អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម សន្យា​ជួយ​ទី​ម័​រ​ខាងកើត​ក្នុង​ការចរចា​ជាមួយ​អាស៊ាន ពេល​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០
03, Mar 2019 , 9:39 pm        
រូបភាព
ដោយ:
 
 ​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែច្រើន និង​ស៊ីជម្រៅ​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ឌី​លី​។ ក្រុង​ហាណូយ ថែមទាំង​អះអាងថា នឹង​ជួយ​ជំរុញ និង​សម្របសម្រួល​ការចរចា​ជាមួយនឹង​បណ្តា​សមាជិក​អាស៊ាន​ដើម្បី​ព​ន្លឿ​ន​នីតិវិធី​បញ្ចូល​ក្រុង​ឌី​លី​ជា​សមាជិក​អាស៊ាន ពេល​ខ្លួន​ធ្វើជា​ប្រធាន​វិលជុំ​នៅ​ឆ្នាំក្រោយ​។​

 
​អគ្គរដ្ឋទូត​ថ្មី​វៀ​ណា​ម​ប្រចាំ​ទី​ម័​រ​ខាងកើត និង​ឥណ្ឌូណេស៊ី លោក Pham Vinh Quang នៅ​ថ្ងៃទី​១ មីនា បាន​ចូល​សម្តែង​ការគួរសម និង​ថ្លែង​ពី​ជំហរ​របស់​រដ្ឋាភិបាល​វៀតណាម​ជាមួយនឹង​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​លោក Francisco Guterres ដោយ​សន្យា​ធ្វើការ​ជាមួយគ្នា​លើ​ពហុ​វិស័យ​រាប់បញ្ចូល​ទាំង​ផ្នែក​ពាណិជ្ជកម្ម​, កសិកម្ម​, ទេសចរណ៍ និង​ប្រេងកាត​ជាដើម​។ 
​តាម​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម ខណៈ​អរគុណ​ទី​ម័​រ​ខាងកើត​ដែល​គាំទ្រ​ខ្លួន​ឲ្យ​ចូលរួម​ប្រជែង​កៅអី​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឆ្នាំ​២០២០-២០២១ លោក​អគ្គរដ្ឋទូត បាន​សន្យាថា នៅ​ឆ្នាំ​២០២០ ពោលគឺ​ពេល​វៀតណាម​ធ្វើជា​ប្រធាន​អាស៊ាន វៀតណាម នឹង​ជួយ​ព​ន្លឿ​ន​ឯកច្ឆ័ន្ទ​ភាព​ក្នុងចំណោម​សមាជិក​អាស៊ាន និង​អគ្គលេខាធិការដ្ឋាន​ដើម្បី​ធ្វើ​ឲ្យ​ទី​ម័​រ​ខាងកើត​អាច​ឆាប់​បាន​ក្លាយជា​សមាជិក​រប​ស់អា​ស៊ាន​។ 
 
​តាមរយៈ​ជំនួប​នេះ មន្ត្រីការទូត​ជាន់ខ្ពស់​វៀតណាម​រូបនេះ ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត​បន្ត​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​ពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​ទី​ម័​រ​ខា​កើត ក៏ដូចជា​គាំទ្រ​ក្រុមហ៊ុន​វៀតណាម​ដែល​វិនិយោគ​នៅ​ទីនោះ​អាច​ប្រតិបត្តិការ​បាន​សមស្រប​។ 
 
​សម្រាប់​លោក​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​វិញ ក៏បាន​ឆ្លៀតឱកាស​អរគុណ​វៀតណាម ដែល​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដំបូង ដែល​បានទទួល​ស្គាល់​ការប្រកាស​ឯករាជ្យ​រប​ស់​ទី​ម័​រ​ខាងកើត ក៏ដូចជា​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក​។ ប្រមុខរដ្ឋ​ទី​ម័​រ​ខាងកើត​រូបនេះ ក៏បាន​បង្ហាញ​ចេតនា​ក្នុង​ការអញ្ជើញ​ប្រមុខរដ្ឋ​វៀតណាម​ដើម្បី​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ខ្លួន​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ទី​ម័​រ​ខាងកើត គឺជា​រដ្ឋ​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​បច្ចុប្បន្ន ទី​ម័​រ​ខាងកើត គឺជា​រដ្ឋ​ស្ថិតក្រោម​ការសង្កេត​ការណ៍​របស់​អាស៊ាន បន្ទាប់ពី​រដ្ឋ​ក្មេងខ្ចី​ប្រចាំ​តំបន់​មួយ​នេះ បានដាក់​សំណើ​ជា​សមាជិកភាព​ក្នុង​ឆ្នាំ​២០១១​មក​។ នៅ​ឆ្នាំ​២០២០ វៀតណាម នឹង​ចូល​ដឹកនាំ​អាស៊ាន​ក្នុងនាម​ជា​ប្រធាន​វិលជុំ បន្ទាប់ពី​ថៃ​៕ 
 
 

Tag:
 វៀតណាម​
  ទី​ម័​រ​ខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com