សង្គមអន្តរជាតិ​
អន្តរជាតិ
Forbes៖ អាស៊ាន​មាន​មហាសេដ្ឋី​៣៧៦​នាក់ ភាគច្រើន​ថៃ សិង្ហ​បុរី និង​ឥណ្ឌូណេស៊ី​
16, Apr 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
​ទស្សនា​វ​ដ្តី Forbes កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី (Billionaires, The Richest People in the World សម្រាប់​ឆ្នាំ​២០១៩ ដែលមាន​ចំនួន​២១៥៣​នាក់​នៅលើ​ពិភពលោក​។ លោក Jeff Bezos និង​គ្រួសារ ឈរ​លំដាប់​លេខ​មួយ​ដោយ​នាំមុខ លោក Bill Gates និង​លោក Warren Buffet ខណៈ​គ្រួសារ Ambani នៅ​ឥណ្ឌា មាន​ជាងគេ​នៅ​អាស៊ី​។ ជាមួយគ្នានេះ ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ក៏មាន​មហាសេដ្ឋី​ចំនួន​៣៧៦​រូប​នៅក្នុង​បញ្ជី​របស់ Forbes ផងដែរ​។​

 
​ថៃ ជា​ប្រទេស​ដែលមាន​មហាសេដ្ឋី​ច្រើនជាងគេ​នៅ​តំបន់​អាស៊ាន ពោល​គឺមាន​រហូតដល់​ទៅ​៣១​នាក់ ជាមួយ​ទ្រព្យសម្បត្តិ​សរុប ៩៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ សិង្ហ​បុរី មាន​២២​នាក់ (​ទ្រព្យ​រួម ៧១,៣​ពាន់​លាន​ដុល្លារ​អាមេរិក​), ឥណ្ឌូណេស៊ី មាន​២១​នាក់ (​ទ្រព្យ​រួម​៧៨,៥​ពាន់​លាន​ដុល្លារ​អាមេរិក​), ហ្វីលីពីន​មាន​១៧​នាក់ (​ទ្រព្យ​រួម ៤៧,៧​ពាន់​លាន​ដុល្លារ​អាមេរិក​), ម៉ាឡេស៊ី មាន​១៣​នាក់ (​ទ្រព្យ​រួម ៦១,៦​ពាន់​លាន​ដុល្លារ​អាមេរិក​) និង​វៀតណាម​៥​នាក់ (​ទ្រព្យ​រួម ១៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក​)​។​
 
​ក្នុងចំណោម​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ទាំង​២១៥៣​នាក់​លើ​ពិភពលោក ទស្សនា​វ​ដ្តី Forbes បាន​បញ្ជាក់ថា ១៩៥​នាក់ ត្រូវដាក់​ចូលក្នុង​បញ្ជី​ជា​លើកដំបូង ដែល​ក្នុងនោះ មាន​៧​រូប​ពី​ហ្វីលីពីន ៤​រូប​ពី​ថៃ ២​រូប​ពី​សិង្ហ​បុរី ២​រូប​ពី​វៀតណាម និង​១​រូប​ពី​ឥណ្ឌូណេស៊ី​។​
 
​នៅ​ឥណ្ឌូណេស៊ី នាំមុខ​ដោយ​លោក R. Budi Hartono (​លេខ​៥៤​ពិភពលោក​) មហាសេដ្ឋី​ជំនួញ​ផ្នែក​ថ្នាំជក់ និង​ធនាគារ ដោយមាន​ទ្រព្យសម្បត្តិ ១៨,៦​ពាន់​លាន​ដុល្លារ​អាមេរិក រីឯ​លោក Michael Hartono (​លេខ​៥៦​ពិភពលោក​) ដែលជា​បងប្រុស មានទ្រព្យ ១៨,៨​ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​ភាគហ៊ុន​នៅ Bank Central Asia ផងដែរ​។​
 
​នៅ​ថៃ លោក Dhanin Chearavanont ប្រធាន​ក្រុមហ៊ុន​លក់​ចំណី​សត្វ Charoen Pokphand Group ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៧៥​លើ​ពិភពលោក ដោយមាន​ទ្រព្យសម្បត្តិ ១៥,២​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​Charoen Sirivadhanabhakdi (​លេខ​៨៧) កូន​ស្ថាបនិក​ក្រុមហ៊ុន Chang Beer មានទ្រព្យ ១៤,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក Aiyawatt Srivaddhanaphrabha និង​គ្រួសារ (​លេខ​២៩០) ដែល​បាន​ស្នង​មរតក​ពី​លោក Vichai Srivaddhanaprabha មានទ្រព្យ​៥,៩​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក Vichai ស្ថាបនិក​ក្រុមហ៊ុន King Power និង​ជា​ម្ចាស់​ក្លិប Leicester City បានទទួល​មរណភាព​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ កាលពី​ខែតុលា ឆ្នាំ​២០១៨​។​
 
​នៅ​សិង្ហ​បុរី អ្នកមាន​ជាងគេ​គឺ លោក Robert & Philip Ng (​លេខ​១១២), លោក Goh Cheng Liang (​លេខ​២០៣) និង​លោក Zhang Yong (​លេខ​២២៤)​។ នៅ​ម៉ាឡេស៊ី មាន​លោក Robert Kuok (​លេខ​១០៤) លោក Quek Leng Chan (​លេខ​១៤៩) និង​លោក The Hong Piow (​លេខ​២៣៣) ដែល​នាំមុខគេ​។​
 
​ហ្វីលីពីន​នាំមុខ​ដោយ លោក Manuel Villar (​លេខ​៣១៧) លោក John Gokongwei (​លេខ​៣៤៣) និង​លោក Enrique Razon (​លេខ​៣៧៩)​។ រីឯ​លោក Pham Nhat Vuong ជា​មហាសេដ្ឋី​លំដាប់​ទីមួយ​នៅ​វៀតណាម និង​មាន​ចំណាត់ថ្នាក់​លេខ​២៣៩​លើ​លោក ហើយ​អ្នក​បន្ទាប់​រួមមាន លោកស្រី Nguyen Thi Phuong Thao (​លេខ​១០០៨) និង​លោក Ho Hung Anh (​លេខ​១៣៤៩)៕
 

Tag:
 Forbes
  មហាសេដ្ឋី​
© រក្សាសិទ្ធិដោយ thmeythmey.com