អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​អឺរ៉ុប ជំទាស់​ការដាក់​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​បញ្ជី​ប្រទេស​លាងលុយកខ្វក់​
02, Mar 2019 , 11:21 am        
រូបភាព
មហាក្សត្រ សាល់ម៉ាន របស់អារ៉ាប៊ីសាអូឌីត (រូបភាព Reuters)
មហាក្សត្រ សាល់ម៉ាន របស់អារ៉ាប៊ីសាអូឌីត (រូបភាព Reuters)
 ​បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប បាន​ជំទាស់​ការបញ្ចូល​ឈ្មោះ​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​ផ្ដល់​លុយ​ឲ្យ​ក្រុម​ភេរ​វករ និង​ការលាង​លុយកខ្វក់​។ បញ្ជី​ឈ្មោះ​ប្រទេស​នេះ ត្រូវបាន​រៀបចំ​ដោយ​គណៈកម្មការ​អឺរ៉ុប ហើយ​ដែល​ធ្វើ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ខឹងសម្បារ​យ៉ាងខ្លាំង​។ គណៈកម្មការ​អឺរ៉ុប ក៏បាន​ប​ញ្ជូ​ល​ដែនដី​អាមេរិក​មួយចំនួនទៀត​ក្នុង​បញ្ជី​នេះដែរ​។ យ៉ាងណាមិញ អាមេរិក​ធូរទ្រូង​វិញ​ក្រោយ​មេដឹកនាំ​អឺរ៉ុប​ជំទាស់​សំណើ​នេះ​។​

 
​តំណាង​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៨​ប្រទេស នៅ​ថ្ងៃទី​១ ខែមីនា បាន​បោះឆ្នោត​ជំទាស់​សំណើ​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​ចង់​បញ្ចូល​អា​រ៉ា​ប៊ី​សា​អូឌីត និង​ដែនដី​អាមេរិក​ចំនួន​បួន​ក្នុង​បញ្ជី​ប្រទេស​លាងលុយកខ្វក់​។ អាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង គ្រាន់តែ​ឮដំណឹង​នេះ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកការទូត​អឺរ៉ុប​មិន​ពេញចិត្ត​ផែនការ​របស់​គណៈកម្មកា​រ​អឺរ៉ុប​ឡើយ ពិសេស​វិធីសាស្ត្រ​ក្នុងការ​រៀបចំ​បញ្ជី និង​ដំណើរ​ការដែល​ពួកគេ​យល់ឃើញថា គ្មាន​តម្លាភាព និង​មិនគួរ​ទុកចិត្ត​បានឡើយ​។ ដែនដី​អាមេរិក​ទាំង​បួន​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នេះ​មាន​កោះ Guam, Puerto Rico, កោះ Virgin Islands និង​ប៉ា​ណា​ម៉ា​ដែល​ទើប​បញ្ចូល​ថ្មី​។ ដែនដី​ទាំង​បួន​នេះ ត្រូវ​ជាប់​សង្ស័យ​លើ​ការលាង​លុយកខ្វក់​ជាជាង​ការផ្ដល់​លុយ​ឲ្យ​ក្រុម​ភេរ​វករ​។​
 
​អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ា​គី​ស្ថាន កូរ៉េខាងជើង និង​អេ​ត្យូ​ពី​ជាដើម សុទ្ធតែ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នេះ​រួចហើយ​។ ការជាប់​ឈ្មោះ​នេះ មិនទាន់​ឈានដល់​ការដាក់ទណ្ឌកម្ម​ឡើយ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​ធនាគារ​អឺរ៉ុប​រឹតបន្តឹង​ការគ្រប់គ្រង​លើ​ការរកស៊ី​របស់​ពួកគេ និង​ស្ថាប័ន​ហិរញ្ញ​ក្នុងប្រទេស​ទាំងនោះ​។ 
 
​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ថ្មី​នេះ​មិន​សប្បាយចិត្ត​ឡើយ​។ ព្រះ​ចៅ​សាល់​ម៉ាន មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត ចេញមុខ​អន្តរាគមន៍​ដោយផ្ទាល់ ដោយបាន​សរសេរ​សារ​ទៅកាន់​អឺរ៉ុប​ឲ្យ​គិតគូរ​ឡើងវិញ​។ មហាក្សត្រ​អង្គ​នេះ អះអាងថា ការបញ្ចូល​អា​រ៉ា​ប៊ី​សា​អូឌីត ជាការ​បំបាក់​មុខមាត់ ហើយ​វា​នឹង​បង្កើត​ផលវិបាក​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​លំហូរ​ការវិនិយោគ​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត និង​សហភាព​អឺរ៉ុប​។ 
 
​ទំនាក់ទំនង​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត និង​សហភាព​អឺរ៉ុប ល្អក់កករ​ខ្លាំង ក្រោយ​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន Jamal Khashoggi ក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​កាលពី​ខែតុលា ឆ្នាំ​២០១៨ ។ ដា​ណឺ​ម៉ាក ន័​រ​វ៉េ​ស និង​អាល្លឺម៉ង់​សុទ្ធតែ​បាន​ផ្អាក​ការធ្វើ​ជំនួញ​អាវុធ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ជុំវិញ​ស្ថានភាព​យ៉ាប់យ៉ឺន​ផ្នែក​សិទ្ធិមនុស្ស និង​តួនាទី​ក្នុង​ជម្លោះ​បង្ហូរឈាម​នៅ​យេ​ម៉ែន​ផង​៕
 
 
 

Tag:
 អឺរ៉ុប​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com