សុខភាព
អន្តរជាតិ
អេ​ស្ប៉ា​ញ​ជា​ប្រទេស​ដែល​សំបូរ​ពលរដ្ឋ​មាន​សុខ​ភាពល្អ​ជាងគេ​លើ​លោក​
16, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ធីតា
​អេ​ស្ប៉ា​ញ​ដណ្តើម​តំណែង​ពី​អ៊ីតាលី​ក្នុងនាម​ជា​ប្រទេស​ដែល​សំបូរ​មាន​សុខ​ភាពល្អ​ជាងគេ​លើ​លោក​។ នេះ​បើតាម​ស​ន្ទ​ស្សន៍ Healthiest Country Index ប្រចាំឆ្នាំ​២០១៩​របស់​សារព័ត៌មាន Bloomberg​។ អេ​ស្ប៉ា​ញ​បាន​លេខ​ពី​ចំណាត់ថ្នាក់​លេខ​៦​នៅ​ឆ្នាំ​២០១៧ ស្រប​ពេលដែល​អ៊ីតាលី និង​អ៊ី​ស្លង់​ធ្លាក់​ទៅ​លេខ​២ និង​លេខ​៣ រីឯ​ជប៉ុន​ឡើង​ពី​លេខ​៧​មក​លេខ​៤​។​

 
​ស​ន្ទ​ស្សន៍ Bloomberg Healthiest Country Index ផ្អែកលើ​កត្តា​ជាច្រើន​ក្នុងនោះ​មានដូចជា​សេវាកម្ម​សុខាភិបាល អាយុកាល​មធ្យម បរិស្ថាន​ជុំវិញ របប​អាហារ ទឹកស្អាត អនាម័យ ក៏ដូចជា​កត្តា​ដែល​បង្ក​គ្រោះថ្នាក់ និង​ការ​លើស​ទម្ងន់ ជាដើម​។​
 
​នៅ​ឆ្នាំ​២០៤០ ខាងមុខ អេ​ស្ប៉ា​ញ​ត្រូវបាន​ព្យាករ​ថា មាន​អាយុ​ក្រោម​មធ្យម​រហូតដល់​៨៦​ឆ្នាំ ដោយ​នាំមុខ​ជប៉ុន សិង្ហ​បុរី និង​ស្វី​ស​។ នេះ​បើតាម​ការបញ្ជាក់​របស់​វិទ្យាស្ថាន​សម្រាប់​ការវាយតម្លៃ​សុខភាព​របស់​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​។​
 
​ប្រទេស Top 20 នៅក្នុង​ស​ន្ទ​ស្សន៍ Bloomberg Healthiest Country Index ឆ្នាំ​២០១៩ រួមមាន​៖ អេ​ស្ប៉ា​ញ អ៊ីតាលី អ៊ី​ស្លង់ ជប៉ុន ស្វី​ស ស៊ុយអែត អូស្ត្រាលី សិង្ហ​បុរី ន័​រវេ​ស អ៊ីស្រាអែល លុច​សំបួ បារាំង អូទ្រីស ហ្វាំ​ង​ឡង់ ហូ​ឡង់ កាណាដា កូរ៉េខាងត្បូង នូ​វែ​ល​សេ​ឡង់ ចក្រភព​អង់គ្លេស និង​អៀរ​ឡង់​។​
 
​សម្រាប់​ផ្នែក​សុខភាព​នេះ ប្រទេស​មហាអំណាច​ពិភពលោក សហរដ្ឋអាមេរិក ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣៥ ខណៈ​ចិន ស្ថិតនៅ​លេខ​៥២​។ ករណី​ធ្លាក់​ចំណាត់ថ្នាក់​របស់​អា​មេ​រិ​ក ដោយសារ​តែមាន​កំណើន​មរណភាព​ដោយសារ​ប្រតិកម្ម​ថ្នាំ​លើស​កម្រិត និង​អត្តឃាត​។​
 
​ក្នុងចំណោម​ប្រទេស​ទាំង​១៦៩ ដែល​ស្ថិតក្រោម​ការវាយតម្លៃរ​បស់ Bloomberg បណ្តា​រដ្ឋ​នៅ​ទ្វីបអាហ្វ្រិក មាន​បញ្ហា​សុខភាព​ច្រើនជាងគេ ហើយ​ក្រៅពីនេះ​មាន ហៃ​ទី អា​ហ្វ​ហ្គា​នី​ស្ថាន និង​យ៉េ​មែន ជាដើម​៕
 

Tag:
 Healthiest Country Index
© រក្សាសិទ្ធិដោយ thmeythmey.com