រថយន្ត
អន្តរជាតិ
ថៃរឹតបន្តឹងការនាំចូលរថយន្តមួយទឹកពីបរទេស សម្រាប់យុទ្ធនាការប្រឆាំងខ្យល់កខ្វក់ រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Chutima Bunyapraphasara
× រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Chutima Bunyapraphasara បានអះអាងថា រដ្ឋាភិបាលនឹងឈានដល់ការរឹតត្បិតទីផ្សារនាំចូលរថយន្តមួយទឹកពីបរទេស។ នេះបើតាមការផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍ ដោយអះអាងថា ជាផ្នែកមួយនៃការការពារបរិស្ថាន និងការកាត់បន្ថយខ្យល់កខ្វក់។
ក្រោយការពិភាក្សាជាមួយស្ថាប័ន និងភ្នាក់ងារពាក់ព័ន្ធជាង១៥លើករួចមក ការរឹតបន្តឹងបទបញ្ជាលើការនាំចូលរថយន្តដែលប្រើប្រាស់រួចពីបរទេស នឹងក្លាយជារបៀបវារៈមួយរបស់ជាតិ។ការហាមប្រាមថ្មីនេះ នឹងត្រូវអនុវត្តតែទៅលើការនាំចូលរថយន្តមួយទឹកសម្រាប់ប្រើជាលក្ខណៈឯកជនដោយមិនរាប់បញ្ចូល ការនាំចូលរថយន្តធុនធំមួយទឹក, រថយន្តសម្រាប់សហគ្រាសឯកជននិងមន្ត្រីរាជការ, រថយន្តរបស់មន្ទីរពេទ្យ, រថយន្តពន្លត់អគ្គិសនី និងការនាំចូលដើម្បីនាំចេញបន្ត។ បើតាមសារព័ត៌មានដដែល ក្រសួងពាណិជ្ជកម្មថៃ នឹងបញ្ជូនសំណើនេះទៅកាន់គណៈរដ្ឋមន្ត្រីនាពេលឆាប់ៗនេះ។
តាមពិតទៅ ការនាំចូលរថយន្តមួយទឹកសម្រាប់ប្រើជាលក្ខណៈឯកជន គឺមានចំនួនតិចតួច មានត្រឹមតែ១០០គ្រឿងប៉ុណ្ណោះកាលពីឆ្នាំ២០១៨។ នេះបើតាមទិន្នន័យរបស់នាយកដ្ឋានពន្ធគយថៃ។ លោកស្រី Chutima លើកឡើងថា ករណីនៃការរត់ពន្ធរថយន្តមួយទឹកដើម្បីយកទៅលក់ក្នុងប្រទេសថៃ អាចមានចំនួនច្រើនសន្ធឹកសន្ធាប់ ពោលគឺច្រើនជាងចំនួនដែលត្រូវបានរាយការណ៍ដល់នាយកដ្ឋានពន្ធគយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ការប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់ត្រូវបានដាក់បញ្ចូលទៅក្នុងរបៀបវារៈជាតិរបស់ថៃ ដែលប្រមែប្រមូលភ្នាក់ងារពាក់ព័ន្ធទាំងអស់ឲ្យ ចាត់វិធានការចាំបាច់ក្នុងគោលដៅដោះស្រាយបញ្ហាខ្យល់កខ្វក់។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា កាលពីថ្មីៗនេះ ក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងសំណុំរឿងខ្យល់កខ្វក់ ស្វែងរកមធ្យោបាយទប់ស្កាត់ប្រជាកសិករថៃពីការដុតព្រៃឈើដើម្បីយកដីធ្វើកសិកម្ម។ ដ្បិតរដ្ឋាភិបាលអះអាងថា ការអនុវត្តរបៀបនេះបង្កើនកម្រិតជាតិពុលក្នុងខ្យល់៕
© រក្សាសិទ្ធិដោយ thmeythmey.com