ជាតិ
​​​ន​យោ​បាយ​ជាតិ​
​សម្តេច ហ៊ុន សែន​៖ លោក ជេ​ម សុខ វិភាគ​ត្រូវ​ខ្លះ តែ​លោក មាស នី ខុស​ទាំងអស់​
04, Mar 2019 , 11:06 am        
រូបភាព
ពីឆ្វេងទៅស្តាំ លោក ជេម សុខ លោក មាស នី និង​លោក ឡៅ ម៉ុងហៃ
ពីឆ្វេងទៅស្តាំ លោក ជេម សុខ លោក មាស នី និង​លោក ឡៅ ម៉ុងហៃ
​ភ្នំពេញ​៖ អ្នកវិភាគ​ចំនួន​៣​នាក់ ដែល​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមដាន​រាល់​ពាក្យសម្ដី និង​ទស្សនៈ​របស់​ពួកគេ ជុំវិញ​បញ្ហា​នានា នៅក្នុង​ប្រទេស​កម្ពុជា​។ នោះ​គឺ​លោក មាស នី ,​លោក ឡៅ ម៉ុងហៃ និង​លោក ជេ​ម សុខ ឬ សុខ សុគន្ធ​។​



​មនុស្ស​ទាំង​៣​នាក់ ដែល​សម្ដេច ហ៊ុន សែន និយាយ​ចំៗ​ឈ្មោះ​នេះ គឺមាន​អ្នកវិភាគ​ត្រូវ​ខ្លះ និង​ខុសតែម្ដង​។ តាមរយៈ​ការ​ស្ដាប់​និង​តាមដាន​កន្លងមក សម្ដេច ហ៊ុន សែន បាន​ឲ្យ​តម្លៃ​ការវិភាគ​របស់លោក ជេ​ម សុខ ចំនួន​៣០​ភាគរយ ។ ដ្បិត​ពលរដ្ឋ​ខ្មែរ​រស់នៅ​អាមេរិក​រូបនេះ ដែល​គេ​សង្កេតឃើញថា ភាគច្រើន​ចេញមុខ​វិភាគ​លើ​ចំណុច​អវិជ្ជមាន​របស់​គណបក្ស​ប្រឆាំង​ក្តី តែ​សម្ដេច អះអាងថា លោក ជេ​ម សុខ វិភាគ​១០​លើក ទទួលយកបាន​៣​លើក ហើយ​ផ្ទុយ​ពី​លោក ឡៅ ម៉ុងហៃ ដែល​វិភាគ​១០​ករណី ទទួលយកបាន​១​ករណី​ទេ លើ​បញ្ហា​សង្គម​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​។ ចំណែក​លោក មាស នី ដែលជា​អ្នកស្រាវជ្រាវ​បញ្ហា​សង្គម​វិញ មាន​ភាពអវិជ្ជមាន​ខ្លាំង​មែនទែន​។ សម្រាប់​សម្ដេច ហ៊ុន សែន រាល់​ការវិភាគ​របស់លោក មាស នី ចំនួន​១០​លើក​ជុំវិញ​ការដឹកនាំ​រដ្ឋាភិបាល គឺមាន​ភាពអាក្រក់​ទាំង​១០ ដោយ​គ្មាន​ចំណុច​វិជ្ជមាន​ណា ដែល​សម្ដេច ទទួលយក​បានឡើយ​។

​ទោះជា​ការវិភាគ វា​តែងតែមាន​ចំណុច​ល្អ និង​អាក្រក់ របស់​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ក្តី ក៏​សម្ដេច ហ៊ុន សែន ត្រូវ​ទទួលយក​រឿងនេះ​។ ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នៅ​ថ្ងៃទី​៤ មីនា សម្តេចនាយក​រដ្ឋមន្ត្រី នៅ​លើកទឹកចិត្ត​ឲ្យ​អ្នកវិភាគ​ខាង បញ្ចេញ​រាល់​ទស្សនៈ​ខ្លួន ដើម្បី​ជា​គតិ​សម្រាប់​ការដោះស្រាយ​បញ្ហា​ជាតិ​ដែរ​៕


Tag:
 សម្តេច ហ៊ុន សែន​
  អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com