ជាតិ
សង្គមជាតិ
មន្ត្រី​ជំរឿន​ម្នាក់​នៅ​ត្រាំកក់ ខេត្តតាកែវ ប្តឹង​បុរស​ម្នាក់​ដែល​ធាក់​ខ្លួន​៤​ជើង ពេល​បំពេញការងារ​
05, Mar 2019 , 10:37 am        
រូបភាព
បុរសឈ្មោះ មិន សុក ត្រូវបានអធិការដ្ឋាននគរបាលស្រុកត្រាំកក់ចាប់ខ្លួន។ រូបថត ផ្តល់ដោយណុប កនណាវុឌ្ឍ
បុរសឈ្មោះ មិន សុក ត្រូវបានអធិការដ្ឋាននគរបាលស្រុកត្រាំកក់ចាប់ខ្លួន។ រូបថត ផ្តល់ដោយណុប កនណាវុឌ្ឍ
​ភ្នំពេញ​៖ មន្ត្រី​ជំរឿន​ម្នាក់​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ បានដាក់​ពាក្យ​ប្តឹង​ពលរដ្ឋ​ម្នាក់​ដែល​បាន​ប្រើ​ហិង្សា រួមទាំង​ពាក្យសម្តី​ប្រមាថ និង​រារាំង​មិន​ឲ្យ​ខ្លួន​ចុះ​បំពេញ​សំណុំ​ឯកសារ​ការងារ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ណុប កន​ណា​វុ​ឌ្ឍ អ្នកនាំពាក្យ​ក្រសួងផែនការ មកកាន់​សារព័ត៌មាន ThmeyThmey​។​



​លោក យ៉ាង សុភាព មន្ត្រី​ជំរឿន និង​ជា​គ្រូបង្រៀន​ម្នាក់​ផងដែរ​នោះ បាន​អះអាងថា រង​ការ​ធាក់​រហូតដល់​ទៅ​៤​ជើង​ពី​បុគ្គល​ម្នាក់​ឈ្មោះ មិន សុក នាពេល​ដែល​លោក​បំពេញការងារ​នៅ​ភូមិ​រំពា​ក់​ពេន ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃទី​១ ខែមីនា ពោលគឺ​ពីរ​ថ្ងៃមុន​ការធ្វើជំរឿន​ផ្លូវការ​។​

​លោក ណុប កន​ណា​វុ​ឌ្ឍ អ្នកនាំពាក្យ​ក្រសួងផែនការ បាន​បញ្ជាក់ថា ចន្លោះ​ពីថ្ងៃ​ទី​២៨ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា មន្ត្រី​ជំរឿន បាន​ចុះបញ្ជី​គ្រួសារ (Listing) និង​ដើរ​បិទ​ស្ទីក​ឃឺ​រ នៅតាម​ផ្ទះ​នីមួយៗ មុន​ថ្ងៃ​ធ្វើ​ជំរឿន​ផ្លូវការ​ចន្លោះ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​១៣ ខែមីនា​។ លោក យ៉ាង សុភាព បាន​ទៅដល់​ផ្ទះ​អ្នកភូមិ​ឈ្មោះ មិន សៅ កាលពី​វេលា​ម៉ោង​១០​កន្លះ​ព្រឹក​ថ្ងៃទី​១ ខែមីនា ប៉ុន្តែ​ពេលនោះ ស្រាប់តែ​បុគ្គល​ឈ្មោះ មិន សុក ដែលជា​បងប្អូន​ម្ចាស់ផ្ទះ បានចេញ​មករា​រាំង និង​បង្អាក់ការងារ​ខ្លួន​។​



​បើតាម​អ្នកនាំពាក្យ លោក មិន សុក មិន​ត្រឹមតែ​រារាំង​ការងារ​របស់លោក យ៉ាង សុភាព ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​យក​ឯកសារ​ការងារ​ពា​ក់​ព័ន្ធ​គ្រួសារ​នៅ​បណ្តា​ជិត​៦០​ខ្នង ហែក​ចោល​ផងដែរ​។ «​លោក មិន សុក ទំនងជា​ស្រវឹងស្រា និង​មានគំនិត​ប្រកាន់​បក្សពួក និង​មិន​យល់​ពី​ការធ្វើ​ជំនឿ​របស់​រដ្ឋាភិបាល បានធ្វើ​សកម្មភាព​រារាំង​បែបនេះ​»​។

​ក្នុង​ពាក្យបណ្តឹង​របស់ខ្លួន​ដែល​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ លោក យ៉ាង សុភាព ស្នើ​ឲ្យ​មានការ​ដាក់ទោស​ឈ្មោះ មិន សុក ទៅតាម​នីតិវិធី និង​ទម្ងន់ទោស​ជាក់ស្តែង​។ តាម​ពាក្យបណ្តឹង បុគ្គល​ឈ្មោះ មិន សុក ក៏បាន​ជេ​ប្រមាថ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ផងដែរ​។​

​ការធ្វើជំរឿន​ផ្លូវការ​លើកដំបូង​កាលពី​ឆ្នាំ​១៩៩៨ កម្ពុ​ជាមាន​ពលរដ្ឋ​ចំនួន​១១,៤៣៧,៦៥៦​នាក់ ហើយ​ឡើងដល់ ១៣,៣៩៥,៦៨២​នាក់​នៅ​ឆ្នាំ​២០០៨ ។ នៅ​ឆ្នាំ​២០១៥ អង្គការសហប្រជាជាតិ បាន​ប៉ាន់ប្រមាណ​ថា ចំនួន​ប្រជាជន​កម្ពុជា​កើន​ដល់​១៥,៥៨​លាន​នាក់​៕

Tag:
 ជំរឿន
© រក្សាសិទ្ធិដោយ thmeythmey.com