អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ UN ៖ ការផ្តល់​ដំណឹង​របស់​អ្នកសារព័ត៌មាន​មិនមែនជា​បទល្មើស​នោះទេ​
02, Mar 2019 , 7:39 pm        
រូបភាព
ដោយ:
​ប្រមុខ​អង្គការសហប្រជាជាតិ បាន​សម្តែង​ការគោរព​អ្នកសារព័ត៌មាន​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​បេស​សកម្ម​ខ្លួន​ដើម្បី​តាម​យក​ព័ត៌មាន​ពី​តំបន់​គ្រោះថ្នាក់​នានា​របស់​ពិភពលោក​។ ប្រមុខ​អង្គការសហប្រជាជាតិ​ក៏​ព្រួយបារម្ភ​ចំពោះ​ការ​រឹតត្បិត​លើ​សិទ្ធិសេរីភាព​សារព័ត៌មាន និង​ទទូច​ឲ្យ​រដ្ឋាភិបាល​របស់​ប្រទេស​នីមួយៗ​ធានា​ពី​ការការពារ​ដល់​អ្នកសារព័ត៌មាន​ឲ្យ​បានល្អ​ប្រសើរ​ផង​។

 
​នាឱកាស​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​អង្គភាព​រាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ លោក​អគ្គលេខា António Guterres បានលើកឡើង​ពី​ការវិវត្ត​របស់​សេរីភាព​នៃ​ការបញ្ចេញមតិ ក៏ដូចជា​សេរីភាព​មូលដ្ឋាន​ជាដើម​។ លោក​បាន​អះអាងថា មាន​ប្រទេស​ជាច្រើន បាន​ធានា​ពី​ពី​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​វិស័យ​ព៌​ត័​មាន​ក៏ប៉ុន្តែ​លោក ក៏​ព្រមាន​ពី​ករណី​មួយចំនួន​ដែល​កំពុងតែ​ធ្វើ​ឲ្យ​សេរីភាព​នៃ​សារព័ត៌មាន​ស្ថិត​ដល់​ដំណាក់កាល​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។ 
 
​តាម​លោក​អគ្គលេខាធិការ រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ មាន​អ្នកសារព័ត៌មាន ជាង​មួយ​ពាន់​នាក់​ហើយ ត្រូវបាន​សម្លាប់ ខណៈពេលដែល​ពួកគេ​កំពុងតែ​បំពេញបេសកកម្ម​ការងា​រ​។ ក្នុងនោះ លោក បាន​លើកយក​ក្នុងចំណោម ១០ ករណី មាន​៩​ករណី​របស់​អ្នកសារព័ត៌មាន ត្រូវបាន​សម្លាប់ ដោយ​គ្មាន​អ្នកទទួលខុសត្រូវ​។ 
 
​គ្រាន់តែ​ឆ្នាំ​២០១៨​មួយឆ្នាំ​ប៉ុណ្ណោះ លោក អះអាងថា មាន​អ្នកសារព័ត៌មាន​យ៉ាងហោចណាស់ ៩៩ នាក់ ត្រូវបាន​សម្លាប់ និង​រាប់ពាន់នាក់ រង​ការវាយប្រហារ បៀតបៀន ឃុំខ្លួន ឬ​ត្រូវ​ជាប់ពន្ធនាគារ​ជាមួយនឹង​បទ​ចោទ​មិន​ច្បាស់លាស់ និង​ក្រៅ​នីតិវិធីតុលាការ ។ 
 
​លោក​អគ្គលេខាធិការ បាន​គូសបញ្ជាក់ថា ភាគច្រើន​នៃ​ជនរងគ្រោះ​ទាំងនេះ គឺជា​អ្នកសារព័ត៌មាន​ក្នុង​តំបន់ ដែល​បម្រើ​ការងារ​នៅក្នុង​សហគមន៍ និង​ប្រទេស​របស់ខ្លួន លើ​បញ្ហា​រសើប​ដូចជា​នយោបាយ អំពើពុករលួយ និង​សិទ្ធិមនុស្ស ខណៈ​អ្នកសារព័ត៌មាន​ជា​ស្ត្រី គឺជា​គោលដៅ​ដ៏​ផុយ​ស្រួ​បំផុត​ក្នុង​ការងារ​នេះ​។​
 
​លោក សង្កត់ធ្ងន់ថា សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ណាស់​សម្រាប់​សន្តិភាព យុត្តិធម៌ ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព និង​សិទ្ធិមនុស្ស​សម្រាប់​មនុស្ស​ទូទៅ​។ លោក បាន​រម្លឹក និង​គោរព​ដល់​អ្នកសារព័ត៌មាន ដែល​បាន​ទៅ​ទីកន្លែង​ដ៏​គ្រោះថ្នាក់​របស់​ពិភពលោក ហើយ​បាន​ពាំនាំ​ព័ត៌មាន និង​ផ្តល់ដំណឹង​របស់​ជន​ដែល​ត្រូវបាន​គេ​មិន​អើពើ និង​ត្រូវបាន​គេ​បំពាន​ដល់​ពិភពលោក​។ 
 
​ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ​ការពារ​ដល់​អ្នកសារព័ត៌មាន និង​អ្នកធ្វើការ​ក្នុង​វិស័យ​ផ្សព្វផ្សាយ និង​បង្កើត​លក្ខខណ្ឌ​សម្រាប់​ពួកគេ​ក្នុង​បេសកកម្ម​ការងារ និង​ពិសេស​នោះ​បើក​ការស៊ើបអង្កេត និង​កាត់ទោស​ជនល្មើស​ដែល​វាយប្រហារ​ទៅលើ​ពួកគេ​៕ 
 

Tag:
 សារព័ត៌មាន​
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com