ជាតិ
សង្គមជាតិ
សម្តេច ស ខេង ព្រមាន​មន្ត្រី​មានអំណាច ឲ្យ​ឈប់​លូកដៃ​ក្នុង​រឿង​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​
03, Mar 2019 , 10:50 am        
រូបភាព
 ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រាប់​ឲ្យ​មន្ត្រី​មានអំណាច ដែល​លូកដៃ​ចូលក្នុង​រឿង​ដីធ្លី នៅ​ខេត្ត​ព្រះសីហនុ បញ្ឈប់​សកម្មភាព​ជាប​ន្ទា​ន់ បើ​មិន​ដូច្នេះ​ពួកគេ នឹង​ប្រឈមមុខ​ផ្លូវច្បាប់​។​






 
​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១ មីនា សម្តេច ស ខេង បាន​និយាយថា ជម្លោះដីធ្លី​កើនឡើង​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ គឺ​បណ្ដាលមកពី​ដី​មានតម្លៃ​ខ្ពស់ ដោយសារ​អ្នកវិនិយោគ​សម្រុក​ទៅរក​ស៊ី​ច្រើន​នៅ​ទីនោះ គួបផ្សំ​និង​អ្នកមានអំណាច​ខ្លះ​អន្តរាគមន៍​នៅ​ពីក្រោយ​ខ្នង​រឿង​ដីធ្លី ដើម្បី​ផលប្រយោជន៍​ខ្លួន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ សម្តេច ស ខេង ព្រមាន​ឲ្យ​អ្នកមានអំណាច​ទាំងនោះ បញ្ឈប់​សកម្មភាព​ជាប​ន្ទា​ន់ បើសិន​មិន​ចង់​ប្រឈមមុខ​ផ្លូវច្បាប់​។ បើ​មិន​បញ្ឈប់​វប្បធម៌​អន្តរាគមន៍​ទេ បញ្ហា​ជម្លោះដីធ្លី​រី​ច​កាន់តែ​ធំ​ឡើង​ថែមទៀត​។ 
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖«​អ្នក​អន្តរាគមន៍​មិនមែន​អ្នក​ខ្សត់ខ្សោយ ឬ​អ្នក​អត់​មានអំណាច​នោះទេ​។ សូមកុំ​ឲ្យ​មានរឿង​ហ្នឹង មានរឿង​ហ្នឹង​អត់​បានទេ ដោះ​មិន​ចេញ​ទេ បើ​ដោះចេញ​ជួល​កាល ស ទៅជា​ខ្មៅ វា​បាត់​ភាពយុត្តិធម៌ បាត់​ភាពយុត្តិធម៌​ហើយ​។​សូម​កុំភ្លេចថា គេ​(​ពលរដ្ឋ​)​ទទួលយក​មិនបាន ដូច្នេះ​ការទាមទារ​ការតវ៉ា​នឹង​នៅតែ​បន្តទៀត​»​។​
 
​រាល់​ការអន្តរាគមន៍​ពី​មន្ត្រី​មានអំណាច តែងតែ​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ពិបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធី​។ ហើយ​មន្ត្រី​ថ្នាក់ក្រោម​ខ្លះ ក៏បាន​ចូលរួម​ក្នុងការ​បង្ក​ឲ្យ​មាន​ជម្លោះ​ដែរ តាមរយៈ​ការចុះហត្ថលេខា ដោយ​មិនបាន​ពិនិត្យ​ត្រឹមត្រូវ​លើ​ដីធ្លី​ជាក់ស្ដែង​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង​។​
 
​ទាក់ទង​នឹង​បញ្ហាដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​នេះ រដ្ឋាភិបាល ក៏បាន​ដក​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប គឺ​លោក ផៃ ប៊ុន​វណ្ណៈ និង លោក ស្រ៊ុន ស្រ៊ន់ ចេញពី​តំណែង​ដែ លោក ផៃ ប៊ុន​វណ្ណៈ និង លោក ស្រ៊ុន ស្រ៊ន់ ជា​អ្នក​ដែល​ទទួលបញ្ជា​ចុះទៅ​អន​វុត្ត​ដីកា​របស់​តុលាការ​កំពូល ដែល​សម្រេច​ឲ្យ​ឧកញ៉ា​ម្នាក់​ឈ្នះក្តី​លើ​ប្រជាពលរដ្ឋ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ការអន្តរាគមន៍​នោះ ក៏មាន​ការផ្ទុះ​អំពើហិង្សា​រវាង​កម្លាំង​សមត្ថកិច្ច និង ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ ដែល​នាំគ្នា​ទៅ​តវ៉ា​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​។​
 
​ក្រោយពី​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ឧក​ញា​នោះ មក​រៀបចំ​ជា​ដី​សម្បទាន​សង្គមកិច្ច ចែក​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ និង​ទទួលផល​នៅ​ទីនោះ​វិញ​៕

Tag:
 ​ស ខេង​
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com