ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដោះស្រាយ​បញ្ហា​ឡើង​សរសៃ​ក្រហម​ក្នុង​ភ្នែក ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ទាំងនេះ​
08, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការលេចឡើង​នូវ​សរសៃឈាម​ក្រហម​លើ​ផ្នែក​ពណ៌​ស​នៃ​ភ្នែក​បណ្ដាលមកពី​មូលហេតុ​ជាច្រើន​ផ្សេងៗ​ពីគ្នា​ដូចជា កង្វះ​នៃ​ការ​គេង​, ភាព​អស់កម្លាំង​, ភាព​ស្ងួត​នៃ​ភ្នែក​, ការ​ប៉ះ​នឹង​ជាតិពុល ក៏ដូចជា​ការ​រលាក​, អា​ឡែក​ស៊ី​, ឆ្លង​មេរោគ និង​ការប៉ះទង្គិច​ខ្លាំង​ណាមួយ​។ អ្នកជំនាញ​ផ្នែក​ភ្នែក​ជាច្រើន​និយាយថា សរសៃឈាម​ក្រហម​នៅក្នុង​ភ្នែក​អាច​លេចឡើង​ដោយសារ​បញ្ហា​វេជ្ជសាស្ត្រ​មួយចំនួន​ផងដែរ ហើយ​ប៉ុន្មាន​ក្នុងចំណោម​នោះ គឺ​ជំងឺភ្នែកក្រហម​, ជំងឺ​ភ្នែក blepharitis, ជំងឺ​ដំបៅ​កញ្ចក់ភ្នែក​, ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​, ជំងឺ​ភ្នែក iritis និង Grave’s disease​។ ប្រសិនបើ​ការឡើង​សរសៃឈាម​ក្រហម​ក្នុង​ភ្នែក​របស់​អ្នក​បណ្ដាលមកពី​ជំងឺ​នេះ ការព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទើប​មាន​ប្រសិទ្ធិភាព​។ ប៉ុន្តែ​ប្រសិនបើ​គ្រូពេទ្យ​ភ្នែក​និយាយថា បញ្ហា​នៃ​ការឡើង​សរសៃឈាម​ក្រហម​ក្នុង​ភ្នែក​របស់​អ្នក​មិនមែន​បណ្ដាលមកពី​ជំងឺ​ណាមួយ​ដូច​បាន​រៀបរាប់​ទេនោះ កុំ​បារម្ភ​! ក៏​ព្រោះ​សរសៃឈាម​ទាំងនោះ​អាច​ដោះស្រាយបាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ព្យាបាល​អា​ការៈឡើង​សរសៃឈាម​ក្រហម​ក្នុង​ភ្នែក ៖

១. ស្អំ​ត្រជាក់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​កន្សែង​ស្អាត​តូច​មួយ​ក្នុង​ទឹក​ត្រជាក់ រួម​ពូត​ទឹក​ចេញ ហើយ​បត់​ដាក់​ស្អំ​លើ​ភ្នែក​ជាការ​ស្រេច​។ អនុវត្ត​ម្ដងទៀត ប្រសិនបើ​ចាំបាច់​។ អ្នក​ក៏​អាច​បិត​បន្ទះ​ត្រសក់​លើ​ភ្នែក​ទាំងសងខាង​ផងដែរ​។ ការ​ស្អំ​ស្លាបព្រា​ត្រជាក់​ក៏មាន​ប្រសិទ្ធិភាព​ខ្ពស់​ដូចគ្នា ដោយ​អ្នក​គ្រាន់តែ​យក​ស្លាបព្រា​ចំនួន ៤ ក្នុង​ទឹកកក​ត្រជាក់ ១ កែវ ឬ​ក្នុង​ទូរ​ទឹកកក ហើយ​រងចាំ​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី រហូតដល់​ស្លាបព្រា​ត្រជាក់​សិន សឹម​យក​ស្លាបព្រា​មួយគូ​មក​ដាក់​ភ្នែក​ដែល​កំពុង​បិទ​។ នៅពេល​ស្លាបព្រា​អស់​ភាព​ត្រជាក់​ហើយ​នោះ ចូរ​ប្ដូរ​យក​មួយគូ​ទៀត​មក​ដាក់​ជាការ​ស្រេច​។​

២. កញ្ចប់​តែ​តូចៗ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​កញ្ចប់​តែ​តូចៗ​ចំនួន ២ ទៅ​ឆុង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​ចំនួន​កន្លះ​ពែង​សម្រាប់​រយៈពេល ២ ទៅ ៣ នាទី បន្ទាប់មក​យក​ពែងតែ​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ឱ្យ​ត្រជាក់​។ នៅពេល​ត្រជាក់​ហើយ​នោះ ចូរ​គេង​បិទ​ភ្នែក​ហើយ​ដាក់​កញ្ចប់​តែ​ពីលើ​ជាការ​ស្រេច​។ រូបមន្ត​នេះ​សាក​សម​បំផុត​សម្រាប់​ភ្នែក​អា​ឡែក​ស៊ី ឬ​ឆ្លង​មេរោគ​។​

៣. ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​ជាមួយ​ទឹក​ឆ្អិន​ក្នុង​បរិមាណ​ស្មើគ្នា​។ កូរ​ឱ្យ​សព្វ សឹម​ជ្រលក់​បន្ទះ​សំឡី​មួយគូ​ក្នុង​ទឹក​ល្បាយ រួច​យកមក​ស្អំ​លើ​ភ្នែក​ទាំងសងខាង​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​ជាការ​ស្រេច​។​

៤. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ឆ្អិន ១​ពែង​។ កូរ​ឱ្យ​សព្វ​សឹម​ប្រើ​វា​ជា​ទឹក​លាង​សម្អាត​ភ្នែក​។ ចូរ​អនុវត្ត​ឱ្យបាន ៣ ដង​ក្នុង​មួយថ្ងៃ​ដើម្បី​ទទួលបាន​លទ្ធផល​ឆាប់រហ័ស​។​

៥. ស្អំ​ដំឡូងបារាំង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ដាក់​ដំឡូងបារាំង​ក្នុង​ទូរ​ទឹកកក​ឱ្យ​ត្រជាក់ ហើយ​កោស​ដំឡូងបារាំង​ជា​ចំណិត​តូចៗ រួច​សឹម​ដាក់​ស្អំ​ភ្លាម​លើ​ភ្នែក​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ក្រោយ​រយៈពេល​ប្រមាណ​ពី ២ ទៅ ៣ នាទី​។ រូបមន្ត​នេះ​សាក​សម​បំផុត​សម្រាប់​បញ្ហា​ឡើង​សរសៃ​ក្រហម​ក្នុង​ភ្នែក ដោយសារ​ការ​គេង​មិន​គ្រប់​។​

​ចំណុច​គួរ​ប្រុងប្រយ័ត្ន ៖ ប្រសិនបើ​បញ្ហា​មិន​ព្រម​បាត់​ទៅវិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង ឬ​ពី ២ ទៅ ៣ ថ្ងៃ ក្រោយ​អនុវត្ត​រូបមន្ត​ធម្មជាតិ​ណាមួយ​ដូច​បាន​ណែនាំ​ខាងលើ ហើយ​ជាពិសេស​ប្រសិនបើ​មាន​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ការមើលឃើញ ចូរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​ពេទ្យ​ភ្នែក​ភ្លាម​!

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com