អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សមុទ្រ​ចិន​ខាងត្បូង​៖ អាមេរិក នឹង​នៅ​ពីក្រោយ​ហ្វីលីពីន​និង​ប្រទេស​ក្នុង​តំបន់ មិន​ឲ្យ​ចិន​គំរាមកំហែង​សន្តិសុខ និង​ផ្លូវ​ពាណិជ្ជកម្ម​ឡើយ​
03, Mar 2019 , 2:05 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​សន្យា​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ម៉ានីល ដោយ​មិន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ធ្វើ​សកម្មភាព​យោ​ធូប​នីយកម្ម ឬ​សកម្មភាព​បំពាន​នានា​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​ផ្លូវ​ពាណិជ្ជកម្ម​បានឡើយ​។

 
​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo នៅ​ថ្ងៃ​១ មីនា បាន​អះអាងថា អាមេរិក ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​ធានាថា​សមុទ្រ​ចិន​ត្រូវ​បើកចំហរ​សម្រាប់​រាល់​ការធ្វើ​ចរាចរណ៍ និង មិន​អនុញ្ញាត​ឲ្យ​ចិន​បង្ក​ការគំរាមកំហែង​ដល់​អ្នកពាក់ព័ន្ធ​នឹង​តំបន់​ជម្លោះ​នេះ​បានឡើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ការ​សែត​អន​ឡាញ NWA របស់​អាមេរិក​។ 
 
​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បែបនេះ បន្ទាប់ពី​លោក បានបញ្ចប់​ជំនួប​ជាមួយនឹង​ប្រមុខ​ដឹកនាំ​ហ្វីលីពីន ក្នុង​រដ្ឋធានី​ម៉ានីល ដែលជា​កន្លែង​លោក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ដើម្បី​បញ្ជាក់​ជំហរ​មិន​ប្រែប្រួល​របស់​អាមេរិក​ទៅកាន់​សម្ព័ន្ធមិត្ត​ហ្វីលីពីន​ពាក់ព័ន្ធ​នឹង​ការការពារ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ប្រមុខ​ការទូត​អាមេរិក​រូបនេះ បានលើកឡើង ថា ពិភពលោក​ទាំងមូល សុទ្ធតែ​បានដឹងហើយថា រដ្ឋបាល​អាមេរិក បាន​មានការ​តាំងចិត្ត​មួយ​យ៉ាងពិត​ប្រាកដ​ក្នុងការ​ធានា​ឲ្យ​បាន​ថា សមុទ្រ​ចិន​ខាងត្បូង​ត្រូវតែ​បើកចំហរ​សម្រាប់​ស​ន្តិ​សុខ​របស់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក និង​ជា​សមុទ្រ​ចំហរ​សម្រាប់​ការធ្វើសកម្មភាព​ពាណិជ្ជ​កម្ម​។
 
​លោក ក៏បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​វ៉ាស៊ីនតោន នឹង​នៅ​ពីក្រោយ​ហ្វីលីពីន និង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់ ដើម្បី​ធ្វើ​ឲ្យ​សមុទ្រ​ដែលមាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​មួយ​នេះ  (​សមុទ្រ​ចិន​ខាងត្បូង​) បើកចំហរ និង មិន​អនុញ្ញាត​ចិន​ធ្វើ​សកម្មភាព​គំរាមកំហែង​តាម​ចិន​បានឡើយ​។ លោក បន្ថែមថា សកម្មភាព​យោធា និង​ការកសាង​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន បាន​គំរាមកំហែង​ទាំង​អធិបតេយ្យ សន្តិសុខ និង​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​អាមេរិក​ផងដែរ​។​
 
​ជុំវិញ​ការលើកឡើង និង​ចោទប្រកាន់​របស់​អាមេរិក ពិតប្រាកដ​ណាស់ ថា ចិន មិន​នៅ​ស្ងៀម​ឡើយ​។ តាមរយៈ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang បាន​អះអាង​ទៅវិញ​ថា ចិន និង​ប្រទេស​ដែល​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង បាន​ប្តេជ្ញាចិត្ត​ជាមួយគ្នា​រួចហើយ​ក្នុងការ​ក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ដែល​ជាក់ស្តែង​ភាគី​ទាំងពីរ ក៏​កំពុងតែ​ចរចា​ធ្វើ​ក្រម​ប្រតិបត្តិ​មួយ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល់​នៃ​ជម្លោះ​។ 
 
​ក្រុង​ប៉េកាំង តាមរយៈ​អ្នកនាំពាក្យ​ដដែល​នោះ បាន​ផ្តាំផ្ញើ​ទៅកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ផងដែរ ថា ប្រសិនបើ​ប្រទេស​ខាងក្រៅ ដូចជា​អាមេរិក​ជាដើម ពិតជា​បាន​គិតពី​សន្តិភាព និង​សុខមាលភាព​របស់​ប្រជាជន​ក្នុង​តំបន់​មែន​នោះ គួរតែ​កុំ​លូកដៃ​ក្នុង​បញ្ហា​តំបន់​។​
 
​គួរ​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែនសមុទ្រ​ជម្លោះ​មួយ ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ដោយផ្ទាល់​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយ​ចិន​។ ចិន បានទាមទារ​គ្រប់គ្រង​តំបន់​នេះ ស្ទើរតែ​ទាំងស្រុង ដោយយោង​តាម​អំ​ណេះ​អំ​ណា​ង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ខណៈ​រដ្ឋ​អាស៊ាន​ទាំង​បួន ទាមទារ​កម្មសិទ្ធិ​គ្រប់គ្រង​ដោយយោង​តាមច្បាប់​អន្តរជាតិ​។​
​រយៈពេល​ចុងក្រោយ​នេះ ប្រទេស​អាស៊ាន និង​ចិន មិនសូវ​ប៉ះពាល់​សម្តី និង​ផ្លែផ្កា​ដាក់គ្នា​ជុំវិញ​បញ្ហា​នេះ​ប៉ុន្មាន​ឡើយ ខណៈ​អាស៊ាន និង​ចិន ក៏​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការចរចា​គ្នា​ធ្វើ​ក្រម​ប្រតិបត្តិ​នោះ​៕ 
 
 

Tag:
 ហ្វីលីពីន​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com