ភ្នំពេញ៖ បច្ចុប្បន្នគេសង្កេតឃើញថា មិនមានយុវជនច្រើនឡើយ ដែលកំពុងធ្វើការងារពាក់ព័ន្ធនឹងកិច្ចការពារព្រៃឈើ ការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។ ជាងនេះទៅទៀត មនុស្សស្រី ដែលប្រឡូកនឹងការងារនេះ ក៏មានចំនួនតិចតួចទៅទៀត ពីព្រោះគេយល់ថា ការងារអភិរក្សបរិស្ថាន ជាការងារដែលគ្រោះថ្នាក់ ហើយអ្នកខ្លះទៀតយល់ថា ការងារបរិស្ថាន គឺទាក់ទងនឹងរឿងសំរាម និងកាកសំណល់មិនល្អជាដើម។ កញ្ញា អាំង សិរីរតន៍ ជាធនធានមនុស្សដ៏កម្រម្នាក់ ក្នុងកិច្ចការអភិរក្សបរិស្ថាននេះ។ សិរីរតន៍ យល់ថាបរិស្ថានគឺស្រស់ស្អាត ហើយបរិស្ថានគឺជាផ្នែកមួយនៃជីវិតរបស់មនុស្ស ម្នាក់ៗ រួមទាំងរូបនាងផ្ទាល់ផង។
កញ្ញា អាំង សិរីរតន៍ មានអាយុ២៦ឆ្នាំ ជាអ្នកខេត្តពោធិ៍សាត់។ នាងជាមនុស្សស្រគត់ស្រគំ ប៉ុន្តែក្លៀវក្លាក្រៃ នៅពេលនិយាយដល់រឿងបរិស្ថាន។ យុវតីរូបរាងតូចច្រឡឹងរូបនេះ បានចាប់ផ្តើមធ្វើការងារពាក់ព័ន្ធនឹងបរិស្ថាន នៅក្នុងឆ្នាំ២០១៣ ក្នុងនាមជាអ្នកស្ម័គ្រចិត្ត។ បន្តបន្ទាប់មក នាងក៏ចូលរួមធ្វើការនៅមអង្គការក្រៅរដ្ឋាភិបាល និងក្រោយមក ក៏សម្រេចបង្កើតគម្រោងដោយខ្លួនឯង ជាមួយមិត្តភក្តិម្នាក់ទៀត។ គម្រោងនេះ ឈ្មោះថា«គម្រោងស្ម័គ្រចិត្តអេកូយុវទូត» ដែលផ្តោតសំខាន់លើការងារអប់រំ ផ្សព្វផ្សាយពីបរិស្ថាន។
ពីពេលថ្មីៗនេះ សិរីរតន៍ ដែលបច្ចុប្បន្នមានតួនាទីជាអ្នកសម្របសម្រួលគម្រោងស្ម័គ្រចិត្តអេកូយុវទូត ត្រូវបានគម្រោងអច្ឆរិយភាពទន្លេមេគង្គ ជ្រើសរើសជាបុគ្គលឆ្នើមក្នុងការរួមចំណែកអភិរក្សទន្លេមេគង្គ នៅក្នុងចំណោមយុវជន៦នាក់ទៀត។
កញ្ញា សិរីរតន៍ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា នាងត្រូវបានជ្រើសជាបុគ្គលឆ្នើមនេះ ដោយសាររយៈពេលប្រមាណ៥ឆ្នាំមកនេះ នាងបានធ្វើការងារច្រើនទាក់ទងនឹងការការពារ និងអភិរក្សបរិស្ថាន ហើយដោយសារគេយល់ថា នាងអាចជាមនុស្សម្នាក់ ដែលអាចជំរុញឲ្យយុវជនដទៃទៀត ចូលរួមឲ្យក្នុងកិច្ចការងារអភិរក្សនេះកាន់តែច្រើនថែមទៀត។
បរិស្ថាន ប្រៀបបាននឹងសាច់ ឈាម ស្បែករបស់ខ្លួន
តាមពិតទៅ ធ្វើជាអ្នកចូលរួមការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ មិនមែនជាបំណងរបស់យុវតីរូបនេះ កាលពីកុមារភាពឡើយ។ ប៉ុន្តែដោយការចិញ្ចឹមចិត្តថា នៅពេលធំឡើង នាងចង់ធ្វើការងារសង្គម និងចង់ជួយអ្នកដទៃ ទើបសិរីរនត៍ ជ្រើសរើសជំនាញវិទ្យាសាស្ត្របរិស្ថាន ទោះជាមានការផ្តល់យោបល់ជាច្រើនឲ្យនាងរើសយកជំនាញពេទ្យ ឬគ្រូបង្រៀន និងទាំងដែលកាលណោះ ឪពុកម្តាយមិនសូវសប្បាយចិត្តនឹងការសម្រេចចិត្តរបស់ខ្លួនក៏ដោយ។ យុវតីរូបនេះយល់ថា បើខ្លួនជ្រើសរើសរៀនពេទ្យ ឬគ្រូបង្រៀន នោះនាងនឹងឃ្លាតកាន់តែឆ្ងាយពីសហគមន៍ និងទិដ្ឋភាពនៅជនបទ ដែលនាងប៉ងតាំងពីតូចនោះ។
តាមរយៈការបំពេញការងារ ពាក់ព័ន្ធនឹងបរិស្ថានប្រមាណ៥ឆ្នាំមកនេះ បានធ្វើឲ្យយុវតីរូបនេះ កាន់តែមានសេចក្តីស្រឡាញ់ និងមានមនោសញ្ចេតនាកាន់ជ្រាលជ្រៅ ជាមួយនឹងបរិស្ថាន។ យុវតីរូបនេះ បាននិយាយថា បរិស្ថានបានក្លាយជាផ្នែកមួយនៃជីវិតរបស់ខ្លួនទៅហើយ។ សិរីរតន៍ បញ្ជាក់ដូច្នេះ៖«ចំពោះខ្ញុំ វា(បរិស្ថាន) ដូចជាដៃជើង សាច់ ស្បែក ឈាម ព្រោះរាល់ពេលដែលធ្វើការងារហ្នឹង ពេលដែលអានឯកសារ និងមើលអ្នកដែលគាត់ធ្លាប់ធ្វើការងារហ្នឹង គាត់ជាអ្នកជំរុញចិត្តយើង។ ខ្ញុំធ្លាប់យំ នៅពេលដែលទៅដល់សហគមន៍ ហើយឮអ្នកធ្វើការចាស់ៗគេថា ព្រៃឈើឥឡូវថយចុះ គេចាប់ដីព្រៃ មកធ្វើជាដីកសិកម្ម។ ធ្លាប់យំដោយសារឃើញសហគមន៍មូលដ្ឋាន រងការគំរាមកំហែង»។
ទោះធម្មជាតិនឹងផ្លាស់ប្តូរ តែសេរីរតន៍នៅតែស្មោះស្ម័គ្រនឹងបរិស្ថាន
ទោះបីជានាង មានភាពស្និទ្ធស្នាលជាមួយនឹងបរិស្ថានយ៉ាងណាក្តី ប៉ុន្តែវាពិតជារឿងដ៏លំបាកណាស់ សម្រាប់អ្នកអប់រំផ្សព្វផ្សាយពីកិច្ចការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិវ័យក្មេងរូបនេះ ដែលប្រាថ្នាផ្លាស់ប្តូរការយល់ដឹងរបស់ពលរដ្ឋ ពិសេសជំរុញឲ្យមានការចូលរួមការពារបរិស្ថាន។ រឿងព្រៃឈើ សត្វព្រៃ និងបរិស្ថាន ដែលត្រូវបានគេចាត់ទុកថាជារឿងរសើប និងប្រឈមច្រើនជារឿងមួយ ប៉ុន្តែរឿងមួយទៀត គឺការស្រេកឃ្លានចង់ឃើញលទ្ធផលភ្លាម របស់យុវជននេះឯង។ បញ្ហានេះធ្វើឲ្យ សិរីរតន៍ ស្ទើរបោះបង់ចោលការងារនេះម្តងម្កាលដែរ។ សិរីរតន៍ដកដង្ហើមធំបន្តិច មុននឹងបន្តពន្យល់ដូច្នេះ៖«ហត់! ខ្ញុំក៏ជាយុវជនដែរ។ យុវជនធ្វើអី ចង់ឃើញលទ្ធផលភ្លាមៗ ប៉ុន្តែពេលដែលយើងធ្វើ យើងមិនទាន់ឃើញលទ្ធផលភ្លាម នៅពេលបច្ចុប្បន្នទេ...យើងក៏ចង់បោះបង់ដែរ ដោយសារវាយឺតពេក! វាយូរពេក! ប៉ុន្តែដោយសារតែយើងគិតថា យើងកំពុងកសាងអ្នកដែលស្រឡាញ់បរិស្ថានឲ្យកាន់តែច្រើនឡើង»។
បើទោះបីជាដឹងថា កិច្ចការពារបរិស្ថាន គឺជារឿងមួយដ៏សែនលំបាក ប៉ុន្តែភក្តីភាព និងមនោសញ្ចេតនា រវាងសេរីរតន៍ និងបរិស្ថាន នឹងមិនផ្លាស់ប្រែនោះឡើយ។ នាងថា ទោះបីមិនបានធ្វើឲ្យមានការផ្លាស់ប្តូរអ្វីជាដុំកំភួនក៏ដោយ ប៉ុន្តែនាងនៅតែព្យាយាម និងរក្សាគោលដៅរបស់ខ្លួនក្នុងការងារបរិស្ថាននេះដដែល បើទោះបីដឹងថា គ្រប់យ៉ាងនឹងមានការផ្លាស់ប្តូរដ៏ដោយ។ សិរីបន្ថែមថា៖ «ខ្ញុំដឹងថា រាល់សកម្មភាពដែលយើងធ្វើនៅពេលបច្ចុប្បន្ន មិនអាចឃើញលទ្ធផលភា្លមទេ ប៉ុន្តែខ្ញុំជឿជាក់ថា វានឹងមានលទ្ធផលនៅជំនាន់កូនចៅគាត់»។
ក្នុងពេលបច្ចុប្បន្ន នាងមើលឃើញថា មានមនុស្សកាន់តែច្រើន បានចាប់ផ្តើមយល់ដឹងពីធម្មជាតិ ហើយអ្នកដែលធ្វើការងារបរិស្ថាន ព្រៃឈើ សត្វព្រៃ និងធ្វើការងារជាមួយសហគមន៍ ក៏កាន់តែកើនឡើង។ ទន្ទឹមនឹងនោះ សិរីរតន៍ក៏អះអាងដែរថាគម្រោងរបស់នាង ក៏បានចូលរួមមួយផ្នែក ក្នុងការបណ្តុះគ្រាប់ពូជអ្នកស្រឡាញ់បរិស្ថានដែរ។ នេះហើយជាក្តីសង្ឃឹម របស់សិរីរតន៍ ដែលថា គ្រាប់ពូជអ្នកស្រឡាញ់បរិស្ថាន ដែលកំពុងដុះដាលនៅពេលបច្ចុប្បន្ន នឹងចូលរួមបណ្តុះបណ្តាលគ្រាប់ពូជអ្នកស្រឡាញ់ និងបរិស្ថាន និងធម្មជាតិជាបន្តទៀត។ លើសពីនេះ នាងសង្ឃឹមថានឹងពេលមួយ ដែលមនុស្សគ្រប់គ្នាចាប់ផ្តើមសួរខ្លួនឯងថា តើពួកគាត់អាចធ្វើអ្វីបានដើម្បីស្រោចស្រង់ និងចូលរួមការពារធនធានធម្មជាតិ និងបរិស្ថានបាន៕