ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​ញ៉ាំ​សល់ អ្នក​គួរ​ថែរក្សា​ទុក​បែបណា​ទើប​ល្អ​?
08, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ


​អាហារ​ដែល​ញ៉ាំ​នៅសល់​អាច​រក្សាទុក​បាន​បី​ទៅ​បួន​ថ្ងៃ​នៅក្នុង​ទូទឹកកក​។​
​អ្នក​ត្រូវ​ប្រាកដថា ពួកវា​ត្រូវបាន​បរិភោគ​នៅក្នុង​រយៈពេល​នេះ​។ ប្រសិនបើ​អ្នក​មិន​ប្រាកដថា អ្នកនឹង​អាច​បរិភោគ​អាហារ​ដែល​ញ៉ាំ​នៅសល់​ក្នុង​រយៈពេល​បួន​ថ្ងៃនេះ​ទេ សូម​បង្កក​វា​ទើប​ជាការ​ល្អ​។​

​ការពុល​អាហារ ត្រូវបាន​បង្កឡើង​ដោយ​មីក្រូ​សារពាង្គកាយ​គ្រោះថ្នាក់ ដូចជា​បាក់តេរី​ដែលមាន​នៅក្នុង​អាហារ​កខ្វក់​។ ដោយសារតែ​បាក់តេរី​ជាធម្មតា​មិន​ធ្វើ​ឲ្យ​ផ្លាស់ប្តូរ​រសជាតិ ក្លិន និង​ការមើល​ពី​ខាងក្រៅ​របស់​អាហារ អ្នក​មិនអាច​ដឹង​ទេ​ថា​តើ​អាហារ គឺ​គ្រោះថ្នាក់​ក្នុងការ​បរិភោគ​ដែរ ឬ​អត់​នោះ​។​

​ដូច្នេះ ប្រសិនបើ​អ្នក​ស្ថិតនៅក្នុង​ការសង្ស័យ​អំពី​សុវត្ថិភាព​អាហារ​ទាំងនោះ វា​ជា​ការល្អ​បំផុត គឺ​បោះ​វា​ចោល​តែម្តងទៅ​។ ជា​សំណាងល្អ​ករណី​ភាគច្រើន​នៃ​ការពុល​អាហារ​អាច​ត្រូវបាន​ការពារ​បាន​ដោយមាន​ការរៀបចំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​។​

​ដើម្បី​អនុវត្ត​សុវត្ថិភាព​ចំណីអាហារ​ដែល​ងាយ​ខូច​ដូចជា​សាច់មាន់ ត្រី ទឹកដោះគោ និង​ស៊ុត សូមកុំ​ទុក​វា​នៅ​ខាងក្រៅ​ច្រើនជាង​ពីរ​ម៉ោង ឬ​លើស​ពីមួយ​ម៉ោង​នៅ​សីតុណ្ហភាព​ច្រើនជាង ៣២ អង្សារ​សេ​។​

​អាហារ​ដែល​មិនត្រូវ​ការ​ការ​ចំអិន​ដូចជា​សាឡា​ត់​ត្រជាក់ ឬ​សាំង​វិច​ក៏​គួរតែ​បរិភោគ​ភ្លាម ឬ​ដាក់​ក្នុង​ទូទឹកកក​ឲ្យ​បាន​ឆាប់​។ គោលដៅ​របស់​អ្នក គឺ​កាត់បន្ថយ​ពេលវេលា​ដែល​អាហារ​ស្ថិតនៅក្នុង​តំបន់​គ្រោះថ្នាក់​ដែលមាន​ស៊ី​តុ​ណ្ហ​ភាព​ចន្លោះ​រវាង ៤ ទៅ ៦០ អង្សារ​សេ ដែល​បាក់តេរី​អាចបង្កើត​កូនចៅ​បាន​យ៉ាង​ឆាប់រហ័ស​។ នៅពេលដែល​អ្នកនឹង​បរិភោគ​អាហារ​ដែល​ញ៉ាំ​នៅសល់ សូម​កំដៅ​អាហារ​ទាំងនោះ​នៅលើ​ចង្ក្រាន ឬ​នៅក្នុង​មីក្រូ​វេ​វ​រហូតដល់​សី​តុ​ណ្ហា​ភាព ៧៤ អង្សារ​សេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com