អន្តរជាតិ
អង្គការ​សម្រាប់​ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ឬ OECD មើលឃើញ​ពី​ការយឺតយ៉ាវ​នៃ​កំណើនសេដ្ឋកិច្ច​សាកលលោក​
07, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​អង្គការ​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​កំពុង​ព្រមាន​ពី​ការយឺតយ៉ាវ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំៗ​បំផុត​ភាគច្រើន​របស់​ពិភពលោក ដោយយោង​ពី​ការ​កង្វល់​អំពី​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​បន្ត​មាន​ឡើង ភាពមិនប្រាកដប្រជា​ខាង​គោលនយោបាយ និង​ការធ្លាក់ចុះ​ខាង​ពាណិជ្ជកម្ម​និង​ទំនុកចិត្ត​របស់​អ្នកប្រើប្រាស់​ទំនិញ​។​

 
​ក្នុង​ទស្សនវិស័យ​សេដ្ឋកិច្ច​អន្តរកាល​របស់ខ្លួន ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ អង្គការ​សម្រាប់​ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឬ បាន​ព្យាករណ៍​ពី​ការរីកលូតលាស់​សេដ្ឋកិច្ច​ទូទាំង​សាកលលោក​ចំនួន 3,3 ភាគរយ​នៅ​ឆ្នាំនេះ ដោយ​ធ្លាក់ចុះ​ពី​ចំនួន 3,6 ភាគរយ​នៅ​ឆ្នាំ​២០១៨​។​
 
​របាយការណ៍​នោះ បាន​សង្កត់​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ចិន​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​២​របស់​ពិភពលោក និង​បណ្តា​ប្រទេស​នៅក្នុង​សហភាព​អឺរ៉ុប​បានដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​សាកលលោក​។​
 
​របាយការណ៍​នោះ ក៏បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ការយក​ពន្ធគយ​ទៅវិញទៅមក​រវាង​ចិន​និង​សហរដ្ឋអាមេរិក បានធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​និង​បង្កើន​អតិផរណា​។ ការព្យាករណ៍​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក បង្ហាញថា សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​ពី ២,៩ ភាគរយ​មក​នៅ ២,៦ ភាគរយ​។​
 
​លោកស្រី Laurence Boone ប្រធាន​សេដ្ឋវិទូ​របស់​អង្គការ​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឬ​OECD បាន​និយាយថា «​ការរីកចម្រើន​សេដ្ឋកិច្ច​យឺតៗ​ក្នុង​តំបន់​សំខាន់ៗ អាចធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ទូទាំង​សាកល លោក ជាពិសេស ប្រសិនបើ វា​រាលដាល​ទៅដល់​ទីផ្សារ​ហិរញ្ញវត្ថុ​។ រដ្ឋាភិបាល ត្រូវតែ​ពង្រីក​ការសន្ទនា​ពហុភាគី​ដើម្បី​កម្រិត​ហានិភ័យ​និង​ធ្វើការ​សម្របសម្រួល​ចំណាត់ការ​ខាង​នយោបាយ​ដើម្បី​បញ្ចៀស​ការបន្ត​ធ្លាក់ចុះ​សេដ្ឋកិច្ច​នេះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com