អន្តរជាតិ
នយោបាយអន្តរជាតិ
បង់ក្លាដែស ប្រាប់ UN ថា ខ្លួនលែងទទួលជនភៀសខ្លួនមកពីមីយ៉ាន់ម៉ាបានទៀតហើយ
× រដ្ឋាភិបាលបង់ក្លាដែស បានព្រមានពីការបិទច្រកព្រំដែនជាលើកដំបូង បន្ទាប់ពីលំហូរនៃជនភៀសខ្លួនមកពីមីយ៉ាន់ម៉ានៅតែមានជាបន្តបន្ទាប់។ បង់ក្លាដែស ក៏បានប្រាប់ត្រង់ៗទៅកាន់អង្គការសហប្រជាជាតិ ថាខ្លួន លែងទទួលជនភៀសខ្លួនមកពីមីយ៉ាន់ម៉ាបានទៀតហើយ ខណៈជនភៀសខ្លួនកំពុងតែស្នាក់នៅបង់ក្លាដែសរាប់សិបម៉ឺននាក់ គឺជាបន្ទុកដ៏ធ្ងន់មួយរួចទៅហើយនោះ។
« ខ្ញុំ ពិតជាសោកស្តាយក្នុងការជូនដំណឹងទៅកាន់ក្រុមប្រឹក្សា ថា បង់ក្លាដែស នឹងលែងក្លាយជាកន្លែង ផ្តល់ទីស្នាក់អាស្រ័យសម្រាប់ប្រជាជនមកពីមីយ៉ាន់ម៉ាបន្ថែមទៀតបានទៀតហើយ»។ នេះគឺជាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក Shahidul Haque នៅក្នុងកិច្ចប្រជុំថ្ងៃ២៨ កុម្ភៈ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកន្លងទៅ។
តាមរយៈកិច្ចប្រជុំដដែលនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិ ពាក់ព័ន្ធការខ្វះចន្លោះក្នុងការអនុវត្តចំណាត់ការដើម្បីដោះស្រាយវិបត្តិ។ លោក ក៏បានចោទប្រកាន់មីយ៉ាន់ម៉ាដែលព្យាយាមទាញយករឿងបញ្ហាភេរវកម្ម ជារឿងនៅពីក្រោយ ជាជាងចំណាត់ការជាក់ស្តែង។
តាមប្រមុខការទូតរូបនេះ ផ្នែកមួយដែលធ្វើឲ្យដំណើរការនៃការរៀបចំបញ្ជូនជនភៀសខ្លួនឲ្យទៅត្រលប់មីយ៉ាន់ម៉ាវិញ បរាជ័យជាបន្តបន្ទាប់នោះ ក៏ព្រោះតែ គ្មានជនភៀសខ្លួនណាមួយ ព្រមស្មគ្រ័ចិត្តទៅវិញឡើយ ដោយសារតែពួកគេ នៅតែមិនទាន់មានជំនឿចិត្តលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏ដូចជា លក្ខខណ្ឌដែលពួកគេ ចង់បានដែលរួមទាំងការសុំសិទ្ធិជាពលរដ្ឋស្របច្បាប់ នៅមិនទាន់អាចនធានាបាននោះ។
គួររម្លឹកបន្តិចថា ដោយសារតែការប៉ះទង្គិចនៅក្នុងតំបន់ រ៉ាខាន ( Rakhine) របស់មីយ៉ាន់ម៉ា បានបង្កឲ្យមានប្រជាជនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ប្រមាណ ៧០ ម៉ឺននាក់ បានភៀសខ្លួនទៅកាន់បង់ក្លាដែស។ អ្វីដែលគួរឲ្យចាប់អារម្មណ៍តាមការលើកឡើងរបស់បង់ក្លាដែស បន្ទាប់ពីការចាកចេញពីមីយ៉ាន់ម៉ាជាមួយនឹងហេតុផលថាមានការគំរាមកំហែង និងធ្វើទុកបុកម្នេញពីអាជ្ញាធរមីយ៉ាន់ម៉ានោះ ពួកគេ មិនព្រមវិលត្រលប់ទៅមីយ៉ាន់ម៉ាវិញឡើយ។
ដោយសារតែការទទួលរាប់រងលើជនភៀសខ្លួននេះ កន្លងមកបង់ក្លាដែស ទទួលបានការកើតសរសើរច្រើន ព្រោះទោះបីជាការចំណាយសម្រាប់ជនភៀសខ្លួន មានការគាំទ្រដោយអង្គការសហប្រជាជាតិក៏ដោយចុះ ចំនួនជនភៀសខ្លួនទាំងនេះ លើសលប់នឹងលទ្ធភាពដែលបង់ក្លាដែសអាចធ្វើទៅបានហើយ៕
Tag:
បង់ក្លាដែស
មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com