ជាតិ
សេដ្ឋកិច្ច
ការស្រាវជ្រាវ​ថា​ប្រាក់​បញ្ញើ​ធ្វើឱ្យ​គ្រួសារ​ជន​ចំណាកស្រុក​ជំពាក់​បំណុល​កាន់តែខ្លាំង​
05, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រាក់​បញ្ញើ​ពី​ក្រៅប្រទេស​របស់​ពលករ​ចំណាកស្រុក​មិនអាច​ជួយ​ដោះ​បន្ទុក​ប្រាក់​បំណុល​របស់​ក្រុមគ្រួសារ​ទេ​។ ផ្ទុយទៅវិញ វា​បាន​ក្លាយជា​អន្ទាក់​មួយ​ធ្វើឱ្យ​មានការ​ជំពាក់​បំណុល​កាន់តែខ្លាំង​ឡើង​ក្នុង​រយៈពេល​យូរ ដែល​អាចធ្វើឱ្យ​កសិករ​ធ្លាក់​ក្នុង​ភាពក្រីក្រ​កាន់តែ​ជ្រៅ​។ នេះ​បើតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​។

 
​ការសិក្សា​ស្រាវជ្រាវ​របស់​វេទិកា​អនាគត​បានចេញ​ផ្សាយ​កាលពី​ខែមករា ដោយ​ពិនិត្យ​លើ​ទំនាក់ទំនង​គ្នា​រវាង​ប្រាក់​ដែល​ពលករ​ចំណាកស្រុក​ផ្ញើ​ពី​បរទេស​និង​ការ​ជំពាក់​បំណុល​ក្នុងប្រទេស​កម្ពុជា បាន​រកឃើញថា ដោយសារតែ​សំអាង​លើ​ប្រាក់​បញ្ញើ ក្រុមគ្រួសារ​របស់​ពួកគេ​ប្រថុយ​ខ្ចីបុល​ប្រាក់​ពី​ធនាគារ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឬ​ពី​អ្នកផ្តល់​ប្រាក់កម្ចី​ឯកជន​យកមក​ចំណាយ ដើម្បី​ពង្រីក​របរ​កសិកម្ម និង​ការចំណាយ​ប្រចាំថ្ងៃ​លើ​សេវា​សុខាភិបាល កម្មវិធី​បុណ្យទាន និង​ទិញ​សម្ភារៈប្រើប្រាស់​ជាដើម​។​
 
​ការសិក្សា​ស្រាវជ្រាវ​ដែលមាន​ចំណងជើង​ថា​« អន្ទាក់​បំណុល​កម្ពុជា​? ការសិក្សា​ពី​ទំនាក់ទំនង​រវាង​ប្រាក់​បញ្ញើ​និង​បំណុល​គ្រួ​សារ‍​»​បាន​បន្ថែមថា​៖
 
«​ស្ថានភាព​នៃ​ប្រាក់​បញ្ញើ​និង​បំណុល​ក្នុង​បរិបទ​កម្ពុជា​ក្នុង​រយៈពេល​ខ្លី គឺ​ប្រាក់​បញ្ញើ​ទាំងនេះ​អាច​ចាត់ទុកថា ជា​វិជ្ជមាន​ដោយសារ​វា​ជួយ​ក្រុមគ្រួសារ​ពលករ​ចំណាកស្រុក​សម្រេចបាន​តម្រូវការ​ក្នុង​ជីវភាព ដែលមាន​ដូចជា​អាហារ មធ្យោបាយ​ធ្វើដំណើរ និង​លំនៅដ្ឋាន​។ ប៉ុន្តែ​ក្នុង​រយៈពេល​យូរ គ្រួសារ​ពលករ​ចំណាកស្រុក​អាច​នឹង​ជាប់ជំពាក់​បំណុល​កាន់តែច្រើន ដោយសារតែ​ប្រាក់កម្ចី​មិន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្កបង្កើនផល​ទ‍េ​​»​។​
 
​លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​បាន​បញ្ជាក់ថា​៖
 
«​កត្តា​ដែល​គាត់​មាន​បំណុល​ធ្វើឱ្យ​គាត់​ធ្វើ​ចំណាកស្រុក ប៉ុន្តែ​អ្វីដែល​យើង​រកឃើញ​គឺ មិនមែន​តែ​ប៉ុណ្ណឹង​ទេ​។ យើង​រកឃើញថា អ្នក​ដែល​ធ្វើ​ចំណាកស្រុក​បន្ទាប់ពី​គាត់​មាន​លុយ​ច្រើន ហើយ​បាន​គាត់​បន្ត​មាន​បំណុល​ច្រើនជាង​មុន​ទៅទៀត​។ មិនមែន​បំណុល​ធ្វើឱ្យ​គាត់​ចំណាកស្រុក​ទេ ឥឡូវនេះ​ចំណាកស្រុក​ធ្វើឱ្យ​គាត់​មាន​បំណុល​ថែ​ម‍​។ នេះ​ជាការ​សិក្សា​មួយ​ដែល​យើង​មើលឃើញ​ខុសពី​ទិន្នន័យ​ដទៃ​»​។​
 
​ការសិក្សា​ធ្វើឡើង​ដោយ​លោក ឡោ សំណាង អ្នកស្រាវជ្រាវ​នៃ​វេទិកា​អនាគត​បាន​បន្ថែមថា ប្រាក់​បញ្ញើ​បានរួម​ចំណែក​ធ្វើឱ្យ​បន្ទុក​បំណុល​កើនឡើង​យ៉ាងហោចណាស់​៦​ភាគរយ​ដែរ​។​
 
​បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ចំនួន​១,៨​លាន​នាក់​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​នៅតាម​ឧស្សាហកម្ម​គ្រឿង​សមុទ្រ សំណង់ រោងចក្រ​កាត់ដេរ រោងចក្រ​ផលិត​កង់ ឧស្សាហកម្ម​ទេសចរណ៍ និង​តាម​ចំការ​ដំណាំ​ជាដើម​។ ពួកគេ​ផ្ញើ​ប្រាក់​ទៅ​ក្រុមគ្រួសារ​វិញ​ជាច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ ក្នុង​ឆ្នាំ​២០១៨ ពួកគេ​ផ្ញើ​ប្រាក់​ចំនួន​៤១៤​លាន​ដុល្លារ​ទៅឱ្យ​ក្រុមគ្រួសារ​។ នេះ​បើតាម​តួលេខ​ឆ្នាំ​២០១៨​របស់​ធនាគារពិភពលោក​។​
 
​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​បានបញ្ជាក់​បន្ថែមថា បំណុល​ជា​បញ្ហា​ដ៏​ធំ​ទី​ពីរ​ដែល​កសិករ​ប្រឈមមុខ បន្ទាប់ពី​បញ្ហា​កង្វះ​ទីផ្សារ​សម្រាប់​កសិផល​។ កសិករ​ខ្មែរ​ជំពាក់​ប្រាក់កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​យ៉ាងហោចណាស់​ពី​២​រហូតដល់​៥​ស្ថាប័ន​។​
 
​លោក​ថេ​ង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​បានបញ្ជាក់​បន្ថែមថា បំណុល​និង​ចំណាកស្រុក​ជា​បញ្ហា​ពីរ​ដែល​វិលវល់​ប្រទាក់ក្រឡា​គ្នា​៖
 
«​អីចឹង​កត្តា​សំខាន់​គឺ​ជីវភាព​របស់គាត់​កាន់តែ​យ៉ាប់យឺន ហើយ​ការប្រកបមុខរបរ​នៅតាម​តំបន់​ជនបទ គឺ​ពិបាក​ទៅទៀត គឺ​ស្រូវ​ឬ​ផលិតផល​កសិកម្ម​គាត់​មិនមាន​ទីផ្សារ​គ្រប់គ្រាន់ ហ្នឹងហើយ​ដែល​ធ្វើឱ្យ​ពួកគាត់​ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ទៅ​ប្រកបមុខរបរ​ផ្សេងៗ​។ អ្នកខ្លះ​រត់​ម៉ូតូឌុប អ្នកខ្លះ​ធ្វើ​សំណង់ អ្នកខ្លះ​ធ្វើ​លើ​សេវាកម្ម ឬក៏​អ្នកខ្លះ​ជា​អ្នក​លាងចាន ឬក៏​លក់ដូរ​បន្តិចបន្តួច​ស​ម្រា​ប់​ចិញ្ចឹមជីវិត និង​ដោះស្រាយ​បំណុល​ធនាគារ​ដែល​គាត់​ជំ​ពា​ក‍់​»​។​


 រូបឯកសារ៖ ធនាគារ​អេស៊ីលីដា​ ប្រចាំរាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី១៩ កុម្ភៈ ២០១៧។ (នៅ វណ្ណារិន/VOA)
 
​អត្រា​ការប្រាក់​ដែល​កសិករ​ខ្ចី​ពី​ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ គឺ​ស្ថិតនៅក្នុង​រង្វង់​២០​ភាគរយ​ក្នុង​មួយឆ្នាំៗ ខណៈដែល​ការខ្ចីប្រាក់​ពី​អ្នក​ចងការ​ប្រាក់​ឯកជ​ន​មាន​រហូតដល់​ជិត​៣០​ភាគរយ​។ បច្ចុប្បន្ន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុ​ជាមាន​សមាជិក​ចំនួន​៩៦​ស្ថាប័ន​។​
 
​អ្នកជំនាញ​កសិកម្ម​មើ​ល​ឃើញថា ទន្ទឹមគ្នា​នឹង​ចំនួន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​កើនឡើង ចំនួន​កសិករ​ខ្មែរ​ជំពាក់​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក៏​កាន់តែច្រើន​ដែរ ហើយ​ហានិភ័យ​នឹង​កើតមានឡើង​ក្នុង​រយៈពេល​បួន​ឬ​ប្រាំ​ឆ្នាំ​ទៅមុខទៀត បើសិនជា​មិនមាន​ការកែប្រែ​គោលនយោបាយ​ទេនោះ​។​
 
​លោក​បណ្ឌិត​យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម​និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មើលឃើញថា ក្រៅពី​ខ្ចី​បំណុល​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ដែល​កសិករ​ពិបាក​រកប្រាក់​សង​វិញ​ឱ្យទាន់ពេល ក៏​នៅមាន​អ្នកខ្លះ​ទៀត​ដែល​ពួកគាត់​យកមក​វិនិយោគ​លើ​របរ​កសិកម្ម ហើយ​ជួបប្រទះ​បញ្ហា​ប្រឈម​ផងដែរ​។​
 
​លោក​យ៉ង សាំង​កុមារ បាន​បន្ថែមថា​៖ «​ក៏ប៉ុន្តែ​វិស័យ​កសិកម្ម​យើង​គួរឱ្យ​អភ័ព្វ​ទាក់ទង​នឹង​បញ្ហា​ទីផ្សារ និង​ការប្រកួតប្រជែង ទាក់ទង​តម្លៃ​ក៏​ធ្វើឱ្យ​កសិករ​ភាគច្រើន​មិនសូវ​បាន​ប្រាក់ចំណេញ​ដើម្បី​យកមក​ដោះ យកមក​សងបំណុល​។ យើង​ឃើញ​បញ្ហា​ហ្នឹង​កាន់តែខ្លាំង​ឡើងៗ គឺ​ដាច់​ខែ​មិនទាន់​ទេ ពួកគាត់​មានការ​ភ័យខ្លាច​ក្នុងការ​រកលុយ​ដើម្បី​សង​គេ​។ រឿង​ហ្នឹង​វា​អាចជា​ហានិភ័យ​មួយ​ធំ​សម្រាប់​កម្ពុជា​យើង​ក្នុង​រយៈពេល​៤ ឬ​៥​ឆ្នាំ​ខាងមុខ​ទៀ​ត‍​»​។​
 
​អតីត​គណបក្សប្រឆាំង​បាន​រិះគន់​គោលនយោបាយ​កសិកម្ម​ក​ម្ពុ​ជា​ថា បរាជ័យ​ក្នុងការ​ស្វែងរក​ទីផ្សារ​សម្រាប់​កសិករ​និង​សម្រួល​ដល់​ការផលិត​។​
 
​លោកស្រី​មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​៖
 
«​រឿងនេះ​ធំ​ណាស់​។ រឿង​ចំណាកស្រុក​នេះ​ដោយសារ​បំណុល ពីព្រោះ​បំណុល​នេះ​មិនមែន​យកមក​ត្រឹមតែ​ជា​របរ​កសិកម្ម​របស់​គាត់​ទេ​។ បំណុល​នៃ​កសិករ​គាត់​ខ្ចី​មក​ដើម្បី​យកទៅ​បង់​សេវា​ដទៃទៀត​ដែល​គួរតែ​ជា​សេវា​រដ្ឋ ដូចជា​សេវា​សុខភាព សេវា​អប់រំ​របស់​កូនចៅ​គាត់​។ វា​អត់​មា​ន‍​»​។​
 
​លោកស្រី​មូរ សុខ​ហួរ បញ្ជាក់ថា តម្លៃ​ដើម​សម្រាប់​ផលិត​របស់​កសិករ​ក​ម្ពុ​ជាមាន​តម្លៃ​ខ្ពស់ ហើយ​អត្រា​ការប្រាក់​ក៏​ខ្ពស់​ដែរ​។​
 
«​តួនាទី​របស់​រដ្ឋាភិបាល​គឺត្រូវធ្វើ​ម៉េច​ជួយ​នៅ​គ្រប់​វិធានការ ដើម្បីឱ្យ​កសិករ​យើង​បញ្ចុះ​នូវ​តម្លៃ​ផលិត ហើយ​នៅក្នុង​ហ្នឹង​គឺ​អត្រា​ការ​ប្រា​ក‍់​»​។​
 
​ក្រុមគ្រួសារ​ពលក​រដែ​ល​ជំពាក់​ប្រាក់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន​៦៦,៥០​ភាគរយ និង​ពី​អ្នកផ្តល់​ប្រាក់កម្ចី​មិន​ផ្លូវការ​មាន​ចំនួន​៣៣,៥០​ភាគរយ​។ ក្នុងចំណោម​នេះ​គឺមាន​តែ​៣៦,៧៦​ភាគរយ​ដែល​ខ្ចីប្រាក់​មកប្រើប្រាស់​ក្នុងការ​ពង្រីក​មុខរប​រ​។ នេះ​បើតាម​ការរកឃើញ​រប​ស់​វេទិកា​អនាគត​។​


កសិករម្នាក់ពិនិត្យមើលដើមស្រូវ នៅក្នុងឃុំស្រយ៉ូវ ខេត្តកំពង់ធំ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

​របាយការណ៍​បានផ្តល់​អនុសាសន៍​ឱ្យ​អ្នក​ដែល​ខ្ចីប្រាក់​ត្រូវមាន​ចំណេះដឹង​ខាង​ផ្នែក​ហិរញ្ញវត្ថុ ការគាំទ្រ​និង​ការការពារ​ខាង​ផ្នែក​ស្ថាប័ន ហើយ​កត្តា​ទី​ពីរ​គឺ​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​ត្រូវ​ជួយ​ណែនាំ​អ្នក​ខ្ចីប្រាក់​ឱ្យប្រើ​ប្រាស់​ថវិកា​ឱ្យបាន​ត្រឹមត្រូវ ក៏ដូចជា​កំណត់​បរិមាណ​ខ្ចី​ក្នុង​មួយ​គ្រួសារ និង​ដោយ​មិន​យក​ចំនួន​ប្រាក់​បញ្ញើ​របស់​ពលករ​ជា​កត្តា​កំណត់​លើ​ការផ្តល់​កម្ចី​ទេ​។​
 
​លោក​អ៊ូ វីរៈ បាន​បន្ថែមទៀតថា រដ្ឋាភិបាល​គួរតែ​គិតគូរ​រៀបចំ​ច្បាប់​ស្តីពី​ការ​ក្ស័យ​ធុន​កម្រិត​បុគ្គល​ផងដែរ ដើម្បី​ជៀសវាង​ពលរដ្ឋ​បាត់បង់​ផ្ទះសម្បែង​និង​ដីធ្លី​ដោយសារតែ​ប្រាក់​បំណុល​។​
 
​លោក​បាន​មានប្រសាសន៍ថា​៖ «​នៅពេល​បច្ចុប្បន្ននេះ​ខ្ញុំ​មើលទៅ គឺជា​ប្រធានបទ​មួយ​គួរតែ​ជជែក​គ្នា​ដើម្បី​ដាក់បន្ទុក​ឱ្យ​ធនាគារ ជាពិសេស​មីក្រូហិរញ្ញវត្ថុ គឺ​គាត់​ត្រូវតែ​យកចិត្តទុកដាក់​មុននឹង​ឱ្យ​ខ្ចី ហើយ​គាត់​ព្រួយបារម្ភ​ខ្លាច​បាត់​លុយ​គាត់ នៅពេលដែល​ប្រជាពលរដ្ឋ​គ្មាន​លទ្ធភាព ហើយ​គាត់​មិនអាច​រឹបអូស​ផ្ទះ ឬមួយ​ក៏​ដីស្រែ និង​ដីចំការ​បាន គឺ​គាត់​ត្រូវមាន​ការប្រុងប្រយ័ត្ន ហើយ​ការប្រុងប្រយ័ត្ន​ហ្នឹង​គឺមាន​តែ​ការខ្ចី​មួយ ដែល​ផ្តោត​តែ​លើ​ការវិនិយោគ​ពិតប្រាកដ​មួយ​។ ខ្ញុំ​ថា ការដាក់បន្ទុក​ទៅលើ​ធនាគារ​ជា​ម្ចាស់​កម្ចី គឺជា​យន្តការ​មាន​ប្រសិទ្ធភាព​មួយ​ដែ​រ‍​»​។​
 
​លោក​យ៉ង សាំង​កុមារ ស្នើឱ្យ​បែងចែក​ឥណទាន​សម្រាប់​កសិករ​ដែល​យកការប្រាក់​ទាប និង​រយៈពេល​សង​វិញ​យូរ​ឆ្នាំ ដើម្បី​ជួយ​សម្រួល​ដល់​ការប្រកប​អាជីវកម្ម​លើ​វិស័យ​កសិកម្ម​នេះ​។​
 
«​ដោយឡែក​នៅ​កម្ពុជា​យើង​ហ្នឹង គឺ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​ផ្តល់ទុន​ឱ្យ​កសិករ គឺ​ការប្រាក់​ខ្ពស់ ហើយ​រយៈពេល​សង​ក៏​វា​មិនសូវ​អំណោយផល​។ ជាពិសេស​ទៀត វា​អត់​មានការ​ផ្គុំ​ភ្ជាប់​គ្នា​ពី​ការគាំទ្រ​ការងារ​បច្ចេកទេស និង​ការងារ​ទីផ្សារ​អីចឹង​។ អ្នកបោះឆ្នោត​ទុន គឺ​បោះ​តែ​ទុន​ទៅ ហើយ​ក្រៅពី​ហ្នឹង​កសិករ​យើង​អត់​មានការ​គាំទ្រ​ដិតដល់​។ អីចឹង វា​ជា​ហានិភ័យ​មួយ​ខ្ពស់​។ អីចឹង​យើង​ត្រូវ​កែលម្អ​រឿង​ហ្នឹង​។ កែលម្អ​នូវ​គោលការណ៍​ឥណទាន ហើយនឹង​បង្កើន​នូវ​ការគាំទ្រ​ពី​រដ្ឋាភិបាល លើ​សេវាសាធារណៈ លើ​ការងារ​បច្ចេកទេស ការងារ​ទីផ្សារ និង​ការងារ​ធារាសាស្ត្រ​ជា​ដើ​ម‍​»​។​
 
​និន្នាការ​ពិភពលោក​បានបង្ហាញ​ថា ក្នុង​មួយឆ្នាំៗ​ពលករ​ចំណាកស្រុក​ផ្ញើ​ប្រាក់​ទៅ​ក្រុមគ្រួសារ​ជាច្រើន​ពាន់​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​២០១៦ ពលករ​ចំណាកស្រុក​នៅ​តំបន់​អាស៊ី​បាន​ផ្ញើ​ប្រាក់​ទៅឱ្យ​ក្រុមគ្រួសារ​ចំនួន​២៤០​ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​ពលករ​ចំណាកស្រុក​ឥណ្ឌា ចិន និង​ហ្វីលីពីន បាន​ផ្ញើ​ប្រាក់​បញ្ញើ​ទៅ​ក្រុមគ្រួសារ​ច្រើនជាងគេ ដោយ​ឥណ្ឌា​មាន​ចំនួន ៦៥,៤​ពាន់​លាន​ដុល្លារ ចិន​មាន​ចំនួន​៦១​ពាន់​លាន​ដុល្លារ និង​ហ្វីលីពីន​៣២,៨​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ចេញផ្សាយ​កាលពី​ខែឧសភា​ឆ្នាំ​២០១៨​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com