អន្តរជាតិ
Kylie Jenner ជំនួស Mark Zuckerberg សម្រាប់​តំណែង​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​លើ​លោក​
06, Mar 2019 , 10:36 am        
រូបភាព
ដោយ: ធីតា
​ត្រឹម​អាយុ​២១​ឆ្នាំ​ប៉ុណ្ណោះ Kylie Jenner បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល ដែល​វ័យក្មេង​ជាងគេ​លើ​លោក (The Youngest Self-Made Billionaire Ever)​។ នេះ​បើតាម​បញ្ជី​ចំណាត់ថ្នាក់​របស់​ទស្សនា​វ​ដ្តី Forbes ដោយ​តារា​បង្ហាញ​ម៉ូត តារា​ទូរទស្សន៍ និង​អ្នកជំនួញ​អាមេរិក​រូបនេះ បាន​បំបែក​កំណត់ត្រា​របស់​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក Mark Zuckerberg ដែល​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​កាលពី​អាយុ​២៣​ឆ្នាំ​។​



​ទោះ​ស្ថិតក្នុង​អំបូរ​គ្រួសារ​អ្នកមាន​នៃ​ត្រកូល Kardashian តែ Kylie Jenner ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​ក្នុង​អាជីព និង​ជំនួញ​ផ្ទាល់ខ្លួន ជាមួយ​ក្រុមហ៊ុន​ផលិតផល​កែ​សម្ផស្ស Kylie Cosmetics ដែលមាន​ជាង​១០០០​សាខា​។​

​យោងតាម​បញ្ជី​ឈ្មោះ 2019 BILLIONAIRES NET WORTH របស់​ទស្សនា​វ​ដ្តី Forbes នាង Kylie មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​បាន​ក្លាយខ្លួនជា​មហា​សេដ្ឋិនី​ដែលមាន​បាន​ដោយ​ខ្លួនឯង ដ៏​វ័យក្មេង​ជាងគេ​បំផុត (Youngest Self-Made Billionaire Ever)​។​

​ក្រៅពី​ជាតា​រា​បង្ហាញ​ម៉ូត​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ Kylie ជោគជ័យ​ដ៏​ធំធេង​ក្នុង​មុខ​ជំនួញ ដោយសារ​នាង​មាន​បណ្តាញ​សង្គម  (Snapchat, Instagram, Facebook និង Twitter) ដែលមាន​អ្នកគាំទ្រ​ប្រមាណ​១៧៧​លាន​នាក់​។

​វត្តមាន​របស់ Kylie ក្នុង​បញ្ជី Forbes ជំនួស​តំណែង​របស់លោក Mark Zuckerberg ស្ថាបនិក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ក្លាយជា​មហាសេដ្ឋី​កំពូល​លើ​លោក​ក្នុង​អាយុ​២៣​ឆ្នាំ ពោលគឺ​កាលពី​ប្រមាណ​១០​ឆ្នាំមុន​។​

​មហាសេដ្ឋី​លើក​លោក​ដែលមាន​អាយុ​លើស Kylie រួមមាន Alexandra Andresen អាយុ​២២​ឆ្នាំ (១,៤​ពាន់​លាន​ដុល្លារ​អាមេរិក​), Katharina Andresen អាយុ​២៣​ឆ្នាំ (១,៤​ពាន់​លាន​ដុល្លារ​អាមេរិក​), Gustav Magnar Witzoe អាយុ​២៤​ឆ្នាំ (៣​ពាន់​លាន​ដុល្លារ​អាមេរិក​)៕

Tag:
 Forbes
  Kylie
  តារា​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com