ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ្មាន​ឡើយ វត្តមាន​លោក សម រង្ស៊ី តាម​ការសន្យា​!
03, Mar 2019 , 7:59 pm        
រូបភាព
ភ្នំពេញ​៖ «​ខ្ញុំ​នឹង​វិលត្រឡប់​ចូល​កម្ពុជា​វិញ​! ខ្ញុំ​នឹង​ចុះ​ចេញពី​តំណែង​»​។ នេះ​ជា​ពាក្យសម្ដី​ភ្នាល់​គ្នា​រវាង​លោក សម រង្ស៊ី អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ករណី​ដោះលែង ឬ​មិន​ដោះលែង​លោក កឹម សុខា នៅត្រឹម​ថ្ងៃទី​៣ មីនា​នេះ​។​

 
​ថ្ងៃ​កំណ​ត់នៃ​ការ​ភ្នាល់​គ្នា​រវាង​សម្ដេច ហ៊ុន សែន និង​លោក សម រង្ស៊ី បានមក​ដល់​។ បើ​មានការ​ដោះលែង​លោក កឹម សុខា ដូច​ការ​ភ្នាល់​មែន​នោះ គឺ​សម្ដេច ហ៊ុន សែន ត្រូវ​ចុះ​ចេញពី​តំណែង​។ ប៉ុន្តែ​បើ​គ្មាន​ការដោះលែង​វិញ​ទេ លោក សម រង្ស៊ី នឹងត្រូវ​ចាញ់​ការ​ភ្នាល់​នេះ ហើយ​ត្រូវ​វិល​ចូល​ស្រុក​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​។ តែ​មកដល់​ម៉ោង​នេះ មិនទាន់​ឃើញ​មាន​សាលដីកា​ដោះលែង​លោក កឹម សុខា ឡើយ ហើយក៏​មិនទាន់​ឃើញ​វត្តមាន​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា តាម​ការ​ភ្នាល់​ដែរ​។ 
 
​មូលហេតុ​ដែល​លោក សម រង្ស៊ី មិន​អនុវត្តតាម​សន្យា​នៃ​ការ​ភ្នាល់​គ្នា ដោយសារ​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​មួយ​នេះ គិតថា សម្ដេច ហ៊ុន សែន បាន​កែប្រែ​លក្ខខណ្ឌ​តាមចិត្ត និង​បាន​ដកខ្លួន​ពី​ការ​ភ្នាល់​គ្នា​ជាមួយ​លោក ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក សម រង្ស៊ី ថែមទាំង​បាន​ស្រង់​សម្តី​សម្ដេច ហ៊ុន សែន ដែល​ប្រកាសថា គ្មាន​ការដោះលែង​លោក កឹម សុខា តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា មក​ចំអក​នៅលើ​ហ្វេ​ស​ប៊ុ​ក​ទៀតផង​។ លោក សម រង្ស៊ី ដែល​មិន​ត្រឡប់​ចូល​ស្រុក​តាម​ការសន្យា​នោះ បាន​និយាយ​លែបខាយ​ថា សម្ដេច ហ៊ុន សែន ចូលក្នុង​អន្ទាក់​ខ្លួន​ទៅវិញ​ទេ ព្រោះ​អ្វីដែល​លោក​ធ្វើ​នេះ គឺ​ចង់​ឲ្យ​សម្ដេច​បង្ហាញ​ពី​ឥទ្ធិពល​ទៅលើ​ស្ថាប័ន​តុលាការ​។ បន្ថែម​ពីនេះ​លោក សម រង្ស៊ី បាន​ឌឺដង​តាមរយៈ​រូប​ត្លុក​មួយ ដោយ​ចាត់ទុក​សម្ដេច ហ៊ុន សែន ជា​មនុស្ស​កំសាក ដែល​មិន​ហ៊ាន​តទល់ គូបដិបក្ខ​របស់ខ្លួន មួយ​ទល់នឹង​មួយ​ទៀតផង​។​
 
​គ្មាន​ឡើយ​វត្តមាន លោក សម រង្ស៊ី តាម​សន្យា​នៃ​ការ​ភ្នាល់ យក​ចាញ់​-​ឈ្នះ​ជាមួយ​សម្ដេច ហ៊ុន សែន ជុំវិញ​ការដោះលែង​លោក កឹម សុខា​។ ប៉ុន្តែ​មានតែ​រូបភាព​លោក សម រង្ស៊ី បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​ការ​ជិះ​ស្គី​នៅលើ​ទឹកកក និង​លេង​វាយ​កូន​បាល់ នៅក្រៅ​ប្រទេស​។​
 
​ដោយ​ដឹងថា លោក សម រង្ស៊ី មិន​ធ្វើតាម​សន្យា​នោះ សម្ដេច ហ៊ុន សែន ក៏​សរសេរ​បទ​ចម្រៀង​ចំនួន​៣ ដែល​យក​បទ​«​បង​ជា​ទន្សាយ​…» «​ទទា​យំ​ឆ្លង ត្រយង​បង​អើយ​អត់​ឆ្លើយ​...» និង​បទ «​ទទា​យំ​ឆ្លង ត្រយង​បង​អើយ រត់​ហើយ​...» ដែល​រៀបរាប់​ឌឺដង​ទៅ​លោក សម រង្ស៊ី វិញ​៕
 
 
 
 

Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com