ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពាក្យ​«​សុវណ្ណ​ភូមិ​»​មានប្រើ​នៅ​ខ្មែរ​,​ថៃ​,​ភូមា​,​ឡាវ និង​នៅ​កោះ​ជ្វា តែ​ប្រហែលជា​មិនមែន​ឈ្មោះ​របស់​ប្រទេស​ណាមួយ​ឡើយ​
03, Mar 2019 , 10:59 pm        
រូបភាព
​សៀមរាប​៖ កន្លងមក​ថ្មីៗ អ្នកស្រាវជ្រាវ​ខ្មែរ​មួយចំនួន​បានធ្វើ​សេចក្ដី​សន្និដ្ឋានថា ពាក្យ «​សុវណ្ណ​ភូមិ​» ជា​អតីត​ឈ្មោះ​ទឹកដី​ខ្មែរ​នៅ​សម័យមុន​អង្គរ ដែល​គ្រប់គ្រង​ក្នុង​រាជ្យ​ព្រះបាទ​ឥសាន​វរ្ម័នទី​១ នា​ស​.​វ​ទី​៧ តាម​ភស្តុតាង​សិលាចារឹក​រកឃើញ​ថ្មី​នៅ​ខេត្តកំពង់ស្ពឺ​។ ទន្ទឹមនឹងនេះ ក៏មាន​អ្នកស្រាវជ្រាវ​មួយចំនួនទៀត នៅមាន​ការស្ទាក់ស្ទើរ​ចំពោះ​ការសន្និដ្ឋាន​ខាងលើ ហើយ​ចូលរួម​ការពិចារណា ដោ​យស​ពឹង​ផ្អែកលើ​តឹកតាង​បុរាណវិទ្យា​និង​ប្រវត្តិសាស្ត្រ ដោយ​សង្ស័យថា​ពាក្យ​សុវណ្ណ​ភូមិ មិនមែនជា​ពាក្យ​សម្គាល់​ស្ថាន​នាម តែ​អាចជា​ពាក្យ​គុណ​តម្លៃ លើកសរសើរ​ចំពោះ​ទីកន្លែង ឬ​ដែនដី​មួយ​។ មនុស្ស​ទូទៅ​តែង​ឮ​គេ​ថា​ពាក្យ​សុវណ្ណ​ភូមិ​នេះ មានប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក ដែល​ប្រទេស​នីមួយៗ បាន​ភ្ជាប់​ខ្លួន​ទៅនឹង​ឈ្មោះ​មួយ​នេះ ដ្បិត​ចង់​លើក​កេរ្តិ៍ឈ្មោះ​ប្រទេស​របស់ខ្លួន​ជានគរ​ដើម​ល្បីល្បាញ​មួយ​។​

 



 
​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​២២ កុម្ភៈ ឆ្នាំ​២០១៩ បានរៀបចំ​ប​ឋ​កថា​មួយ​ដើម្បី​ចូលរួម​ពិចារណា​និង​ពិភាក្សា​អំពី​រឿង​ទាក់ទង​នឹង​ពាក្យ សុវណ្ណ​ភូមិ ដែល​លេចឡើង​នៅ​គ្រប់កន្លែង​នៃ​អាស៊ីអាគ្នេយ៍ តួយ៉ាង​ករណី​នៅ​ស្រុកថៃ អំពី​ទស្សនៈ​អ្នកស្រាវជ្រាវ​ជាតិ​និង​អន្តរជាតិ​នានា និង​ករណី​សិលាចារឹក​នៅ​រកឃើញ​ថ្មី​វត្ត​គិរី​ស្តេច​គង់ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។ លោក អ៊ឹម សុខ​រិទ្ធី អ្នកស្រាវជ្រាវ​របស់​អា​ជ្ញា​ធរ​អប្សរា និង​អនុប្រធាន​មជ្ឈមណ្ឌល​អន្ដរជាតិ ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ បានធ្វើ​បទ​បង្ហាញ​យ៉ាង​ទូលំទូលាយ​ពី​ប្រវត្តិ​ដើម​នៃ​ការប្រើ​ពាក្យ «​សុវណ្ណ​ភូមិ​»​ដោយ​យក​ភស្តុតាង​វិទ្យាសាស្ត្រ​មួយចំនួន​មក​បង្ហាញ​។ ឧទាហរណ៍ ពាក្យ​សុវណ្ណ​ភូមិ បាន​លេច​រូបរាង​នៅ​ប្រទេស​ឥណ្ឌា នៅលើ​សិលាចារឹក​បែកបាក់​ហើយ​រលុប​ស្ទើរ​ទាំងស្រុង ប្រហែល​ចារ​ក្នុង​រាជ្យ​ព្រះ​ចៅ​អធិរាជ​អសោក នា​ស​.​វ​ទី​៣ មុន​គ​.​ស ដែល​មិនមែនជា​សិលាចារឹក​ព្រះរាជ​បញ្ញត្តិ សរសេរ​លើស​រសរ​ថ្ម​នោះទេ (Delhi Pillar)​។ លោក អ៊ឹម សុខ​រិទ្ធី បាន​បញ្ជាក់ថា នៅ​ឆ្នាំ​១៨៣៧ លោក James Prinsep អ្នកប្រាជ្ញ​ជាតិ​អង់គ្លេស បាន​បកប្រែ​សិលាចារឹក​នេះ មកជា​ភាសា​អង់គ្លេស​។ ក្រោយពី​ការបកប្រែ​នេះ​មក មនុស្ស​នៅ​ស្រុក​អាស៊ីអាគ្នេយ៍​បាន​រំភើប​រីករាយ​ដោយបាន​ជ្រាប​ដំណឹង​អំពី​កំណើត​ព្រះពុទ្ធសាសនា ហើយ​បន្តិច​ម្តងៗ​ចាប់ផ្តើម​សរសេរ​ទ្បើង​អំពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ជា​ហូរហែ​មក​។​
 
 
​កញ្ញា ឆោម គ​ន្ធា អ្នកស្រាវជ្រាវ​សិលាចារឹក បាន​ពន្យល់ថា ពាក្យ សុវណ្ណ​ភូមិ ជា​ភាសាសំស្ក្រឹត ផ្សំ​រវាង​ពាក្យ «​សុ​វណ៌្ណ​» អាន​ថា សុ​វ៉ា​ន់រៈ​ណឹ (​មាស​) និង «​ភូមិ​» (​ដែនដី​)​។  តាម​បទ​បង្ហាញ​របស់​អ្នកជំនាញ​សិលាចារឹក​រូបនេះ ក្នុង​អត្ថបទ​ចារឹក​ខ្មែរ មានប្រើ​ពាក្យ សុវណ្ណ ប្រមាណ​ជាង ៤០ (​ស​.​វ​ទី​៧ ដល់ទី​១៤) ដែល​មានន័យថា មាស​ផង ជា​ឈ្មោះ​មនុស្ស និង​ទីកន្លែង​ផង​។ រីឯ​ពាក្យ ភូមិ មានប្រើ​ជាង ១៦០ (​ស​.​វ​ទី​៧ ដល់ទី​១៤) មានន័យថា ដី​ស្រុក​ផង ជា​ឈ្មោះ​ទីកន្លែង​ផង​។ កញ្ញា ឆោម គ​ន្ធា ពន្យល់ថា ពាក្យ​សុវណ្ណ មិន​សំដៅលើ​មាសប្រាក់​ទេ ពាក្យ​នេះ​មានន័យ​ច្រើន​ដែល​អាច​ប្រែ​ថា ស្រស់បំព្រង សម្បូរ​សប្បាយ រុងរឿង​។​ល​។​
 
​នៅ​ចុងឆ្នាំ​២០១៧ គេ​ប្រទះឃើញ​សិលាចារឹក​២​ផ្ទាំង ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្ចំ ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយ​ក្នុងចំណោម​នោះ​មាន​សិលាចារឹក​មួយ​ផ្ទាំង ដែលមាន​ពាក្យ សុវណ្ណ​ភូមិ​។ តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកស្រាវជ្រាវ​ជាតិ​ល្បីល្បាញ​បី​រូប ខាង​សិលាចារឹក ភាសាវិទ្យា​និង​ភាសាសំស្ក្រឹត គឺ​លោក បណ្ឌិត វង់ សុធា​រ៉ា កញ្ញា​បណ្ឌិត ឆោម គ​ន្ធា និង​លោក​សាស្ត្រាចារ្យ ហ៊ុន ឈុន​តេង បាន​ប្រែ​ខ្លឹមសារ​អត្ថបទ​ក្នុង​សិលាចារឹក​ទាក់ទង​នឹង​ពាក្យ សុវណ្ណ​ភូមិ​ដូច្នេះ​ថា «...​ព្រះមហាក្សត្រ សម្ដេច​ព្រះបាទ​ឥសាន​វរ្ម័ន ទ្រង់​ប្រកបដោយ​ព្រះ​ក​ត្ដិ​សព្ទ​រុងរឿង ល្បីរ​ន្ធឺ និង​ក្លាហាន ទ្រង់​ជា​ស្ដេច​ផែនដី ជា​ស្ដេច​នៃ​សេ្ដច ដែល​គ្រប់គ្រង​ចាប់ពី​ដែនដី​សុវណ្ណ​ភូមិ រហូតដល់​សមុទ្រ ដែលជា​ព្រំប្រទល់ ខណៈពេលដែល​សេ្ដច​នៃ​រដ្ឋ​ជិតខាង អោនក្បាល​គោរព​ព្រះរាជ​ឪ​ង្កា​រ ទ្រង់​ដល់​ដី​...»​។​
 
​លោក អ៊ឹម សុខ​រិទ្ធី បាន​លើក​សំណួរ​ពិចារណា​ដល់​អ្នកចូលរួម ថា​មាន​សំណួរ​ចម្រូងចម្រាស់​ដែល​មិនទាន់​ដាច់ស្រេច​ទៅនឹង​ការរកឃើញ​ថ្មី​នេះ​។ តើ​សុវណ្ណ​ភូមិ​ដែល​និយាយ​ក្នុង​សិលាចារឹក​នេះ​សម្គាល់​ឋាននាម ឬ​ជា​ពាក្យ​សម្រាប់​ប្រើ​ក្នុង​កំណាព្យ ឬក៏​ពាក្យ​ជា​នាមសព្ទ​ប្រក​ដោយ​គុណ​សម្រាប់​ផ្តល់​កេ​តិ្ត​យស តម្លៃ​និង​ការលើកតម្កើង​ដល់​ដែនដី​គ្រប់គ្រង​ដោយ​ព្រះបាទ​ឥសាន​វរ្ម័ន​?
 
​អ្នកស្រាវជ្រាវ​រូបនេះ មុននឹង​កំណត់​អត្ថន័យ​នៃ​ពាក្យ​មួយ​នេះ បាន​លើកយក​ឈ្មោះ​បី ដែល​អ្នកប្រាជ្ញ​បណ្ឌិត​ជាតិ​និង​អន្តរជាតិ យល់ថា​ជា​ឈ្មោះ​បុរាណ​របស់​ប្រទេស​កម្ពុជា​ពី​អតីតកាល​។ ពាក្យ​ទាំងនោះ បាន​លេច​ទ្បើង​នៅក្នុង​សិលាចារឹក​ស​.​វ​ទី​៧ សម័យមុន​អង្គរ និង​សម័យអង្គរ ដូច​មាន​ពាក្យ​ថា «​ក្មេរ​» (​ខ្មែរ​) «​ក​ម្វុ​ជា​» និង​«​ក​ម្វុ​ទេស​»​។ លោក​បន្តថា ពាក្យ «​ក្មេរ​» (​ខ្មែរ​) ត្រូវបានគេទទួលស្គាល់​ថា ជា​ឈ្មោះ​ប្រទេស​ផង​និង​ជនជាតិ​ផង​។ បន្តម​កទៀត មាន​លេច​ពាក្យ​កម្ពុជា រហូតដល់​សព្វថ្ងៃ​។​
 
​ភស្ដុតាង​មួយទៀត ដែល​លោក អ៊ឹម សុខ​រិទ្ធី យកមក​បង្ហាញ​ដែរនោះ គឺកំណត់​ហេតុ​របស់​ម​ន្ដ្រី​ទូត​ចិន ដែល​សរសរ​ដោយ​លោក ជីវ តាខ្វាន់ ដែល​បាន​មកដល់​អង្គរ​នៅ​ចុង​សតវត្ស​ទី​១៣​។ អ្នកការទូត​បាន​កត់​ត្រា​ថា របៀបនេះ​ថា ស្រុក​ចិន​ហៅ​ស្រុក​ខ្មែរ​នៅពេលនោះ​ថា ចេនឡា ប៉ុន្ដែ​អ្នកស្រុក​នេះ​ហៅ​ខ្លួនឯង​ថា​កម្ពុជា​។​
 
 
​លើសពីនេះ​ទៀត លោក អ៊ឹម សុខ​រិទ្ធី បានបង្ហាញ​ពាក្យ​ចិន​ផ្សេងទៀត ដែល​បាន​ហៅ​ស្រុក​ខ្មែរ​ពីមុនៗ​។ ពាក្យ​នោះ​សរសេរ​ជា​ខ្មែរ «​ហ្វូណន​» ជា​អក្សរ​រ៉ូ​មាំ​ង​ថា «Funan»​។ ឈ្មោះ​នេះ​សរសេរ​ជា​អក្សរ​ចិន​ថា « 扶南 » (​អាន​ថា ហ្វូណន​)​។ ពាក្យ​« 南 »(​ណន​) ប្រែ​ថា ទិស​ខាងត្បូង​។ រីឯ​ពាក្យ «扶» (​ហ្វូ​) មានន័យថា មាន​ទ្រព្យធន សម្បូណ៌​សប្បាយ ស្រស់បំព្រង សុខសាន្ត​។​ល​។ សរុបមក​«​ហ្វូណន​» មានន័យថា នគរ​សម្បូណ៌​សប្បាយ ចម្រុងចម្រើន​ថ្កើង​ថ្កា​ង នៅ​ខាងត្បូង​ប្រទេស​ចិន​ខ្លួនឯង​។ លោក អ៊ឹម សុខ​រិទ្ធី ពន្យល់​ទៀតថា​ការប្រើប្រាស់​របៀប​ពាក្យ​នេះ អាចមាន​ឧទាហរណ៍​ដូច​ទៅនឹង​ពាក្យ «​អារ្យ​» ដែល​គេ​ប្រើ​ទៅជា​នាមសព្ទ សម្គាល់​ភាព​ថ្គុំ​ថ្កើង និង​ដូច​ការប្រើ​ពាក្យ​«​អង្គរ​» នាពេល​បច្ចុប្បន្ននេះ​ជាដើម​។ ពោលគឺ កាលណា​គេ​និយាយ​ពី​អង្គរ គឺ​មានន័យថា ថ្គុំ​ថ្កើង​និង​រុងរឿង​ដូច្នោះ​ដែរ​។​
 
​ដូច​បានបញ្ជាក់​ខាងដើម​មក ពាក្យ​សុវណ្ណ​ភូមិ​នេះ មានប្រើ​ច្រើន​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ តួយ៉ាង​ប្រទេស​ថៃ ដែល​បាន​ប្រើពាក្យ​នេះ​យ៉ាងខ្លាំង​ក្លា​និង​ជ្រាវ​ជ្រៅ​។ លោក អ៊ឹម សុខ​រិទ្ធី លើកឡើងថា ថៃ​ចាប់ផ្តើម​យកពាក្យ សុវណ្ណ​ភូមិ ប្រើ​ក្នុងន័យ​ផ្សព្វផ្សាយ​លទ្ធិ​ជាតិនិយម រួម​និង​ស្វែងរក​ផលចំណេញ​ផ្នែក​នយោបាយ​ផង​។ លោក​សំអាង​លើក​សិក្សា​របស់​អ្នកប្រាជ្ញ​បាលី​ម្នាក់ ឈ្មោះ Eisel Mazard ដែល​បាន​សរសេរ​អត្ថបទ​មួយ​ផ្សាយ​នៅក្នុង សារពត៌មាន NEWS MADALA នៅ​ឆ្នាំ​២០១០ ដែលមាន​ចំណងជើង​ថា «Cambodia is not a province of Thailand: The modern myth of Suvannabhumi» ថា​ក្នុងសម័យ​នាយករដ្ឋមន្ត្រី ថាក់ស៊ីន លោក​បាន​គំនិត​ជាតិនិយម​ដោយ​ប្រើប្រាស់​ពាក្យ​សុវណ្ណ​ភូមិ​នេះ​។ អត្ថបទ​នេះ​ក៏មាន​បកប្រែ​ជា​ភាសា​ខ្មែរ​ផ្សាយ​ក្នុង​កាសែត​កោះសន្តិភាព នៅពេល​បន្ទាប់​ក្នុង​ឆ្នាំ​នោះដែរ​។ មាន​ឧទាហរណ៍ ដូច​ការ​ដាក់ឈ្មោះ​ព្រលានយន្តហោះ​អន្ដរជាតិ​ថ្មី ថា​ព្រលាន​យន្ត​អន្ដរជាតិ​សុវណ្ណ​ភូមិ​។ អ្នកស្រាវជ្រាវ​បាលី​រូបនេះ​ពន្យល់ថា ថៃ​បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ប្រើប្រាស់​ពាក្យ​នេះ​ប្រហែល​១០០​ឆ្នាំមុន ក្នុង​គោលបំណង​បញ្ចុះបញ្ចូល​ឲ្យ​គេ​យល់ថា ពាក្យ​នេះ​មានកំណើត​ក្នុង​ស្រុកថៃ​។​
 
​លោក Eisel Mazard បាន​ស្រង់​ការបកប្រែ​សិលាចារឹក​ព្រះរាជ​ប​ញ្ញ​តិ​របស់​ព្រះបាទ​អសោក​សរសេរ​លើស​រស​រ​ថ្ម (Delhi Pillar) របស់​អ្នកប្រាជ្ញ Alfred C. Woolner នៅ​ឆ្នាំ​១៩២៤ (Asoka: Text and Glossary) ថា​គ្មាន​រឿង​និយាយ​ទាក់ទង​នឹង​សុវណ្ណ​ភូមិ​និង​សា​សានិ​ក​ទូត​ពីរ​អង្គ​មក​ផ្សាយ​ព្រះពុទ្ធសាសនា​នា​ស​.​វ​.​ទី​៣​មុន​គ​.​ស​.​នៅតាម​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែរ​។​
 
​ថ្មីៗ​នេះ យុទ្ធនា​ជាតិនិយម​និង​សរសេរ​ប្រវត្តិសាស្ត្រ​ទ្បើង​វិញ​ក្នុង​សតវត្ស​ទី​២១​នេះ បាន​ផ្តោតលើ​ការស្រាវជ្រាវ​បុរាណវិទ្យា​។ បុរាណ​វិទូ​ថៃ​ល្បីៗ បានធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ស្ថានីយ៍ U-Thong ខេត្ត Nokhorn Pathom ដែល​បាន​រកឃើញ​បុរាណវត្ថុ​ជាច្រើន​។ ភស្តុតាង​នេះ រឹង​រិត​តែ​ឱ្យ​ថៃ​ប្រឹង​ផ្សព្វផ្សាយ និង​ភ្ជាប់​ខ្លួន​ទៅនឹង​សុវណ្ណ​ភូមិ​នេះ ព្រមទាំង​ស្នើថា ស្ថានីយ៍ U-Thong ជាទី​កំណើត​នៃ​សុវណ្ណ​ភូមិ​ផង​។ នេះ​ជាការ​ស្វែងរក​អត្ដ​សញ្ញាណ​ខ្លួន និង​សរសេរ​ប្រវត្តិសាស្ត្រ​ឡើងវិញ​ដោយ​ភ្ជាប់​ខ្លួន​នឹង​សុវណ្ណ​ភូមិ​។ «​ពាក្យ​សុវណ្ណ​ភូមិ ប្រៀបដូចជា​កត្តា​លី​ករ​មួយ​ក្នុង​រឿង​ជាតិនិយម នយោបាយ និង​និន្នាការ​វាត​ទឹកដី នៃ​រាជការ​ថៃ​តាំងពី​១០០​ឆ្នាំមុន​មក កែសម្រួល​ប្រវត្តិ​ខ្លួន​ពី​ថ្មី​ឱ្យ​ចាស់​ជាងគេ​ក្នុង​តំបន់​»​។ លោក អ៊ឹម សុខ​រិទ្ធី បន្ថែម​។​
 
​កញ្ញា ឆោម គ​ន្ធា លើកឡើងថា ពាក្យ​សុវណ្ណ​ភូមិ អាចជា​ពាក្យ​មួយ​មាន​ហុងស៊ុយ​ក៏​ថា ដោយសារ​មាន​វា​អត្ថន័យ​ល្អ ទើប​ប្រទេសមួយៗ​យកទៅ​ខ្លួន​ទៅ​ភ្ជាប់​។ មួយទៀត ដោយសារ​ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើ​តាំងពី​អំឡុង​ស​.​វ​ទី​២ ឬ​ទី​៣ មក ដូច្នេះ​វា​ចំណេញ​ទាំង​ជាតិនិយម​របស់​ពួកគេ ប្រសិនបើ​ដែន​សុវណ្ណ​ភូមិ​នេះ​ជា​ឈ្មោះ​ពី​ដូនតា​ខ្លួន​ពិតមែន​។ «យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះយើងកំពុងសិក្សាស្រាវជ្រាវនៅឡើយ ថាតើពាក្យសុវណ្ណភូមិ ពិតជាឈ្មោះស្រុកខ្មែរពីអតីតកាលឬយ៉ាងណា»។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ឆោម គ​ន្ធា ទាក់ទងនឹងពាក្យ សុវណ្ណភូមិនេះ។
 
​ដូច្នេះ សរុប​មកវិញ លោក អ៊ឹម សុខ​រិទ្ធី យល់ថា​ពាក្យ «​សុ​វណ៌្ណ​ភូមិ​» (​សរសេរ​តាម​សំស្ក្រឹត​) ប្រហែល​មិនមែនជា​ឈ្មោះ​អតីត​នគរ​ខ្មែរ  ឬ​ស្រុក​ណាមួយ​នៅ​អាស៊ីអាគ្នេយ៍​ដែរ​ទេ​។ ប៉ុន្តែ វា​អាចជា​ការប្រដូច​ស្រុក​ខ្មែរ ដែល​សម្បូណ៌​សប្បាយ ចម្រើន​រុងរឿង មាន​ទេសភាព​ស្រង់​បំព្រង​ប្រៀប​នឹង​រមណីយដ្ឋាន ទៅនឹង​នាមសព្ទ​សំស្ក្រឹត​ប្រកបដោយ​គុណ​ថា​«​សុ​វណ៌្ណ​ភូមិ​»​។ ដូច្នេះ ប្រហែល​មិនមែន​ជាការ​ចៃដន្យ​ទេ ដែល​សម្តេចព្រះ​មហាសុមេធាធិបតី ជោ​ត​ញ្ញា​ណោ ស​ង្ឈ​នាយក​គណៈមហានិកាយ ជួន ណាត បាន​និពន្ធ​បទ​ចម្រៀង​ជាតិ​មួយ ដែល​មនុស្ស​គ្រប់គ្នា​នាំគ្នា​តាម​ថា «​ដែនដី​ខ្មែរ​ប្រែ​ថា​សុវណ្ណ​ភូមិ ខ្មែរ​គ្រប់​ភូមិ​រមណីយដ្ឋាន រៀង​ដរាប​ត​មកពី​បុរាណ​...» ៕
 
 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com