ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នក​ចិត្តសាស្ត្រ​បាន​ញែក «​មិន​សប្បាយចិត្ត បាក់​ទឹកចិត្ត និង​ជំងឺ​បាក់​ទឹកចិត្ត​»
08, Mar 2019 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជំងឺ​បាក់​ទឹកចិត្ត​អាច​បណ្ដា​លពី​ការជួប​នូវ​ភាពបរាជ័យ​ច្រើន រង​ការ​ម៉ាក់​ងាយ បន្ទោស​បង្អាប់ ជាដើម​។ បុគ្គល​ដែលមាន​ការវិវឌ្ឍ​ឈានដល់​កើត​ជំងឺ​នេះ អាច​ស្ដែង​នូវ​អាការ​មួយចំនួន ចូលចិត្ត​នៅ​ស្ងៀមស្ងាត់ ស្រងូតស្រងាត់​លែង​សកម្ម​ដូច​មុន ការគិត​ច្រើន​ក្នុង​ផ្លូវ​អវិជ្ជមាន បន្ទោស​ខ្លួនឯង អស់សង្ឃឹម គេង​មិន​លក់ ទ្រុឌទ្រោម​ផ្នែក​រាងកាយ​ជាដើម​។ អ្នក​ដែល​ដឹងថា​ខ្លួន​កំពុងស្ថិត​ក្នុង​បញ្ហា​ផ្លូវចិត្ត គួរកត់សម្គាល់​ខ្លួនឯង និង​រក​ដំណោះស្រាយ ចៀសវាង​ការវិវឌ្ឍ​ដល់​ជំងឺ​បាក់​ទឹកចិត្ត​នេះ​។ អ្នក​កើត​ជំងឺ​នេះ គឺជា​អ្នក​មិនអាច​ទប់ទល់​នឹង​វិបត្តិ​ដែល​កើតឡើង​ចំពោះ​ខ្លួន រហូត​អ្នកខ្លះ​ជ្រើសរើស​ផ្លូវ​ធ្វើអត្តឃាត​ក៏មានដែរ​។​



​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហឿ សេ​ធុល អ្នកឯកទេស​ចិត្តសាស្ត្រ និង​ជានា​យក​ប្រឹក្សា​ជំងឺផ្លូវចិត្ត​នៃ​ក្រុមហ៊ុន KCPS វគ្គ​១ ដូចតទៅ​នេះ​៖




​លោក ហឿ សេ​ធុល ដែលជា​អ្នកឯកទេស​ចិត្តសាស្ត្រ បាន​ញែក​ជា​អារម្មណ៍​មិន​សប្បាយចិត្ត បាក់​ឬ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​បាក់​ទឹកចិត្ត​។ អារម្មណ៍​មិន​សប្បាយចិត្ត កើតឡើង​ជាធម្មតា​ក្នុង​ជីវិត​មនុស្ស កើតឡើង​ភ្លាមៗ និង​បាត់​ទៅវិញ​ភ្លាមៗ ឬ​រយៈពេល​ខ្លី​ណាមួយ ដែល​វា​ខុសពី​បញ្ហា​បាក់​ទឹកចិត្ត​។  តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ អ្នកជំនាញ​រូបនេះ​បាន​បែងចែក​បាក់​ទឹកចិត្ត និង​ជំងឺ​បាក់​ទឹកចិត្ត​។ បាក់​ទឹកចិត្ត ជា​ដំណាក់កាល​អាចឈាន​ដល់​ជំងឺ​បាក់​ទឹកចិត្ត​។ គេ​កើតទុក្ខ​ស្រងូតស្រងាត់ តែ​ស្ថិតក្នុង​សភាព​អាច​គ្រប់គ្រង​បាន ដូចជា​នៅ​អាចធ្វើ​ការ​បាន​ជាដើម​។ ចំពោះ​ជំងឺ​បាក់​ទឹកចិត្ត លោក ហឿ សេ​ធុល ពន្យល់​ដូច្នេះ​ថា​៖«​នៅពេល​អ្នកនោះ​វិវឌ្ឍន​ទៅជា​ជំងឺ​បាក់​ទឹកចិត្ត មានន័យថា​បុគ្គល​នោះ​ចាប់ផ្ដើម​ពិបាក​ក្នុងការ​គ្រប់គ្រង​ខ្លួនឯង ពិបាក​ប្រឈមមុខ​ខ្លួនឯង​ចំពោះ​សង្គម​ខាងក្រៅ ចាប់ផ្ដើម​បោះបង់​ការងារ​ចោល បោះបង់​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជុំវិញ​»៕


Tag:
 ហឿ សេ​ធុល​
  បាក់​ទឹកចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com