អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ស៊ូ​ជី ប្រាប់​ប្រជាជន​កុំ​បារម្ភ ក្រោយ​សមាជិកសភា​យោធា ព្រមាន​រឿង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​
02, Mar 2019 , 9:59 pm        
រូបភាព
ដោយ:
​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កុំ​មានការ​ព្រួយបារម្ភ​ចំពោះ​ដំណើរការ​នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ សេចក្តី​សេចក្តីថ្លែងការណ៍​របស់​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា ធ្វើឡើង​បន្ទាប់ពី​ក្រុម​សភា​កូតា​យោធា ព្រមាន​ពី​ចំណាត់ការ​តាម​អាចទៅរួច បើ​រកឃើញ​ដំណើរការ​វិសោធនកម្ម​មាន​ភាពមិនប្រក្រតី​។​

​ផែនការ​នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ជាប់​កម្អែល​យោធា​របស់​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​របស់​លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី បានចាប់ផ្តើម​លេច​ជា​ពន្លឺ ក៏ប៉ុន្តែ ក៏​កំពុងតែ​រង​ការ​បោកបក់​ដោយសារតែ​ការ​នៅ​មិនទាន់មាន​ឯកភាពគ្នា​រវាង​ក្រុម​សភា​ភាគច្រើន​នៃ​បក្ស​កាន់អំណាច និង​សភា​ភាគតិច​ពាក់ព័ន្ធ​នឹង​នីតិវិធី និង​គោលបំណង​ជាក់លាក់​។​
 
​ជាក់ស្តែង​នោះ​នៅ​ចុង​សប្តាហ៍​មុន តំណាង​សភា​ចេញពី​កូ​ដា​យោធា លោក​ឧ​ត្ត​ម​សេនីយ៍ Tun Tun Nyi បាន​ថ្លែង​សារ​ព្រមាន​ខ្លី​មួយ​ស្តីពី​ដំណើរការ​នៃ​បង្កើត​គណៈកម្មាធិការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​រប​ស់​សភា​បក្ស​កាន់អំណាច ថា អាច​បំពាន​នឹង​បទបញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​របស់​សភា ក៏ដូចជា​ស្មារតី និង​យោបល់​របស់​សមាជិកសភា​កូតា​របស់​យោធា​ទៀតផង​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​តួនាទី​ចម្បង​របស់​យោធា គឺជា​ការពារ​រដ្ឋធម្មនុញ្ញ ហើយក៏​ព្រមាន​មិន​អត់ឱន​លើ​ការធ្វើ​វិសោធនកម្ម​ណាមួយ​ដែល​គំរាមកំហែង​ដល់​ច​រិ​ក​លក្ខណៈ​ដើម​នៃ​ធម្មនុញ្ញ​របស់​ប្រទេស​»។
 
​សេចក្តីថ្លែងការណ៍​រប​ស់​សភា​យោធា​បែបនេះ អាចជា​សារ និង​ឧបសគ្គ​មួយ​សម្រាប់​ក្រុម​សភា​របស់​បក្ស​កាន់អំណាច​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ ក៏ប៉ុន្តែ​នៅ​ថ្ងៃទី​២៥ កុម្ភៈ​កន្លងទៅ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​លោក​បណ្ឌិត Myo Nyunt បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ ដោយ​សម្អាងថា អ្វីដែល​បក្ស​កាន់អំណាច​កំពុងតែ​ធ្វើ គឺ​ស្ថិតនៅក្នុង​ក្របខណ្ឌ​ច្បាប់​សុទ្ធសាធ​។​
 
​អ្នក​នាំ​​ពាក្យ បន្ថែមទៀតថា បក្ស​កាន់អំនាច តែងតែ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលនយោបាយ អហិង្សា ដែល​អ្នក​នាំ​ា​ពាក្យ​ជឿជាក់ថា មិន​បង្ក​ឲ្យ​មានការ​គំរាម​ដល់​ផលប្រយោជន៍​ប្រជាជន​ឡើយ​។ ជាមួយគ្នា​ផងដែរ​នោះ លោក ក៏បាន​អំ​នាវ​នាវ​ឲ្យ​ប្រជាជន​ចូលរួម​ផ្តល់​គាំទ្រ​ដល់​បក្ស​របស់លោក​ឲ្យ​បាន​ច្រើន​លើសលប់​ផង​។ 
 
​អ្នកនាំពាក្យ ក៏បាន​ចោទ​ក្រុមតំណាងរាស្ត្រ​យោធា​ថា ហេតុអ្វី​បានជា​សភា​យោធា​ជំទាស់​ទៅនឹង​ការបង្កើត​គណៈកម្មាធិកា​រ​រួម​នេះ ដ្បិត​នៅ​អាណត្តិ​រដ្ឋាភិបាល​មុន បក្ស​កាន់អំណាច ក៏បាន​ផ្តួចផ្តើម​ឲ្យ​មាន​ដំណើរការ​នៃ​ការ​វិសោធនកម្ម​ដូចគ្នា​ផងដែរ​។ អាណត្តិ​មុន​មី​យ៉ាន់​ម៉ា ត្រូវបាន​ដឹកនាំ​ដោយ​បក្ស និង​សភា ពាក់កណ្តាល​ស៊ីវិល និង​យោធា ដែល​លោក ថេ​ន សេន ជា​ប្រធានាធិបតី​។​
 
​គួរ​ជម្រាប​ផងដែរ រដ្ឋធម្មនុញ្ញ​ដែល​មី​យ៉ាន់​ម៉ា ដែល​ប្រើប្រាស់​បច្ចុប្បន្ន គឺជា​រដ្ឋធម្មនុញ្ញ ដែល​ធ្វើឡើង​ដោយ​ក្រុម​យោធា​ក្នុង​ឆ្នាំ​២០០៨​។ រដ្ឋធម្មនុញ្ញ​នេះ ផ្តល់​អាសនៈ​២៥​ភាគរយ​ទៅ​ឲ្យ​សមាជិក​ដែល​តែងតាំង​ចេញពី​យោធា​។ សម្រាប់​លោកស្រី ស៊ូ​ជី ការធ្វើ​វិ​និ​យោ​ធន​កម្ម​ច្បាប់​នេះ គឺជា​កិច្ចការ​អាទិភាព​បំផុត​របស់​រដ្ឋាភិបាល​លោកស្រី ដើម្បី​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ​៕ 
 
 
 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  រដ្ឋធម្មនុញ្ញ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com