កីឡាជាតិ
ជាតិ
លោក ហែម គី​រី រំពឹង​សិក្ខាកាម​នៃ​វគ្គ​គ្រូ​បាល់​ទឹក មានលទ្ធភាព​ខ្ពស់​ក្នុងការ​បង្វឹក​កីឡាករ​
07, Mar 2019 , 5:27 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ:
​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​លោក ហែម គី​រី រំពឹងថា សិក្ខាកាម​ទាំង​២០​រូប​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​វគ្គ​គ្រូបង្វឹក​បាល់​ទឹក​(Water Polo)​កម្រិត​មួយ មាន​សមត្ថភាព និង​លទ្ធភាព​ខ្ពស់​ក្នុងការ​បង្វឹក​កីឡាករ​នៅតាម​មូលដ្ឋាន​។ លោក​បានចាត់ទុក​វគ្គ​នេះ គឺជា​ជំហាន​មួយ​ដ៏​សំខាន់​ក្នុងការ​ពង្រីក​ធនធាន​គ្រូបង្វឹក​កម្រិត​មូលដ្ឋាន​នៅតាម​ខេត្ត ដែល​នឹង​ក្លាយជា​ផ្នែក​មួយ​ក្នុងការ​អភិវឌ្ឍន៍​កីឡា​បាល់​ទឹក​នៅ​កម្ពុជា​។

 
​មន្ត្រី អតីត និង​កីឡាករ​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ចំនួន​២០​រូប ទទួលបាន​ការបណ្តុះបណ្តាល​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ពី​បច្ចេកទេស​បង្វឹក​កីឡា​បាល់​ទឹក​ពី​គ្រូបង្វឹក​ជនជាតិ​គុយបា លោក Alexander  dela Celda Brokina​។ ការបណ្តុះបណ្តាល​នេះ ធ្វើឡើង​ក្នុង​វគ្គ​«​គ្រូបង្វឹក​កីឡា​បាល់​ទឹក​កម្រិត​១»​ដែល​រៀបចំ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៥-៧ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​
 
​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​រំពឹងថា សិក្ខាកាម​ទាំងអស់ នឹង​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ពី​វគ្គ​នេះ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរ​។ លើសពីនេះ ពួកគេ​នឹង​យក​ចំណេះដឹង​ទាំងនោះ​ទៅ​ចែករំលែក និង​បង្វឹក​ដល់​កីឡាករ​កីឡាការិនី​ថ្នាល​នៅតាម​មូលដ្ឋាន ដើម្បី​ពង្រីក​កីឡា​បាល់​ទឹក​ឲ្យ​កាន់តែ​ទូលំទូលាយ​។ 
 
«​អ្វីដែល​ខ្ញុំ​គិតថា​ជា​ផលចំណេញ​តប​ទៅវិញ​នោះ គឺ​ពេល​គាត់​បានបញ្ចប់​វគ្គ​នេះ នឹងមាន​លទ្ធភាព​ខ្ពស់​ក្នុងការ​បង្ហាត់​កីឡាករ ឬក៏​ក្មេងៗ​ដែល​ចូល​ចិត្តបាល់​ទឹក ពី​បច្ចេកទេស​មូលដ្ឋានគ្រឹះ​នៃ​កីឡា​នេះ​។ គោលបំណង​មួយទៀត​ដែល​យើង​ចង់បាន គឺ​ចង់​ឲ្យ​គាត់​បណ្តុះបណ្តាល​កីឡាករ​ក្មេងៗ​នៅតាម​ក្លិប ឬ​ទីកន្លែង​ដែល​គាត់​នៅ​។ និយាយ​រួម​យើង​បើក​វគ្គ​នេះ គឺ​ចង់​ឲ្យ​មាន​គ្រូបង្វឹក​»​។ នេះ​ជា​លើកឡើង​របស់លោក ហែម គី​រី​។  
 
​អគ្គលេខាធិការ​រូបនេះ​បន្ថែមថា ក្រោយ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​នេះ លោក នឹង​ស្នើសុំ​ទៅ​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​គឺ​លោក ស៊ុន ចាន់ថុល ដើម្បី​រៀបចំ​ឲ្យ​ការប្រកួត​កីឡា​បាល់​ទឹក​ជ្រើសរើស​ពានរង្វាន់​ណាមួយ​នៅ​កម្ពុជា​។ ការគ្រោង​ធ្វើសំណើរ​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ និង​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល​ចៅក្រម ដើម្បី​មើល​ពី​លទ្ធភាព​ក្នុងការ​បញ្ចូល​កីឡា​នេះ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។    
 
​នេះ​ជា​លើក​ទី​២​ហើយ ដែល​សហព័ន្ធ រៀបចំ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​បាល់​ទឹក​នេះ ខណៈ​លើក​មុន​វគ្គ​នេះ​ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​ក្បួនច្បាប់ និង​បទបញ្ជា​ការប្រកួត​។ ចំណែក​លើក​ទី​២​នេះ ផ្តោតលើ​បច្ចេកទេស​នៃ​ការ​បង្វឹក​កីឡា​បាល់​ទឹកតែ​ម្តង ដោយមាន​ការអនុវត្ត​ជាក់ស្តែង​៦០​ភាគរយ និង​ទ្រឹស្តី​៤០​ភាគរយ​។ 
 
​ពាក់ព័ន្ធ​រូបមន្ត​លេង​បាល់​ទឹក គឺ​ស្រដៀង​នឹង​ការលេង​បាល់ទាត់​ហ្វូ​ត​សាល និង​បាល់បោះ ដោយ​ក្រុម​នីមួយៗ​មាន​គ្នា​១០​រូប​លេង​លើ​ទីលាន​៧​រូប និង​បម្រុង​៣​រូប​។ សម្រាប់​ការលេង​ចែកចេញជា​៤​វគ្គ​ដោយ​១​វគ្គ​មាន​៨​នាទី បើ​ក្រុម​ណា​អាច​ស៊ុត​បាល់​ចូល​បាន​ច្រើនជាងគេ គឺ​ក្រុម​នោះ​ជា​អ្នកឈ្នះ ហើយ​ក្នុងអំឡុងពេល​លេង​ក្រុម​នីមួយៗ​អាច​ដោះដូរ​កីឡាករ​បាន​ដោយ​សេរី​។ 
 
​សិក្ខាកាម​ទាំង​២០​រូប​ខាងលើ​មកពី​៦​រាជធានី​ខេត្ត​រួមមាន​បាត់ដំបង​, ត្បូងឃ្មុំ​, កំពង់ចាម​, កណ្តាល​, សៀមរាប និង​រាជធានី​ភ្នំពេញ ដែលមាន​ក្លិប​ក្រសួងមហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រសួង​ព័ត៌មាន​៕ 
 

Tag:
 ហែល​ទឹក​
  បាល់​ទឹក​
  ហែម គី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com