ជាតិ
សេដ្ឋកិច្ច
សម្តេច ស ខេង ស្នើ​ឲ្យ​ស្ថាប័នរដ្ឋ​ពិនិត្យ​លើ​ក្រុមហ៊ុន​មករក​ស៊ី​ឲ្យ​ល្អិតល្អន់ ដើម្បី​កុំ​ឲ្យ​មាន​ការលាង​លុយ​នៅ​កម្ពុជា​
02, Mar 2019 , 4:21 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​លើ​ក្រុមហ៊ុន​ដែល​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ល្អិតល្អន ដើម្បី​កុំ​ឲ្យ​មានកា​រលាង​លុយ​កង្វក់ និង​ប្រព្រឹត្ត​អំពើ​ភេរវកម្ម ដែល​បង្ក​អសន្តិសុខ​ដល់​កម្ពុជា ។​


​សម្ដេច ស ខេង បាន​សង្កត់ធ្ងន់ថា ក្រុមហ៊ុន​ដែល​មករក​ស៊ី​ទាំងអស់ ត្រូវ​ស្ថិតនៅក្រោម​ច្បាប់​កម្ពុជា ទោះ​មកពី​ប្រទេស​ណា ឬ​មាន​ទុនវិនិយោគ​ច្រើនយ៉ាង​ណាក៏ដោយ​។ និយាយ​ចំណុច​នេះ​សម្ដេច ស ខេង ក៏បាន​រំឭក​ដល់​ក្រសួង​ដែលមាន​សិទ្ធ​សម្រេច​អនុញ្ញាត​ដល់​អ្នកវិនិយោគ​ទាំងអស់ ត្រូវ​ពិនិត្យ​លើ​ក្រុមហ៊ុន​ដែលមាន​គម្រោង​មក​វិនិយោគ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ច្បាស់​ថា តើ​ពួកគេ​មាន​លុយ​ពិត​ឬ​មិន​ពិត ហើយ​មាន​ប្រវត្តិ​ក្រុមហ៊ុន​ត្រឹមត្រូវ​ដែរ​ទេ​?
 
​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ង​ទី​១ មីនា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖« ថ្នាក់លើ​ត្រូវតែ​ផ្ដល់ព័ត៌មាន​ដល់​ថ្នាក់​ខេត្ត​ឲ្យ​ដឹង​អំពី ដើម្បី​ជួយ​កុំ​ឲ្យ​មាន​បញ្ហា និង​បន្ទោស​គា្ន​។ (​យើង​)​ទាមទារ​ឲ្យ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម​»​។ 
 
 
​កន្លងមក​មានការ​រិះគន់​ថា អ្នកវិនិយោគ​ចិន ដែល​នាំគ្នា​សម្រុក​មក​ដាក់ទុន​រក​ស៊ី​នៅ​កម្ពុជា ដោយ​នាំយក​លុយកខ្វក់​ពី​ប្រទេស​ចិន​។ ប៉ុន្តែ​បញ្ហា​ត្រូវបាន​រដ្ឋាភិបាល បដិសេធថា គ្មាន​ករណី​អ្នកវិនិយោគ​ចិន ប្រើប្រាស់​លុយកខ្វក់​មក​លាង​សម្អាត​នៅ​ប្រទេស​កម្ពុជា​ឡើយ​។ រដ្ឋាភិបាល​ចាត់ទុក​ការរិះគន់​នេះ ក្នុង​គោលបំណង​បំបែកបំបាក់​ទំនាក់ទំនង​កម្ពុជា​-​ចិន​ប៉ុណ្ណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com