អន្តរជាតិ
ប្រទេស​៦ ក្នុង​ពិភពលោក​ផ្តល់​សិទ្ធិ​ពេញលេញ​ឲ្យ​ស្ត្រី​ស្មើគ្នា​នឹង​បុរស
08, Mar 2019 , 9:59 pm        
រូបភាព
រូបភាព៖ CNN
រូបភាព៖ CNN
ដោយ:
​កាលពី​១០​ឆ្នាំ​កន្លងទៅ គ្មាន​ប្រទេស​ណាមួយ​ក្នុង​ពិភពលោក​ចាត់ទុក​ស្ត្រី​និង​បុរស​មាន​សិទ្ធិ​ស្មើគ្នា​ដែល​ស្ថិតក្រោម​ច្បាប់​ឡើយ​។ នេះ​បើ​យោងតាម​របាយការណ៍​ស្តី​ពីស​ន្ទ​ស្សន៍​សមភាព​យេ​ឌ័​រ​របស់​ធនាគារពិភពលោក​។ យ៉ាងណាមិញ បច្ចុប្បន្ននេះ គឺមាន​ប្រទេស​ចំនួន​៦​ដែល​សុទ្ធសឹង​ជា​រដ្ឋ​អឺរ៉ុប​ដែល​បានសម្រេច​ជោគជ័យ​ក្នុង​ការផ្តល់​សិទ្ធិ​ការងារ​ពេញលេញ​ឲ្យ​ស្ត្រី​ស្មើគ្នា​នឹង​បុរស​។



​របាយការណ៍​ធនាគារ​ពិភពលោក​ដែល​ចេញផ្សាយ​ចុងខែ​កុម្ភៈ បាន​វាយតម្លៃថា ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​នីមួយៗ ដែល​ជិះ​ឥទ្ធិពល​លើ​ស្ត្រី​នៅ​រាល់​ដំណាក់កាល​ក្នុង​ជីវិត​កា​ងារ​របស់​ពួកគេ​។ ក្នុងនោះ​គឺ​រាប់​ចាប់ពី ការដាក់​ពាក្យ​ធ្វើ​ការងារ​, ពេល​មានកូន​, ទទួលបាន​សោធន​និវត្តន៍ និង​ភាព​រីកចម្រើន​នៃ​សមភាព​យ៉េន​ដ័​រ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។

​ការសិក្សា បង្ហាញថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ភាគច្រើន​លើ​ពិភពលោក​ធ្វើដំណើរ​ឆ្ពោះទៅ​ក្បែរ​សមភាព​យេនឌ័រ​ដែល​ស្ថិតក្រោម​ច្បាប់​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មធ្យមភាគ​នៃ​ពិន្ទុ​ជាស​កល​កើនឡើង​ពី ៧០,០៦ ទៅ ៧៤,៧១ នាពេល​បច្ចុប្បន្ននេះ​។

​យោងតាម​ស​ន្ទ​ស្សន៍​ដដែល​នេះ បណ្តា​ប្រទេស​ចំនួន​៦​ដែល​បច្ចុប្បន្ន​មានច្បាប់​ការពារ​បុរស​និង​ស្ត្រី​ដោយ​ស្មើភាព​គ្នា រួមមាន បែលហ្ស៊ិក​, ដា​ណឺ​ម៉ាក​, បារាំង​, ឡេ​តូ​នី​, លុច​សំបួ និង​ស៊ុយអែត​។ 

​ការសិក្សា​ដែលមាន​ចំណងជើង «​ស្ត្រី​, ជំនួញ និង​ច្បាប់​ឆ្នាំ​២០១៩៖ មួយ​ទសវត្សរ៍​នៃ​ការធ្វើកំណែទម្រង់​» បាន​គណនា​ពិន្ទុ​របស់​ប្រទេស​នីមួយៗ ដោយ​ប្រើប្រាស់​សូចនាករ​ចំនួន ៣៥ ខុសៗ​គ្នា​។ ក្នុងនោះ​គឺ​ផ្តោត​សំខាន់​លើ ច្បាប់​ដែល​ជិះ​ឥទ្ធិពល​លើ​សមត្ថភាព​ស្ត្រី​ក្នុងការ​រស់នៅ និង​ប្រកបការងារ​ដោយ​សេរី​។ ចំណុច​ទិន្នន័យ​នីមួយៗ​ត្រូវ​បែងចែក​ទៅជា​ក្រុម​ចំនួន​៨ ដូចជា ការដើរ​ហើរ​, ចាប់ផ្តើម​ប្រកបការងារ​, ទទួល​ប្រាក់កម្រៃ​, រៀបការ​, មានកូន​, ធ្វើ​ជំនួញ​, ចាត់ចែង​ទ្រ​ព្ប​សម្បត្តិ និង​ទទួល​ប្រាក់​ចូលនិវត្តន៍​។​

​សូមបញ្ជា្ក​ក់ថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ តំបន់​ដែល​រីកចម្រើន​ខ្លាំងជាងគេ​បំផុត​លើ​មធ្យមភាគ​គឺ​អាស៊ី​ខាងត្បូង និង​តាម​ពីក្រោយ​ដោយ​អាស៊ី​បូព៌ា​, តំបន់​ប៉ាស៊ីហ្វិក និង​តំបន់​អាហ្វ្រិក​ភាគ​ខាងលើ​សាហា​រ៉ា​។ ចំណែកឯ តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​រីកចម្រើន​តិចតួច ដោយ​ទទួល​ពិន្ទុ​តំបន់​ជា​មធ្យម​ត្រឹម ៤៧,៣៧​ភាគរយ​ប៉ុណ្ណោះ​។ នេះ​មានន័យថា ស្ត្រី​ទទួលបាន​សិទ្ធិ​ស្របច្បាប់​ទាប​ជាង​បុរស​ដល់​ទៅ​ជាង​ពាក់កណ្តាល​ឯណោះ​។​

​ក្នុងចំណោម​ប្រទេស ដែល​ការសិក្សា​ខាងលើ​រកឃើញថា​មាន​ភាព​រីកចម្រើន​ខ្ពស់បំផុត​ក្នុង​លំដាប់​ពិន្ទុ​នោះ ភាគច្រើន​នៃ​ប្រទេស​នោះបាន​បង្កើត​ច្បាប់ ដែល​ការពារ​ប្រឆាំងនឹង​ការរំលោភបំពាន​ផ្លូវភេទ​, ការរើសអើង​ក្នុង​ទទួល​គុណសម្បត្តិ និង​រឹតត្បិត​លើ​ការងារ​ប្រភេទ​មួយចំនួន ជាពិសេស​ការងារ​វេន​យប់​ជាដើម​។ យ៉ាងណាមិញ ប្រទេស​ច្រើនជាង ៥៦​នៅ​ជុំវិញ​ពិភពលោក ពុំទាន់​អនុវត្ត​ច្បាប់​ណាមួយ​ដើម្បី​ពង្រឹង​សមភាព​យេនឌ័រ​នៅឡើយ​ទេ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងទៅនេះ​។

​យោងតាម​អ្នកនិពន្ធ​នៃ​ការសិក្សា​របស់​ធនាគារ​ពិភពលោក ប្រទេស​ទាំងនេះ​កំពុង​បាត់បង់​ឱកាស​សេដ្ឋកិច្ច​ដ៏​ធំ​សម្បើម​មួយ ដ្បិត​ទិន្នន័យ​បង្ហាញថា នៅពេល​ប្រទេស​អនុម័ត​ច្បាប់​ដែល​ផ្តល់​សិទ្ធិ​ការពារ​ស្មើគ្នា​ពេញលេញ​រវាង​ស្ត្រី​និង​បុរស​នោះ ស្ត្រី​ជាច្រើន​នឹងចូលរួម​ក្នុង​កម្លាំង​ការងារ​៕


Tag:
 ​ស្ត្រី​
 ​សិទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com