សង្គមអន្តរជាតិ​
អន្តរជាតិ
រៀបការ​ជាមួយគ្នា​៧០​ឆ្នាំ ហើយ​ទទួលមរណភាព​មុន​ក្រោយ​គ្នា​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​
03, Mar 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គូ​ស្វាមីភរិយា​មួយគូ​នៅ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​ជាង​៧០​ឆ្នាំ​។ កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​កន្លងមក លោកយាយ Joan Sell Chapple បានទទួល​មរណភាព​នៅ​ថ្ងៃអាទិត្យ ហើយ​នៅ​ថ្ងៃ​បន្ទាប់ លោកតា Warren Chapple ក៏បាន​លាចាក​លោក​ផងដែរ​។​

 
​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ លោកយាយ Joan មាន​ជំងឺ Alzheimer ដែលជា​ប្រភេទ​ជំងឺ​វង្វេងវង្វាន់​សម្រាប់​មនុ​ស្ស​។ បើតាម​ការផ្សាយ​របស់ Times Union លោកយាយ Joan ស្ថិតនៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ជាង​៧​ឆ្នាំ ដោយ​លោកតា Warren ធ្វើដំណើរ​ទៅ​ថែរក្សា​ភរិយា​ជា​រៀងរាល់ថ្ងៃ​។​
 
២​ឆ្នាំ​ចុង​ក្រោយនេះ លោកតា Warren អាយុ​៩៣​ឆ្នាំ តែងតែ​ធ្វើដំណើរ​ចម្ងាយ​ជាង​១៦​គីឡូម៉ែត្រ​ដើម្បី​ទៅ​មើល​ភរិយា​របស់ខ្លួន​ដែលមាន​អាយុ​៨៧​ឆ្នាំ​។ លោកតា Warren បញ្ចុក​អាហារ​ដល់​ភរិយា​រហូតដល់​គេង​សម្រាន្ត ទើប​លោកតា​ត្រឡប់ទៅផ្ទះ​វិញ​។​
 
​តាមពិតទៅ លោកតា Warren ក៏​មិនមាន​សុខភាព​មាំទាំ​នោះដែរ ដោយ​គាត់​មាន​ជំងឺមហារីក​បំពង់​អាហារ ជា​យូរយា​ណាស់​មកហើយ ប៉ុន្តែ​គាត់​នៅតែ​ទ្រាំ​ទៅ​មើលថែទាំ​ភរិយា​រហូតដល់​គាត់​ខ្លួនឯង​ដើរលេង​រួច​។ ពួកគាត់​បាន​ជួបគ្នា​ចុងក្រោយ​នៅ​ថ្ងៃទី​២៨ ខែមករា​។​
 
​លោកតា Warren បាន​សួរ​កូនប្រុស​ឈ្មោះ Marc អំពី​ស្ថានភាព​ភរិយា​ខ្លួន​។ កូនប្រុស​បាន​ប្រាប់​រឿង​ពិត​ទៅ​ឪពុក​។ «​អូន​អាច​ទៅបាន​ហើយ​» នេះ​ជាការ​លើកឡើង​របស់លោក​តា Warren ដែល​ត្រូវបាន​ដកស្រង់​ដោយ Times Union​។​
 
​មួយថ្ងៃ​ក្រោយមក លោកតា Warren ក៏បាន​ទទួលមរណភាព​ផងដែរ​។  ទាក់ទង​នឹង​កត្តា អ្នកជំនាញ​បានលើកឡើង​ថា វា​ជា​ឥទ្ធិពល​នៃ​វិធ​វ​ភាព (Widowhood) ឬ​ភាពជា​ពោះម៉ាយ ដែល​លេចចេញ​នូវ​អារម្មណ៍​ស្រងេះស្រងោច ក្រោយ​ការបាត់បង់​ភរិយា​ជាទី​ស្រឡាញ់​។ ករណីនេះ បណ្តាល​ឲ្យ​កើត​ជំងឺ​ស្ត្រេ​ស្តិ៍ តប់ប្រមល់ ឈឺ និង​អាច​រហូតដល់​ស្លាប់​។​
 
​ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ Michigan បានបង្ហាញ​ឲ្យ​ឃើញថា គូស្នេហ៍​វ័យ​ចំណាស់​ប្រមាណ​៦៦​ភាគរយ បានទទួល​មរណភាព​តាម​គ្នា​ក្នុង​រង្វង់​៣​ខែ ។ ករណីនេះ អាច​និយាយបានថា «​មរណភាព​ដោយសារ​របួស​បេះដូង​»​។​
 
​លោក Marc បាន​ប្រាប់ Times Union ថា​៖ «​គាត់ [​លោក Warren] រស់នៅ​ដើម្បី​ម្តាយ​របស់ខ្ញុំ​»​។ អ្នកស្រី Pattie ភរិយា​លោក Marc បាន​បន្ថែមថា​៖ «​ឪពុកក្មេក​ខ្ញុំ ប្រឹងប្រែង​រស់​ដើម្បី​សេចក្តីស្នេហា​ដ៏​ស្មោះស្ម័គ្រ​នោះ​»​។​
 
​លោកតា Warren និង​ភរិយា  ធ្លាប់​បើក​ក្រុមហ៊ុន​អាជីវកម្ម​រួមគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​គាត់​មានកូន​ប្រុស​ពីរ​នាក់ ចៅ​៣​នាក់ និង​ចៅទួត​៣​នាក់​។ លោកតា Warren នៅមាន​ប្អូនប្រុស​ម្នាក់​ឈ្មោះ Erson Chapple ដែល​នៅមាន​ជីវិត​នៅឡើយ​។​
 
​ចំណង​ស្នេហ៍​៧០​ឆ្នាំកន្លងមក​រវាង​លោកតា Warren និង​លោកយាយ Joan មានតែ​រឿង​ផ្អែមល្ហែម ដោយ​ពួកគាត់​មិន​ងាយ​រស់នៅ​បែក​គ្នា​នោះឡើយ ជាពិសេស​ក្រោយ​ការចូលនិវត្តន៍​កាលពី​ជាង​៣០​ឆ្នាំមុន​៕
 

Tag:
 អាពាហ៍ពិពាហ៍
© រក្សាសិទ្ធិដោយ thmeythmey.com