អន្តរជាតិ
ដាច់​ភ្លើង​ទ្រង់​ទ្រោ​យ​ធំ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា រដ្ឋាភិបាល​ទម្លាក់កំហុស​លើ​អ្នកប្រឆាំង​
08, Mar 2019 , 9:19 pm        
រូបភាព
ដោយ:
​ករណី​ដាច់​ភ្លើង​ទ្រង់​ទ្រោ​យ​ធំ វាយប្រហារ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ថ្ងៃទី​៧ ខែមីនា ដោយ​រដ្ឋ​យ៉ាងហោចណាស់​១៨​ក្នុងចំណោម​រដ្ឋ​សរុប​ទាំង​២៣​របស់ខ្លួន​ពុំមាន​អគ្គិសនី​ប្រើប្រាស់​។ ភ្លាមៗ​ក្រោយ​ហេតុការណ៍​នេះ រដ្ឋាភិបាល​បាន​ចោទប្រកាន់​ក្រុម​អ្នកប្រឆាំង​ថា​ជា​អ្នកបង្ក​រឿងនេះ​។



​ប្រជាជន​នៅក្នុង​រដ្ឋធានី​កា​រ៉ា​កាស់ ត្រូវ​បង្ខំចិត្ត​ដើរ​ដោយ​ថ្មើរជើង​រាប់​ម៉ោង​ពី​កន្លែងធ្វើការ​ទៅកាន់​លំនៅឋាន​របស់​ពួកគេ ក្រោយពី​សេវាកម្ម​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​ត្រូវបាន​ផ្អាក​ដោយសារ​គ្មាន​ថាមពល​អគ្គិសនី​។ អាកាសយានដ្ឋាន​អន្តរជាតិ​ត្រូវបាន​រាយការណ៍​ថា​ស្ថិតក្នុង​សភាព​ងងឹត​ផងដែរ​។

​វេ​ប​សាយ​ព័ត៌មាន​វ៉េ​ណេ​ស៊ុយ​អេ​ឡា El Pitazo បាន​ចុះផ្សាយ​ថា ការ​ដាច់​ចរន្តអគ្គិសនី​នេះ​គឺ​បណ្តាលមកពី​ការខូចខាត​នៃ​ទំនប់​វា​រី​អគ្គិសនី Simón Bolívar ដែល​ស្គាល់​ថា Guri ក្នុង​រដ្ឋ Bolívar ។ រដ្ឋមន្ត្រីក្រសួង​អគ្គិសនី​វ៉េ​ណេ​ស៊ុយ​អេ​ឡា Luis Motta Domínguez និយាយថា​៖«​ពួកគេ (​អ្នកប្រឆាំង​) បាន​បំផ្លាញ​ទំនប់​វា​រី​អគ្គិសនី​នៅ Guri ដែលជា​ឆ្អឹងខ្នង​នៃ​ប្រព័ន្ធ​អគ្គិសនី​របស់​ប្រទេស​។ ហើយ​នេះ​មិនមែនជា​ការវាយប្រហារ​លើ​រដ្ឋាភិបាល​ទេ ប៉ុន្តែ​វា​គឺជា​វាយប្រហារ​លើ​ប្រជាជន​តែម្តង​»​។​



​ក្នុង​សារ​ដាច់ដោយឡែក​មួយ​នៅលើ​បណ្តាញ​សង្គម Twitter ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បាន​ចោទប្រកាន់ «​ចក្រ​ព​ត្ដិ​និយម​សហរដ្ឋអាមេរិក​» ចំពោះ​បញ្ហា​នេះ និង​បាន​ប្តេជ្ញា​ថា​លោក​នឹង​កម្ទេច​អ្នក​ទាំងនោះ​ចោល​។ ទ​ន្ទឺ​ម​នឹង​គ្នា​នេះ ក្រុមហ៊ុន​ថាមពល​អគ្គិសនី​រដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា Corpoelec បាន​អះអាងថា ការ​ដាច់​ចរន្តអគ្គិសនី​នេះ​គឺជា​ផ្នែក​មួយ​នៃ​សង្គ្រាម​អគ្គិសនី​ប្រឆាំងនឹង​រដ្ឋ ហើយ​ខ្លួន​កំពុង​ដុតដៃដុតជើង​ដើម្បី​ស្តា​រការ​ផ្គត់​ផ្អង់​នេះ​ឡើងវិញ​។​

​ឲ្យ​ពិត​ទៅ ការ​ដាច់​ចរន្តអគ្គិសនី​កើតឡើង​ជារឿយៗ​ក្នុងប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ អ្នកជំនាញ​យល់ឃើញ អំពើពុករលួយ និង​ការគ្រប់គ្រង​លុយ​វិនិយោគ​មិន​ត្រឹមត្រូវ គឺជា​មូលហេតុ​ចម្បង​នៃ​រឿងនេះ​។ កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ​ខ្វះខាត​ទឹក​, អាហារ​ហូបចុក និង​ថ្នាំសង្កូវ ដែល​បណ្តាល​ឲ្យ​ប្រជាជន​រាប់លាន​នាក់​សម្រេចចិត្ត​ធ្វើ​ចំណាកស្រុក​ទៅកាន់​ប្រទេសជិតខាង​៕

Tag:
 វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com