អន្តរជាតិ
ហ្វីលីពីន ព្រមានដាក់ពិន័យលើមន្ត្រីលេងហ្គេមអនឡាញក្នុងម៉ោងធ្វើការ
× អាជ្ញាធរហ្វីលីពីន ព្រមានថា មន្ត្រីរដ្ឋាភិបាលដែលហ៊ានលេងហ្គេមអនឡាញអំឡុងម៉ោងការងារ នឹងត្រូវប្រឈមមុខនឹងការដាក់ពិន័យទៅតាមច្បាប់។ ការដាក់ពិន័យមានពីរកម្រិតមានដូចជា ផ្អាកការងារបណ្តោះអាសន្ន និងបណ្តេញចេញពីក្របខណ្ឌតែម្តង។
ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធទី៦ ខែមីនា លោកស្រី Aileen Lizada ស្នងការនៃគណៈកម្មការមុខងារសាធារណៈហ្វីលីពីន គូសបញ្ជាក់ថា៖«ការលេងហ្គេមអនឡាញអំឡុងម៉ោងធ្វើការងារ គឺពុំត្រូវបានអនុញ្ញាតដាច់ខាត ទោះបីជាមន្ត្រីរដ្ឋាភិបាលប្រើប្រាស់សម្ភារអេឡិចត្រូនិកដូចជា ទូរសព្ទដៃ ឬកុំព្យូទ័ររបស់រដ្ឋ ឬផ្ទាល់ក៏ដោយ»។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Inquirer លោកស្រី Lizada និយាយថា ទង្វើបែបនេះគឺត្រូវបានចាត់ទុកជាការធ្វើឲ្យខាតប្រយោជន៍ដល់សកម្មភាពការងាររបស់ក្រសួង ឬស្ថាប័នរដ្ឋ។ ក្រោមច្បាប់ស្តីពីមុខងារសាធារណៈហ្វីលីពីន មន្ត្រីរដ្ឋាភិបាល ឬបុគ្គលិករូបណាដែលត្រូវបានគេរកឃើញថា ល្មើសទៅនឹងករណីដូចបានលើកឡើងខាងលើនេះជាលើកដំបូង នឹងត្រូវផ្អាកការងាររយៈពេល៦ខែសិន។ តែប្រសិនបើល្មើសជាលើកទីពីរវិញនោះ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌតែម្តង។
សូមបញ្ជាក់ដែរថា ការចេញសេចក្តីថ្លែងការណ៍របស់លោកស្រីស្នងការ Lizada គឺធ្វើឡើងលោកស្រីទទួលបានដំណឹងថា បុគ្គលិកជាច្រើនបានលួចលេងហ្គេមអនឡាញតាមទូរសព្ទដៃ អំឡុងម៉ោងការងាររបស់ពួកគេ៕
Tag:
ហ្វីលីពីន
Video Games
© រក្សាសិទ្ធិដោយ thmeythmey.com