ONE Championship
កីឡាជាតិ
ជាតិ
នៅ ស្រី​ពៅ ចង់​សាក​ថ្វីដៃ​ជាមួយ​ជើងឯក​មួយ​ថៃ Stamp Fairtex
04, Mar 2019 , 10:59 pm        
រូបភាព
ដោយ​៖ Matias Andres

​អ្នក​ប្រដាល់​គុន​ខ្មែរ នៅ ស្រី​ពៅ បានបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុងការ​ប្រកួត​គុន​ចម្រុះ MMA លើកដំបូង ដោយបាន​ផ្ដួល​កំពូល​តារា​ថៃ Rika “Tiny Doll” Ishige នៅ ONE: CLASH OF LEGENDS នាទី​ក្រុង​បាងកក កាលពី​ថ្ងៃទី​១៦​ខែកុម្ភៈ​។​


 
​ការប្រកួត​ពេញ​៣​ទឹក កីឡាការិនី​កម្ពុជា​ដែលមាន​កណ្ដាប់ដៃ​ធ្ងន់ បាន​គ្រប​លើស​ម្ថ​ភាព Rika ក្នុងការ​ប្រកួត​ដែល​ភាគច្រើន​ឈរ​វាយ​បែប​គុន​ខ្មែរ និង​បិទ​មិន​ឲ្យ Rika ចូលចាប់​ផ្ដួល​បាន​ទាល់តែសោះ​។​
 
​ពេលនេះ កីឡាការិនី​តំណាង​ក្លិប Cambodian Top Team វ័យ​២៤​ឆ្នាំ ប៉ង​សាក​សមត្ថភាព​ជាមួយ​តារា​ឆ្នើមៗ​របស់ ONE Championship ដូចជា ជើងឯក ONE Super Series Atomweight Kickboxing & Muay Thai World Champion: កីឡាការិនី Stamp Fairtex ក្នុងការ​ប្រកួត​បន្ទាប់​របស់ខ្លួន​។​
 
«​តាំងពី​ខ្ញុំ​ប្រកួត​ឈ្នះ Rika មក មតិ​ភាគច្រើន​ចង់ឃើញ​ខ្ញុំ​ប៉ះ​ជាមួយ​ជើងឯក​២​វិញ្ញាសា​របស់ ONE: Stamp Fairtex​។ ខ្ញុំ​គិតថា​ខ្ញុំ​ចង់​ប្រកួត​ជាមួយ​គាត់​ដែរ ព្រោះ​គាត់​មាន​ទម្ងន់ ៥២.៥​គីឡូ​ដូច​ខ្ញុំ »​។​


 
​ក្នុងនាម​ជា​ជើងឯក​គុន​ខ្មែរ និង​ជា​ជើង​ខ្លាំង​ដែល​ទទួលបាន​ការគោរព​ក្នុង​សង្វៀន Lethwei ស្រី​ពៅ មាន​អារម្មណ៍​ថា​នាង​មាន​ទំនុកចិត្ត​ខ្ពស់ជាង​មុន​ក្នុងការ​ប្រកួត​បែប​ឈរ​ដូច​គុន​ខ្មែរ​។​
 
​ប៉ុន្តែ​ទោះបី​នាង​ព្រម​ទទួលយក​ការប្រកួត​ទល់នឹង​ជើងឯក​២​វិញ្ញ​សារ​បស់​ថៃ​ដោយ​ក្ដី​រីករាយ​ក៏ដោយ តែ ស្រី​ពៅ ដាក់ខ្លួន​មែនទែន និង​សរសើរ​ជើងឯក ONE Muay Thai World Champion ខ្លាំងណាស់​។​
 
​ស្រី​ពៅ និយាយថា​៖ «​បើ​ប្រៀបធៀប​ជាមួយ​គាត់ ខ្ញុំ​ល្អ​មិនទាន់បាន​ពាក់កណ្ដាល​គាត់​ផង​។ តែ​ប្រសិន ONE ផ្គូរ​ផ្គង​ឲ្យ​ខ្ញុំ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ណា​ក៏​ខ្ញុំ​ប្រកួត​ដែរ ខ្ញុំ​មិន​ខ្លាច​ទេ​។ ខ្ញុំ​បាន​មើល​របៀប​ដែល​គាត់​វាយ​ដើម្បី​ដឹងថា​គេ​ខ្លាំង​អី យើង​ត្រូវ​ហាត់​ត្រៀម​អី​ខ្លះ ដូច​កាល​ខ្ញុំ​ប្រកួត​ទល់នឹង Rika អីចឹង​។ Stamp អស្ចារ្យ​ណាស់​។ គាត់​ប្រើ​ដៃ​ទាំង​២​បានល្អ​ណាស់ ហើយ​ទាត់​ខ្លាំង​មែនទែន​។ គាត់​ល្អ​ដូច Superlek អីចឹង​»​។​
 
​ដោយមាន​មូលដ្ឋាន​គុន​ខ្មែរ​រឹងមាំ ស្រី​ពៅ ក៏មាន​អាជីព​ដ៏​ជោគជ័យ​នៅ​សង្វៀន World Lethwei Championship របស់​មី​យ៉ាន់​ម៉ា​ផងដែរ ដោយ​ប្រកួត​មិនដែល​ចាញ់​និង​ថែមទាំង​ឈ្នះ​ពានរង្វាន់ Female Fighter of the Year នៅ WLC ថែមទៀត​។​
 
​ទោះបី​នាង​បានបង្ហាញ​សមត្ថភាព​លើកដំបូង​ដែល​មិនអាច​បំភ្លេចបាន​នៅ ONE Championship មែនពិត ប៉ុន្តែ​ស្រី​ពៅ​មិនសូវមាន​បទពិសោធ​ខាង​ចាប់​កាច់​ទេ​។​
​ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​សម្រាប់​ការប្រកួត​គុន​ចម្រុះ​លើក​ក្រោយ​ទល់នឹង​គូបដិបក្ខ​ដែលមាន​ជំនាញ​ចាប់​កាច់​កាន់តែ​ខ្ពស់ជាង​មុន​នោះ ស្រី​ពៅ កំពុង​ខិតខំ​ហ្វឹកហាត់​ពង្រឹង​ចំណុច​នេះ​ជាប្រចាំ​។​
 
​ស្រី​ពៅ បញ្ជាក់ថា​៖ «​ឥឡូវនេះ រឿង​តែមួយគត់​ដែល​ខ្ញុំ​គិត​គឺ​ហាត់​ឲ្យ​ខ្លាំង​ជាង​មុន​ទ្វេដង​។ រាល់ថ្ងៃ​ខ្ញុំ​គិតតែ​ប៉ុណ្ណឹង គឺ​ចង់តែ​ហាត់ ហើយ​ហាត់​ឲ្យ​ខ្លួនឯង​កាន់តែខ្លាំង​។ គ្រូបង្វឹក​របស់ខ្ញុំ (​ហ៊ុន ចាន់​រាជ្យ​) បាន​ប្រាប់​ខ្ញុំ​ឲ្យ​ហាត់​ចាប់​កាច់​រាល់ថ្ងៃ​ដើម្បី​រួចរាល់​សម្រាប់​ពេល ONE Championship ហៅ​ទៅ​ប្រកួត​ទៀត​។ រាល់ថ្ងៃ​មាន​អ្នកគាំទ្រ​ខ្ញុំ​ច្រើន ខ្ញុំ​រំភើប​ណាស់ ហើយ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​កាន់តែ​ល្អ​លើស​នេះ​ទៀត​ក្នុងការ​ប្រកួត​បន្ទាប់​»៕
 

Tag:
 ONE Champioship
  នៅ ស្រី​ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com