ONE Championship
កីឡាជាតិ
ជាតិ
៤ចំណុចគួរឲ្យចាប់អារម្មណ៍បំផុត ដែលអ្នកគួរដឹងពីអ្នកលេងគុនចម្រុះ ឯម សុវណ្ណារី
× អត្ថបទ៖ Matias Andres
កីឡាការិនីគុនចម្រុះកូនកាត់ខ្មែរ-អាមេរិក ឯម សុវណ្ណារី បានបង្ហាញសមត្ថភាពដ៏គួរឲ្យសរសើរនិងមិនអាចបំភ្លេចបានកាលពីថ្ងៃទី៧ ខែធ្នូឆ្នាំមុន នៅពេលនាងដណ្ដើមបានជ័យជម្នះលើកដំបូងនៅ ONE Championship តាមរយៈការផ្ដួលកីឡាការិនី Iryna “Delsa” Kyselova ឲ្យសន្លប់នៅ ONE: DESTINY OF CHAMPIONS នៅម៉ាឡេស៊ី។
ក្រៅតែពីជាតារាកំពុងរះក្នុងនាមកីឡាការិនីមិនចាញ់សោះ សុវណ្ណារី ក៏ជាអ្នកលេងគុនចម្រុះពោរពេញដោយភាពភ្ញាក់ផ្អើលជាច្រើនផងដែរ។ ខាងក្រោមនេះជារឿងរ៉ាវគួរឲ្យចាប់អារម្មណ៍៤យ៉ាងដែលអ្នកប្រហែលមិនធ្លាប់ដឹងពីកីឡាការិនីរហស្សនាម «Sweet Savage» នេះឡើយ។
១- នាងចូលចិត្តរឿង The Lord of the Rings បំផុតក្នុងជីវិត
កាលពីចុងខែមករាកន្លងទៅ សុវណ្ណារី បានបោះពុម្ពសៀវភៅកុមារជាលើកទី១មានចំណងជើងថា The Talent Quest។ កីឡាការិនីដ៏មានទេពកោសល្យវ័យ២៦ឆ្នាំរូបនេះជាមនុស្សចូលចិត្តអានសៀវភៅយ៉ាងងប់ងល់ម្នាក់ ហើយសៀវភៅសំណព្វចិត្តរបស់នាងគឺរឿងប្រលោមលោកបែបប្រឌិដ្ឋនិពន្ធដោយអ្នកនិពន្ធជនជាតិអង់គ្លេស J. R. R. Tolkien។
សុវណ្ណារី និយាយថា៖ «រឿងសំណព្វចិត្តបំផុតរបស់ខ្ញុំគឺ Lord of the Rings និង Hobbits Series។ ចំណុចដែលនាំឱ្យខ្ញុំស្រលាញ់រឿងទាំងពីរនេះគឺការលាយបញ្ចូលគ្នារវាងការផ្សងព្រេងពេញដោយសេរីភាព, ការធ្វើដំណើរកាត់វាលធំល្វឹងល្វើយ និងវេទមន្ត។ តួអង្គក្នុងរឿងពោរពេញដោយមិត្តភាពល្អជាមួយគ្នា។ ចំណែងរឿង Hobbits វិញបង្ហាញពីបែបផែនជីវិតសាមញ្ញដែលធ្វើឱ្យយើងមានអារម្មណ៍ពេញដោយសន្តិភាពក្នុងចិត្ត»។
២-នាងចូលចិត្តស្ទីលវាយមិនដកដៃរបស់ Mike Tyson
សុវណ្ណារី ទទួលបានជ័យជម្នះក្នុងទឹកទី១ចំនួន៣ប្រកួតយ៉ាងគួរឲ្យភ្ញាក់ផ្អើលរួចទៅហើយ។ សុវណ្ណារី មិនដែលចាញ់ទេមកទល់ពេលនេះ ហើយនាងចង់បន្តស្វែងរកជ័យជម្នះបន្ថែមទៀតតាមរយៈការបំផុសទឹកចិត្តខ្លួនឯងដោយយកគំរូតាមកំពូលអ្នកលេងកណ្ដាប់ដៃធ្ងន់ៗបំផុតក្នុងកីឡាប្រយុទ្ធ។
សុវណ្ណារី បញ្ជាក់ថា៖ «ការវាយគឺជាចំណង់ចំណូលចិត្តធំមួយក្នុងជីវិតរបស់ខ្ញុំនៅពេលនេះ ដូច្នេះខ្ញុំព្យាយាមហាត់រៀនតាមអ្នកប្រយុទ្ធជាច្រើនផ្សេងគ្នា។ អ្នកប្រយុទ្ធចម្បងដែលខ្ញុំហាត់រៀនតាមគឺ Mike Tyson។ ខ្ញុំពិតជាចូលចិត្តស្ទីលវាយដ៏កាចនិងធ្ងន់ៗរបស់គាត់ណាស់។ ខ្ញុំនឹងចម្លងស្ទីលវាយរបស់គាត់»។
ចំពោះអ្នកប្រយុទ្ធរបស់កម្ពុជាវិញ សុវណ្ណារី ពិបាកក្នុងការជ្រើសរើសនរណាម្នាក់ជាគំរូនាខណៈនេះ ប៉ុន្តែនាងសរសើរអ្នកលេងក្បាច់គុនល្បីៗមួយចំនួនរបស់ព្រះរាជាណាចក្រអច្ឆរិយៈដូចជា សំ ថារ័ត្ន, ចាន់ រតនា និង នៅ ស្រីពៅ ជាដើម។ សុវណ្ណារី និយាយថានាងរីករាយណាស់ដែលបានស្គាល់និងជួបពួកគេ ហើយនាងនឹងស្វែងរកអ្នកលេងក្បាច់គុនពូកែៗជាច្រើននាក់ទៀតរបស់កម្ពុជាដើម្បីច្បិចយកក្បាច់ល្អៗពីពួកគេ។
៣-នាងធ្លាប់ជាសមាជិកក្រុមតន្ត្រីមួយរូបកាលរៀនវិទ្យាល័យ
មិនត្រឹមតែចេះគូរគំនូរយ៉ាងស្អាតនិងជាអ្នកលេងគុនចម្រុះជោគជ័យម្នាក់ប៉ុណ្ណោះទេ សុវណ្ណារី ថែមទាំងចេះលេងហ្គីតាយ៉ាងស្ទាត់ទៀតផង ហើយនាងធ្លាប់ជាសមាជិកក្រុមតន្ត្រីមួយកាលរៀនថ្នាក់វិទ្យាល័យ។
សុវណ្ណារី ប្រាប់ថា៖ «សព្វថ្ងៃខ្ញុំមិនសូវបានលេងឧបករណ៍តន្ត្រីប៉ុន្មានទេ ប៉ុន្តែកាលនៅរៀនថ្នាក់វិទ្យាល័យ ខ្ញុំពូកែលេងហ្គីតាណាស់។ ខ្ញុំធ្លាប់លេងហ្គីតាឱ្យក្រុមតន្ត្រីមួយ។ កាលណោះខ្ញុំវក់នឹងតន្ត្រីណាស់។ តន្ត្រីបុរាណជាតន្ត្រីសំណព្វចិត្តរបស់ខ្ញុំកាលមុន តែក្រោយមកខ្ញុំបានចូលក្រុមតន្ត្រីសម័យជាមួយសង្សារខ្ញុំនៅពេលនោះ»។
៤-វេលាដ៏មានមោទកភាពបំផុតរបស់នាងគឺពេលប្រកួតនៅ ONE Championship
កីឡាការិនីប្រកបដោយទេពកោសល្យដែលរស់នៅកាលីហ្វ៉ញ៉ារូបនេះកំពុងសម្លឹងទៅរកឆ្នាំ២០១៩ដ៏ជោគជ័យធំមួយក្នុងនាមជាអ្នកលេងគុនចម្រុះជំនោរថ្មីរបស់កម្ពុជានៅ ONE Championship។ កាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០១៨ នាងបានឡើងសង្វៀន ONE Championship លើកដំបូងក្នុងព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ហើយទទួលបានជ័យជម្នះយ៉ាងកក្រើកក្នុងទឹកទី១។ ពេលនោះគឺជាពេលជាទីមោទកបំផុតក្នុងជីវិតរបស់នាង។
សុវណ្ណារី លើកឡើងថា៖ «នៅខណៈនេះ ជីវិតខ្ញុំល្អ ហើយគ្រប់យ៉ាងដើរទន្ទឹមគ្នាយ៉ាងរលូន ជាពិសេសជាមួយ ONE Championship។ វេលាដែលមានមោទកភាពបំផុតរបស់ខ្ញុំគឺនៅពេលខ្ញុំឡើងវ៉ៃលើកដំបូងនៅ ONE Championship។ មូលហេតុដែលខ្ញុំរំភើបចិត្តខ្លាំងក្នុងការធ្វើការជាមួយ ONE គឺព្រោះខ្ញុំទទួលបានឱកាសដែលខ្ញុំមិនធ្លាប់មានពីមុនមក។ ខ្ញុំបានផ្សាភ្ជាប់ឡើងវិញជាមួយឫសគល់ខ្មែររបស់ខ្ញុំនិងជាមួយអ្នកគាំទ្រកម្ពុជាជាច្រើន។ ខ្ញុំប្រាកដក្នុងចិត្តថាខ្ញុំនឹងមានឱកាសទៅលេងប្រទេសកម្ពុជា។ កន្លងមក ខ្ញុំមិនធ្លាប់ស្រមៃថាអាចទៅរួច ប៉ុន្តែឥឡូវនេះផ្ទុយស្រឡះពីមុន»៕
© រក្សាសិទ្ធិដោយ thmeythmey.com