស្សនៃធនាគារអភិវឌ្ឍន៍អាស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com