កីឡាជាតិ
ជាតិ
លោក Felix ប្រាប់​ពី​មូលហេតុ​ជ្រើសរើស U22 ប្រកួត​ជាមួយ​ជម្រើសជាតិ​បង់​ក្លា​ដែ​ស​
08, Mar 2019 , 10:19 pm        
រូបភាព
លោក Felix Dalmas និយាយក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃ៨ ខែមីនា ឆ្នាំ២០១៩, រូបភាពពី FFC
លោក Felix Dalmas និយាយក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃ៨ ខែមីនា ឆ្នាំ២០១៩, រូបភាពពី FFC
ដោយ:
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix Dalmas បាន​បង្កើត​ភាព​ងឿងឆ្ងល់​ដល់​អ្នកគាំទ្រ​កីឡាបាល់ទាត់​កម្ពុជា តាមរយៈ​ការជ្រើសរើស​ក្រុមយុវជន​អាយុ​ក្រោម​២២​ឆ្នាំ ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស​។ សម្រាប់ លោក Felix ការជ្រើសរើស​នេះ គឺ​ដើម្បី​ធ្វើតេស្ត​សមត្ថភាព និង​ផ្តល់​បទពិសោធ​ដល់​យុវជន សម្រាប់​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ AFC U23 Championship ក្នុង​ពូ​ល H ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។​



​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែល នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ការប្រកួត​នេះដែរ លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានសម្រេច​ជ្រើសរើស​តែ​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​តែប៉ុណ្ណោះ​។ ការណ៍​នេះ​បង្ក​ឲ្យ​មហាជន ពិសេស​អ្នកគាំទ្រ​កីឡា​បាល់​មួយចំនួន​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង ហើយ​ក៏មាន​អ្នកខ្លះ​រិះគន់​ចំពោះ​ការជ្រើសរើស​នេះ​ផងដែរ​។

​ពាក់ព័ន្ធ​បញ្ហា​នេះ​គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​ខាងលើ​បាន​បកស្រាយ​ថា នេះ​ជាការ​សម្រេច​រួមគ្នា​រវាង លោក និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុង​គោលបំណង​ចង់​ឲ្យ​យុវជន​ទទួលបាន​បទពិសោធ​ថ្មីៗ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ ម្យ៉ាងទៀត លោក​ចង់​ធ្វើតេស្ត ក៏ដូចជា​ពង្រឹង​បច្ចេកទេស​ក្រុមយុវជន សម្រាប់​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U23 Championship ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្តះ​ពូ​ល H ចន្លោះ​ពីថ្ងៃ​ទី​២៤-២៦ ខែមីនា ឆ្នាំ​២០១៩​។ សម្រាប់​ការប្រកួត​នេះដែរ កម្ពុជា​ស្ថិតនៅ​ជាមួយ​អូស្ត្រាលី កូរ៉េខាងត្បូង និង​ឆាយ​នី​ស​តៃប៉ិ​។



«​យើង​ក្រឡេក​ទៅ​មើល​ការប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​ជម្រើសជាតិ​វៀតណាម​ក្នុង​ពានរង្វាន់ AFF Suzuki Cup កាលពីពេល​កន្លងទៅ ខ្ញុំ​បានជ្រើសរើស​យុវជន​ជាច្រើន​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​។ ដូច្នេះ​ការជ្រើសរើស​លើក​នេះ គឺ​ខ្ញុំ​ចង់​ផ្តល់​បទពិសោធ​ដល់​យុវជន ព្រោះ​ខ្ញុំ​គិតថា កីឡាករ​អាច​រីកចម្រើន​បាន គឺ​ត្រូវ​ផ្តល់ឱកាស​ឲ្យ​ពួកគេ​។ ខ្ញុំ​ជឿជាក់​លើ​ពួកគេ ហើយ​ខ្ញុំ​សង្ឃឹមថា ពួកគេ​នឹង​អាច​ស្វែងរក​ផ្លូវ​មួយ​ដ៏​ល្អ​ក្នុងការ​ពង្រឹងសមត្ថភាព​»​។ ការលើកឡើង​បែបនេះ​របស់លោក Felix Dalmas ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩​នេះ នា​សណ្ឋាគារ​ភ្នំពេញ​។​

​គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមថា​៖«​កីឡាករ​មុនៗ​មាន​គុណភាព​ប្រយុទ្ធ​ល្អ ដោយសារ​ពួកគេ​មាន​បទពិសោធ​ច្រើន​។ កត្តា​នេះហើយ​យើង​ត្រូវ​ទាមទារ​ផ្តល់ឱកាស​ឲ្យ​យុវជន​ដូចគ្នា ដើម្បី​ពួកគេ​ទទួលបាន​បទពិសោធ​ថ្មីៗ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព និង​ធ្វើ​បានល្អ​នៅ​ថ្ងៃ​អនាគត​។ បើ​និយាយ​ពី​រឿង​កោះហៅ​កីឡាករ​ដូចជា ចាន់ វឌ្ឍនាកា យើង​មានការ​លំបាក ដោយសារ​អំឡុង​ប្រកួត​មិនមែនជា​ថ្ងៃ FIFA Day»​។



​ទោះបី​ក្រុម​ជម្រើសជាតិ​កម្ពុជា​សម្បូរ​ដោយ​យុវជន​ក្តី លោក Felix នៅតែ​រំពឹងថា កូនក្រុម​លោក​នឹងធ្វើ​បានល្អ ដោយ​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកបំណង​នោះឡើយ សម្រាប់​ជំនួប​ដ៏​តានតឹង​ជាមួយ​បង់​ក្លា​ដែ​ស​នេះ​។ ហើយ លោក​រំពឹងថា អ្នកគាំទ្រ​នឹង​នាំគ្នា​ទៅ​គាំទ្រ​យ៉ាង​កុះករ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​លើកទឹកចិត្ត​ក្រុម​ជម្រើសជាតិ​កម្ពុជា​៕ 

Tag:
 ​បាល់ទាត់​
  Felix Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com