ជាតិ
២៥ខេត្ត/រាជធានី
«​ដំរី​» ត្រូវការផឹកទឹក​២០០​លីត្រ​និង​ងូតទឹក​២​ដង​ក្នុង​មួយថ្ងៃ​!
07, Mar 2019 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
​«សត្វ​ដំរី» ចូលចិត្ត​រស់នៅ​ទីជម្រក​ដែល​ត្រជាក់​។ ​នៅ​រដូវក្តៅ ក្នុង​មួយថ្ងៃ​សត្វ​ដំរី ត្រូវការ​ងូតទឹក​២​ដង ហើយ​វា​អាច​ផឹកទឹក​រហូតដល់​ទៅ​២០០​លីត្រ​។ ប្រសិនបើ នៅលើ​ខ្លួន​របស់​សត្វ​ដំរី​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ វា​នឹង​បង្ហាញ​អារ​ម្ម​ណ៍ស​ប្បាយរីករាយ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​វា​ដឹង​ភ្លាម​។

 
 
​លោកស្រី ខៃ ចិន្តា ប្រធាន​សមាគម​អៃ​រាវ​ត្តា កំពុង​អភិរក្ស​សត្វ​ដំរី​៤​ក្បាល​ចុងក្រោយ​ដែលមាន​វត្ត​មាននៅ​ខេត្ត​រតន​គិរី បាន​ឲ្យ​ដឹងថា «​ដំរី​» ជា​សត្វ​ដែល​ចូលចិត្ត​រស់នៅ​ទីជម្រក​ត្រជាក់​។ នៅរដូវ​​ក្តៅ​សមាគម​របស់​លោកស្រី ត្រូវ​ងូ​ត​ទឹក​ឲ្យ​សត្វ​ដំរី​រហូតដល់​ទៅ​២​ដង ក្នុង​មួយថ្ងៃ ប៉ុន្តែ សម្រាប់​ខែត្រជាក់ គឺ​ងូតទឹក​ឲ្យ​វា​តែម្តង​ប៉ុណ្ណោះ​។​


 
​ប្រធាន​សមគ​អ​ភ​រិ​ក្សរ​សត្វ​ដំរី រូបនេះ បញ្ជាក់ថា នៅពេលដែល​ងូតទឹក​ឲ្យ​វា​បែបនេះ គឺ​វា​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ឲ្យ​ភ្ញៀវទេសចរ និង​ហ្ម​របស់​វា​ដឹង​ភ្លាម ពោលគឺ​ឲ្យ​តែ​នៅលើ​ខ្លួន​របស់​សត្វ​ដំរី​មាន​ជាតិ​សើម គឺ​វា​សប្បាយចិត្ត​។ ទឹកជ្រោះ​កា​ទៀង នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី ជា​កន្លែង​ដែល​សត្វ​ដំរី​ឈ្មោះ Bok Va, Bok Mai, Kamseng និង Ikéo របស់​សមាគម​អៃ​រាវ​ត្តា​លោកស្រី ខៃ ចិន្តា ងូតទឹក​លេង​យ៉ាង​សប្បាយ​។​


 
​ពេលខ្លះ​គេ​សង្កេតឃើញ​សត្វ​ដំរី​ប្រើ​ប្រមោយ ដើម្បី​បូម​ដី​ភក់ ឬ​ដីខ្សាច់​ដែល​ត្រជាក់​បាចសាច​លើ​ដងខ្លួន​វា​ក៏មាន​។ នៅពេលដែល​ឃើញ​នៅលើ​ខ្លួន​សត្វ​ដំរី​មាន​ប្រឡាក់​ភក់ ឬ​ដីខ្សាច់​បែបនេះ គឺជា​សភាព​ធម្មតា​រប​ស់​សត្វ​ដំរី ព្រោះ​វា​ត្រូវការ​មាន​ជាតិ​សើម​នៅលើ​ខ្លួន ដែល​ធ្វើ​ឲ្យ​វា​សប្បាយចិត្ត​។ ប្រធាន​សមាគម​អៃ​រាវ​ត្តា​លោកស្រី ខៃ ចិន្តា បញ្ជាក់បន្ថែម​ដូច​ច្នេះ​។ 


 
​ប្រភព​ឯកសារ​សត្វ​នៅក្នុង​សៀវភៅ​ថនិកសត្វ​កម្ពុជា ដែល​រៀបរៀង​ដោយ ម៉ែន សូ​រិ​យន់​, សួន ផល្លា​, ស៊ិន ប៉ូ​លីន និង Joe Walston កាលពី​ឆ្នាំ​២០០៨ បាន​សរសេរ​ពី​ជីវសាស្ត្រ​របស់​សត្វ​ដំរី ថា «​ដំរី​ច្រើន​រស់នៅ​តាម​ព្រៃ​ល្បោះ វាលស្មៅ ព្រៃ​ឬ​ស្សី ព្រៃ​ជាំ​ទឹក តាម​ដងអូរ ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃស្រោង​។ វា​ស៊ី​សំបកឈើ ស្លឹកឈើ មើម​ឈើ ឬ​ស​ឈើ​ខ្ចីៗ ទំពាំង​ឬ​ស្សី ផ្តៅ និង​វ​ល្លិ៍​ជាដើម​។ ចំពោះ​ការចិញ្ចឹម​ក្នុង​សួនសត្វ ដំរី​អាច​ស៊ី​ផ្លែឈើ អំពៅ ចេក​។​ល​។ វា​ផឹកទឹក​រហូតដល់ ២០០​លីត្រ ក្នុង​មួយថ្ងៃ (​នៅ​កន្លែង​សម្បូរ​ទឹក​)»​។​


 
​ប្រភព​សៀវភៅ​ឯកសារ​សត្វ​ដដែល​បាន​សរសេរ​បន្ថែមថា ដំរី ច្រើន​ផ្តល់កំណើត​កូន​ក្នុង​ខែ​កក្ត​ដា​-​សីហា កូន​ម្តង​បាន​១​ក្បាល ឬ​ភ្លោះ​ក៏មានដែរ ប៉ុន្តែ​កម្រ​ណាស់​បន្ទាប់ពី​ពពោះ​រយៈពេល​២១​ខែ (​យូរ​បំផុត​២៥​ខែ​)​។ ដំរី​មេ​អាចបង្កើត​កូន​បាន ៤ ឬ​៥​ដង ហើយ​អាច​មានកូន​រហូតដល់​៥០-៧០​ឆ្នាំ​។ គេ​អាច​សម្គាល់​ដំរី​ឈ្មោល​ចុះប្រេង​នៅពេលដែល​គេ​ឃើញ​មាន​សារធាតុ​រាវ​ម្យ៉ាង​ហូរ​ចេញពី​រន្ធ​មួយ​នៅ​ចន្លោះ​ត្រចៀក និង​ភ្នែក ដែលជា​ទូទៅ​នៅ​ចន្លោះ​ខែវិច្ឆិកា និង​ខែធ្នូ​៕











© រក្សាសិទ្ធិដោយ thmeythmey.com