កីឡាជាតិ
ជាតិ
U18​បាទី គីរីវង់ និង​ខេត្តកំពង់ចាម ត្រូវបាន​ដំឡើង​ឲ្យ​លេង​ក្នុង​លី​គ​កំពូល​
06, Mar 2019 , 10:19 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​ចំនួន​១៤ នឹងត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​ឆ្នាំ​២០១៩ បន្ទាប់ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​(CNCC)​បន្ថែម​សមាជិក​ថ្មី​ចំនួន​៣​។ លោក ឆាំង ពិសិដ្ឋ អះអាងថា ការបន្ថែម​សមាជិក​ថ្មី​រហូតដល់​៣​ដោយ​មិន​ឆ្លងកាត់​ការប្រកួត​នេះ គឺ​ដើម្បី​បង្កើន​ការប្រកួតប្រជែង​ឲ្យ​កាន់តែ​ស្វិតស្វាញ​នា​រដូវ​កាល​ថ្មី​។ សម្រាប់​រូបមន្ត​ប្រកួត​ត្រូវបាន​រក្សា​ដូច​ឆ្នាំ​មុខ​ដដែល ខណៈ​ប្រាក់រង្វាន់​លើកទឹកចិត្ត​អាចមាន​ការប្រែប្រួល​។ ការបន្ថែម​នេះដែរ អាចធ្វើ​ឲ្យ​រូបមន្ត​ប្រកួត​ក្នុង​រង្វាន់​សម្តេច ហ៊ុន សែន នៅ​ឆ្នាំនេះ​មានការ​ប្រែប្រួល​ផងដែរ ពាក់ព័ន្ធ​ការជ្រើសរើស​ក្រុម​ពី​ថ្នាក់​ខេត្ត​។

 
​ក្រុម​គីរីវង់​សុខ​សែន​ជ័យ យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​និង​ក្រុម​មកពី​ខេត្តកំពង់ចាម ត្រូវបាន​ដំឡើង​ឲ្យ​មកលេង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩​។ ការបន្ថែម​សមាជិក​ថ្មី​ដោយ​មិន​ឆ្លងកាត់​ការប្រកួត​លី​ក​ទី​២​នេះ ត្រូវបាន​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​របស់ CNCC អះអាងថា គឺ​ដើម្បី​បង្កើន​ចំនួន​ការប្រកួត និង​ភាព​តានតឹង​ក្នុងការ​ប្រកួតប្រជែង ពិសេស​ផ្តល់ឱកាស​ឲ្យ​ក្លិប​ទាំងនោះ​បានបង្ហាញ​សមត្ថភាព​។ 


 
​លេខា​ប្រតិបត្តិ​រូបនេះ​បាន​បន្ថែមថា ការណ៍​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​សម្រេច​ដំឡើង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​និង​ខេត្តកំពង់ចាម​ឲ្យ​ឡើង​មកលេង​ក្នុង​ក្របខណ្ឌ​កំពូល​នេះ ដោយសារ​ក្រុម​ទាំងពីរ​មាន​មហិច្ឆតា​ខ្ពស់​ចង់​លេង​ក្នុង​ក្របខណ្ឌ​លី​ក​ទី​២​រដូវ​កាល​មុន ដែល​សហព័ន្ធ​បាន​ផ្អាក​រៀបចំ​ដោយ​គ្មាន​ប្រាប់​មូលហេតុ​។ ចំណែក​ការដំឡើង​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ គឺ​ដើម្បី​ផ្តល់ឱកាស និង​បទពិសោធ​ប្រកួត​ថ្មីៗ​ដល់​ពួកគេ ដែលជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នៅ​កម្ពុជា​។​
 
«​ដោយសារ​សហព័ន្ធ​មិនបាន​រៀបចំ​ការប្រកួត​លី​ក​២ ហើយ​មើលឃើញថា​មាន​ក្លិប​ពីរ​(​ខេត្តកំពង់ចាម​, គីរីវង់​សុខ​សែន​ជ័យ​)​មានចិត្ត​ចង់​លេង​នៅ​លី​ក​កំពូល ពេលនោះ​ឯកឧត្តម​ប្រធាន សៅ សុខា ក៏ដូចជា​សមាជិក​ប្រតិបត្តិ​ទាំង​១១​រូប ក៏បាន​សម្រេច​ជំរុញ​ឲ្យ​ក្លិប​ទាំងពីរ​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​លី​ក​តែម្តង បូករួម​ទាំង U18 បាទី​ឲ្យ​ចូលរួម​ដែរ គឺ​ដើម្បី​ឲ្យ​ពួកគាត់​មាន​បទពិសោធ​ប្រកួត​ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ រហូតដល់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​»​។ ការលើកឡើង​បែបនេះ​របស់លោក ឆាំង ពិសិដ្ឋ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​បើក​រដូវ​កាល​ថ្មី​នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩​នេះ​។ 
 
​ទោះបី​ក្នុងចំណោម​ក្រុម​ទាំងបី​មាន​ពីរ​ជា​សមាជិក​ថ្មី និង​មួយ​ជា​សមាជិក​ចាស់​ក៏ដោយ ប៉ុន្តែ​លោក ឆាំង ពិសិដ្ឋ ជឿជាក់ថា ទាំង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក និង​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ឆ្នាំនេះ នឹងមាន​ការប្រកួត​ស្វិតស្វាញ​ជាង​មុន​។ ហើយ លោក​ក៏​ជឿជាក់​ផងដែរ​ថា ក្រុម​ថ្មី​នេះ​នឹងមិន​ក្លាយជា​ក្រុម​ដែល​ត្រូវបាន​កាត់ចេញ ឬ​ដកខ្លួន​ចេញ​នៅ​រដូវ​កាល​ក្រោយ​។     
 
​គួររំលឹកថា ការផ្អាក​ការរៀបចំ​លី​ក​ទី​២​នេះដែរ បានធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ចំពោះ​រូបមន្ត​នៃ​ការ​កាត់​ក្រុម​ចេញពី​ក្របខណ្ឌ​កំពូល​រដូវ​កាល​មុន ដោយ CNCC សម្រេច​រក្សា​ក្រុម​ទាំង​១២​នៅ​ដដែល​។ ទោះបី​យ៉ាងនេះ​ក្តី ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ដែល​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​បាត​តារាង​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨ បានប្រកាស​ដកខ្លួន​ចេញ​នៅ​រដូវ​កាល​នេះ ក្រោម​ហេតុផល​ជួប​បញ្ហា​ហិរញ្ញវត្ថុ​។ 
 
​សម្រាប់​រូបមន្ត​ប្រកួត​នៅ​ឆ្នាំនេះ​ត្រូវបាន​លេខា​ប្រតិបត្តិ​ខាងលើ​អះអាងថា គឺ​មិនមាន​ការប្រែប្រួល​ឡើយ​ដោយ​រក្សា​នៅ​ដដែល​ដូច​រដូវ​កាល​មុន​។ ពោលគឺ​មិនមាន​ការប្រកួត​វគ្គ​ខ្វែង​៤​ក្រុម​ចុងក្រោយ​ឡើយ ដោយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុងការ​ប្រកួត​សន្សំ​ពិន្ទុ​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​តែម្តង ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជា​បន្តបន្ទាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២, ៣ និង​លេខ​៤​រៀង​គ្នា​។​
 
​ពាក់ព័ន្ធ​នឹង​ប្រាក់រង្វាន់​លើកទឹកចិត្ត​មិនទាន់​ត្រូវបាន​បង្ហាញ​នៅឡើយ​ទេ តែ​ទំនង​អាចមាន​ការប្រែប្រួល​នៅ​ឆ្នាំនេះ​។ លោក ឆាំង ពិសិដ្ឋ បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ CNCC នឹងធ្វើ​សន្និសីទ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ ពានរង្វាន់​លី​ក​កំពូល​រដូវ​កាល​ឆ្នាំ​២០១៩ នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ ខាងមុខ ដោយ​មួយ​សប្តាហ៍​ការប្រកួត​ចំនួន​៧​គូ​។ លោក​បន្ថែមថា នៅ​ឆ្នាំនេះ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ទាំងអស់​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​ដើម្បី​រៀបចំ​ការប្រកួត​នោះឡើយ​។ ពោលគឺ​ក្រុម​នីមួយៗ​ត្រូវមាន​ទីលាន​ដោយផ្ទាល់ ឬ​ជួល​ពហុ​កីឡដ្ឋាន​របស់​ក្រុម​ផ្សេងៗ ពេល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​។ 
 
​ក្រុម​ទាំង​១៤​នោះ​រួមមាន​៖ ណាហ្គា​វើ​ល​, បឹងកេត​, ភ្នំពេញ​ក្រោ​ន​, ក្រសួងការពារជាតិ​, អគ្គស្នងការ​នគរបាល​ជាតិ​, វិសាខា​, អង្គ​រថា​យ​ហ្គឺ​រ​, សូល​ទី​ឡូ​អង្គរ​, អគ្គិសនី​កម្ពុជា​, ព្រះខ័ន​រាជ​ស្វាយរៀង​, អាស៊ី​អឺរ៉ុប​, គីរីវង់​សុខ​សែន​ជ័យ​, យុវជន​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ និង​ខេត្តកំពង់ចាម​៕ 

Tag:
 បាល់ទាត់​
  ឆាំង ពិសិដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com