សង្គមអន្តរជាតិ
អន្តរជាតិ
គ្រូម្នាក់ជួយពរកូនស្រីរបស់សិស្សខ្លួន ដើម្បីឲ្យគេអាចកត់ត្រាមេរៀន
× លោក Nathan Alexander ជាគ្រូបង្រៀនគណិតវិទ្យាម្នាក់នៅសាលា Morehouse College នៃ Atlanta University Center នាក្រុងអាត្លង់តា រដ្ឋចរចា សហរដ្ឋអាមេរិក។ កាលពីពេលថ្មីៗកន្លងមកនេះ កូនសិស្សម្នាក់របស់លោក បានយកកូនទៅខ្លួន ដោយសារតែគេមិនអាចរកកន្លែងមើលថែក្មេងទាន់ពេលវេលា។ លោក Nathan បានយកក្មេងទៅពរ ដោយទុកឲ្យសិស្សអាចងាយស្រួលកត់ត្រាមេរៀន។
រូបថត លោក Nathan ពរក្មេងបណ្តើរ ពន្យល់មេរៀនគណិតវិទ្យាបណ្តើរ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយគណនីឈ្មោះ Original Vaughn ដែលជាកូនសិស្សម្នាក់របស់លោក។ គណនីនោះ បានសរសេរថា៖ «សិស្សម្នាក់បានមកដល់ថ្នាក់រៀនដោយកូនមកជាមួយ ដោយសារគ្មានកន្លែងមើលកូន ឬក៏គ្មានអ្នកណាម្នាក់ទទួលមើលកុមារីរូបនោះ»។
ម្ចាស់គណនីបានបន្ថែមដោយដកស្រង់សំដីគ្រូរបស់ខ្លួនថា៖ «ខ្ញុំអាចពរកូនឲ្យបាន សូមកត់ត្រាមេរៀនឲ្យបានល្អទៅចុះ»។ ទារិកានោះមានឈ្មោះថា Assata ជាកូនស្រីរបស់និស្សិតប្រុសឈ្មោះ Wayne Hayer។
យោងតាមការផ្សាយរបស់ BuzzFeed News លោក Nathan ពរ Assata រយៈពេល៥០នាទីពេញនៅពេលបង្រៀន ហើយពរបន្ថែមពី១០ ទៅ១៥នាទី ក្រោយពេលដែលបើកឲ្យនិស្សិតសួរសំណួរទាក់ទងនឹងមេរៀនដែលលោកបង្រៀន។
រូបភាពរបស់ Nathan ទាក់ទាញអារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គម ដោយអ្នកខ្លះលើកឡើងថា គ្រូអាចធ្វើអ្វីគ្រប់បែបយ៉ាង ក្រៅពីការងារបង្រៀន។ លោក Nathan បានរៀបរាប់ថា៖ «លោកមិនធ្លាប់មានកូនឡើយ ហើយលោកភ័យយ៉ាងខ្លាំង ខ្លាចក្មេងយំ ប៉ុន្តែអ្វីៗដំណើរការល្អ ពីព្រោះក្មេងស្រីនោះស្លូតខ្លាំងណាស់»។
គ្រូបង្រៀនរូបនេះ បានលើកឡើងថា លោកតែងតែសង្កេតឃើញ និស្សិតឈ្មោះ Hayer ចេញមុនម៉ោងញឹកញាប់ដើម្បីទៅមើលកូនស្រី។ បន្ថែមពីនេះ គេក៏ធ្លាប់សុំការអនុញ្ញាតយកកូនទៅថ្នាក់រៀនផងដែរ។
អ្នកស្រី Firda ដែលជាម្តាយរបស់ Assata បានបញ្ជាក់ថា គាត់ និងស្វាមី ទើបមានកូនដំបូង ខណៈពួកគាត់រវល់ការងាររៀងៗខ្លួន។ លោក Hayer ធ្វើការពីរកន្លែង ហើយឆ្លៀតរៀនពេញម៉ោងទៀត។ គាត់រៀបរាប់ថា៖ «យើងនៅឆ្ងាយរាប់សិបគីឡូម៉ែត្រពីគ្រួសារ និងមិត្តភក្តិ ខ្ញុំយកកូនតាមខ្លួនជាញឹកញាប់ ហើយស្វាមីខ្ញុំ ចង់ឲ្យខ្ញុំសម្រាកខ្លះ គាត់សម្រេចចិត្តមើលកូនផង និងរៀនផង។ នេះជាជីវិតឪពុកម្តាយដំបូង»។
ភរិយា លោក Hayer សំដែងនូវការដឹងគុណចំពោះលោក Nathan ដែលមានការយោគយល់ចំពោះស្វាមី ហើយថែមទាំងជួយមើល Assata នៅពេលកំពុងបង្រៀនថែមទៀត។ អ្នកស្រីថា នេះជាក្តីស្រឡាញ់មួយដ៏ធំធេង៕
© រក្សាសិទ្ធិដោយ thmeythmey.com