ONE Championship
កីឡាជាតិ
ជាតិ
៣​ចំនុច​ដែល​អ្នកគាំទ្រ​កម្ពុជា​មិនគួរ​ខកខាន​ព្រឹត្តិការណ៍ ONE: REIGN OF VALOR ថ្ងៃនេះ​
08, Mar 2019 , 11:43 am        
រូបភាព
​អត្ថបទ​៖ Matias Andres

​នៅ​ថ្ងៃទី​៨ ខែមីនា​នេះ ONE Championship នឹង​វិល​ទៅ​ទីក្រុង​យ៉ាំង​ហ្គូ​ន ប្រទេស​មី​យ៉ាន​ម៉ា​ជាថ្មី​ជាមួយ​វត្តមាន​កំពូល​អ្នកលេង​ក្បាច់គុន​ឆ្នើមៗ​បំផុត រួមទាំង​ការប្រកួត​គុន​ចម្រុះ​អាជីព​លើក​ទី​១០​របស់​កីឡាករ​កម្ពុជា រិ​ន សា​រ័ត្ន ផងដែរ​។



ONE: REIGN OF VALOR នឹង​ធ្វើឡើង​នៅក្នុង​កីឡដ្ឋាន Thuwunna Indoor ដ៏​ល្បីល្បាញ ហើយ​ដូច​សព្វដង​ផងដែរ អ្នក​អាច​រំពឹង​ឃើញ​ទស្សនិកជន​ដ៏​ពុះកញ្ជ្រោល​នៅពេល​តារា ONE Championship ឡើង​មកលើ​សង្វៀន​។



​នេះ​ជា​ហេតុផល​ធំៗ​៣​ដែល​ប្រជាជន​កម្ពុជា​មិនគួរ​ខកខាន​ព្រឹត្តិការណ៍ ONE: REIGN OF VALOR ថ្ងៃ​សុក្រ​នេះ​៖

១៖ ការ​ត្រលប់​ជាថ្មី​របស់ រិ​ន សា​រ័ត្ន​

​តារា​លេចធ្លោ​របស់​ក្លិប Cambodian Top Team រិ​ន សា​រ័ត្ន នឹង​តំណាង​ឲ្យ​កម្ពុជា ដោយ​ត្រូវ​តទល់​ជាមួយ​កីឡាករ​ជើង​ថ្មី Tial "The Dragon Leg" Thang របស់​មី​យ៉ាន់​ម៉ា​សម្រាប់​ជំនួប​សំខាន់​។

​ដោយ​ត្រូវបាន​ចាត់ទុកជា​កីឡាករ​គុន​ចម្រុះ​មាន​ទេពកោសល្យ​បំផុត​ម្នាក់​របស់​កម្ពុជា សា​រ័ត្ន អន្ទះសារ​ក្នុងការ​បញ្ចេញ​ស្នៀត​ដែល​គេ​បាន​សម្ងំ​ហាត់​តាំងពី​បង្ហាញខ្លួន​នៅ ONE Championship លើកចុងក្រោយ​បង្អស់​ម​ក​។ សា​រ័ត្ន បាន​ទៅ​ហាត់​នៅ​ក្លិប  Yorky Mixed Martial Arts ក្នុង​ទីក្រុង​បាងកក រយៈពេល​១​ខែ​ចុង​ក្រោយនេះ​។​

​សា​រ័ត្ន បង្ហើប​ពី​ភាព​រីកចម្រើន​របស់ខ្លួន​ថា​៖ ខ្ញុំ​មាន​អារម្មណ៍​ថា​ប្លែក​ជាង​មុន​។ ក្បាច់​ប្រយុទ្ធ​និង​ការពារ​របស់ខ្ញុំ​ល្អ​ជាង​មុន​ហើយ​រហ័ស​ជាង​មុន​។ ខ្ញុំ​រួចរាល់​ហើយ​ដើម្បី​បញ្ចេញ​អ្វីដែល​ខ្ញុំ​មាន​។

​គូប្រកួត​របស់ សា​រ័ត្ន ជា​ជើងឯក​ចំបាប់ Chin State Wrestling Champion ៤​សម័យ​។ Thang នឹងមាន​ការគាំទ្រ​ពេញទំហឹង​ពី​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​នៅពេល​គេ​តតាំង​ជាមួយ សា​រ័ត្ន ក្នុងការ​ប្រកួត​ទម្ងន់​៦៨​គីឡូក្រាម​។

២៖ ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ONE Welterweight World Title

​ជើងឯក ONE Welterweight World Champion Zebaztian “The Bandit” Kadestam នឹង​ឡើង​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ទល់នឹង​កីឡាករ​ពូកែ​ចាប់​កាច់ Georgiy “Knight” Kichigin ក្នុងការ​ប្រកួត​គូ​ឯក​។

​នេះ​ជាការ​ឡើង​ការពារ​ខ្សែក្រវាត់​លើកដំបូង​របស់​ជើង​ខ្លាំង​ជនជាតិ​ស៊ុយអែត​។ ការប្រកួត​នេះ​នឹង​តានតឹង​សម្រាប់ Zebaztian ដោយហេតុថា​គូប្រកួត​របស់គេ​ជនជាតិ​កា​ហ្សា​ក់​ស្ថាន​មិនដែល​ចាញ់​ឡើយ​ក្នុងការ​ប្រកួត​លក្ខណៈ​អាជីព និង​បានឈ្នះ​១៤​ដង​ចុងក្រោយ​ជាប់ៗ​គ្នា​។​

៣៖ ជំនួប​ទម្ងន់ Heavyweight ដ៏​កក្រើក​

Alain “The Panther” Ngalani នឹង​ប្រឈមមុខ​ជាមួយ​អតីត​ជើងឯក Cage Warriors Heavyweight Champion Mauro "The Hammer" Cerilli​។

​កីឡាករ​ដើមកំណើត​កា​ម៉េ​រូ​ន Ngalani ឆ្លាក់​ទស្សនៈ​ក្នុង​ចិត្ត​ថាបើ​គេ​មិន​សន្លប់​គឺ​ខ្លួនឯង​សន្លប់​។  ក្នុង​អាជីព​គុន​ចម្រុះ Ngalani ធ្លាប់​ប្រកួត​ពេញ​គ្រប់ទឹក​តែមួយ​លើក​គត់​។

​ចំណែក​ជើង​ខ្លាំង​អ៊ីតាលី Cerilli បាន​ចូល​ប្រកួត​នៅ ONE Championship លើកដំបូង​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ទល់នឹង​កីឡាករ Brandon Vera និង​បាន​រង​បរាជ័យ​ដែល​ឈានដល់​ការបញ្ចប់​ជ័យជម្នះ​៥​ដង​ជាប់​គ្នា​របស់គេ​នៅពេលនោះ​។

​លើក​នេះ គេ​តាំងចិត្ត​ស្តារ​មុខមាត់​ឡើងវិញ​នៅក្នុង​ស្ថាប័ន​ក្បាច់គុន​ធំ​បំផុត​របស់​ពិភពលោក​នេះ​។

​សូមកុំ​ព្រិច​ភ្នែក​ឲ្យ​សោះ​ពេល​កំពូល​កីឡាករ​ទម្ងន់​ធ្ងន់​ពីរ​នាក់​នេះ​ឡើងដល់​លើស​ង្វៀន​!៕


Tag:
 រិ​ន សា​រ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com